បេសកកម្មស.រ.អាប្រចាំអង្គការអូតង់បាននិយាយថា ពួកគេបានបញ្ជូនកងយន្តហោះប្រតិកម្មប្រយុទ្ធធុន F-16ទៅកាន់វាលយន្តហោះមួយក្នុងប្រទេសតួកគី នៅពេលដែលការវាយប្រហារតាមអាកាសដោយក្រុមចម្រុះកំពុងមានធ្វើតទៅទៀតប្រឆាំងនឹងក្រុមជនសកម្មប្រយុទ្ធរដ្ឋឥស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី។
រដ្ឋាភិបាលក្រុងអង់ការ៉ាបានបើកមូលដ្ឋានកងទ័ពអាកាស Incirlik សម្រាប់កិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋឥស្លាមកាលពីខែមុន នៅពេលជាមួយគ្នាដែលខ្លួនចាប់ផ្តើមធ្វើការវាយប្រហារតាមអាកាសដោយខ្លួនឯងផ្ទាល់ប្រឆាំងនឹងពួករដ្ឋឥស្លាម និងក្រុមទាមទារបំបែករដ្ឋ Kurde PKK។
យន្តហោះធុន F-16 ចំនួន៦គ្រឿងបានត្រូវបញ្ជូនពីមូលដ្ឋានកងទ័ពអាកាសAviano ក្នុងប្រទេសអ៊ីតាលីជាមួយក្រុមបុគ្គលិក៣០០នាក់ នេះបើតាមសេចក្តីថ្លែងការណ៍មួយពី Incirlik។
ការវាយលុកតាមអាកាសប្រចាំថ្ងៃប្រឆាំងនឹងពួករដ្ឋឥស្លាមបានធ្វើបន្តកាលពីយប់មិញ ដោយកងកម្លាំងដឹកនាំដោយស.រ.អាបានធ្វើការវាយប្រហារតាមអាកាស១៦លើកនៅក្នុងប្រទេសអ៊ីរ៉ាក់ និង៧លើកនៅក្នុងប្រទេសស៊ីរី។
កាលពីសប្តាហ៍មុន ក្រសួងការពារជាតិស.រ.អាបាននិយាយថា កងកម្លាំងស.រ.អានៅក្នុងប្រទេសតួកគីបានធ្វើការវាយប្រហារលើកទីមួយប្រឆាំងនឹងពួកយុទ្ធជនរដ្ឋឥស្លាមនៅក្នុងប្រទេសស៊ីរី។ ក្រុមមន្ត្រីយោធាស.រ.អាបាននិយាយថាការវាយប្រហារលើកទីមួយឆ្លងកាត់ព្រំដែនពីប្រទេសតួកគីបានត្រូវធ្វើឡើងដោយយន្តហោះគ្មានមនុស្សបើកមួយគ្រឿងកាលពីថ្ងៃពុធ៕