ប្រទេសតួកគីកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញបានអំពាវនាវដល់សហរដ្ឋអាមេរិកឱ្យលក់យន្តហោះប្រយុទ្ធ ប្រភេទ F-16 របស់ខ្លួនដល់តួកគី ដែលការលក់នេះ ត្រូវបានមន្ត្រីអាមេរិកមួយចំនួនសង្ឃឹមថា នឹងអាចជួយលួងលោមដល់តួកគីផងដែរក្នុងការលុបចោលនូវការជំទាស់របស់ខ្លួនដល់ការពង្រីកអង្គការអូតង់។ ប៉ុន្តែការណ៍នេះត្រូវបានជំទាស់យ៉ាងខ្លាំងពីសមាជិកព្រឹទ្ធសភាអាមេរិកដ៏សំខាន់មួយរូប។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken រដ្ឋមន្ត្រីការបរទេសតួកគីលោក Mevlut Cavusoglu បាននិយាយថា លោកមានបំណងនឹងពិភាក្សាពីសំណើរបស់ប្រទេសលោកក្នុងការស្នើទិញប្រភេទយន្តហោះប្រយុទ្ធជំនាន់ថ្មី F-16 ដ៏ទំនើបរបស់សហរដ្ឋអាមេរិក។
លោកថ្លែងដូចនេះថា «ដូចយើងធ្លាប់បាននិយាយជាមួយគ្នាក្នុងពេលកន្លងទៅ រឿងការទិញយន្តហោះប្រយុទ្ធរបស់អាមេរិកនេះ គឺមិនមែនសំខាន់សម្រាប់តែប្រទេសតួកគីប៉ុណ្ណោះទេ ប៉ុន្តែវាក៏វាសំខាន់ផងដែរដល់អង្គការអូតង់ និងសហរដ្ឋអាមេរិកខ្លួនឯងដែរ។ ដូចនេះ យើងសង្ឃឹមថា ការយល់ព្រមលើការស្នើសុំទិញនេះ នឹងដើរស្របគ្នាជាមួយនឹងផលប្រយោជន៍យុទ្ធសាស្ត្ររួមរបស់យើងទាំងអស់គ្នា»។
សហរដ្ឋអាមេរិកកំពុងរៀបចំតំណាក់កាលចុងក្រោយនៃកញ្ចប់លក់មួយរបស់ខ្លួន ដែលមានទឹកប្រាក់ប្រមាណ២០ពាន់លានដុល្លារអាមេរិកទៅឱ្យប្រទេសតួកគីដែលគេរំពឹងថានឹងរួមមានយន្តហោះចម្បាំងប្រយុទ្ធ F-16 សេរីថ្មីចំនួន៤០គ្រឿងផងដែរ។
សហរដ្ឋអាមេរិកបានរកវិធីជាច្រើន ក្នុងការបញ្ចុះបញ្ជូលប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan ដើម្បីឱ្យលុបចោលនូវការជំទាស់របស់តួកគី ក្នុងការមិនព្រមឱ្យប្រទេសស៊ុយអ៊ែត និងប្រទេសហ្វាំងឡង់ ចូលជាសមាជិករបស់អង់ការអូតង់នោះ។
ប្រទេសជាសមាជិករបស់អង្គការអូតង់ទាំងអស់ត្រូវតែយល់ព្រម ក្នុងការចួលជាសមាជិកថ្មីរបស់ប្រទេសណាមួយ។ ប៉ុន្តែតួកគីដែលជាសមាជិកមួយរបស់អង្គការអូតង់នេះ បានជំរុញដល់ប្រទេសស៊ុយអ៊ែត និងហ្វាំងឡង់ ត្រូវតែបង្ក្រាបទៅលើក្រុមសកម្មប្រយុទ្ធឃឺតជាមុនសិន ដែលក្រុមនេះបានផ្លាស់ចូលទៅក្នុងប្រទេសទាំងពីរនេះ៕