រដ្ឋាភិបាលតួកគីបានបញ្ជាក់ថា ខ្លួននឹងបន្តប្រតិបត្តិការយោធារបស់ខ្លួនប្រឆាំងនឹងក្រុម YPG ដែលជាកងជីវពលឃឺដ (Kurd) គាំទ្រដោយសហរដ្ឋអាមេរិកនៅប្រទេសស៊ីរី បន្ទាប់ពីខ្លួនបានរិះគន់លើកងកម្លាំងផ្ដាច់ខ្លួនឃឺដនេះថាបានបំផ្ទុះគ្រាប់បែកកាលពីពេលថ្មីៗនេះនៅក្នុងទីក្រុង Istanbul នៃប្រទេសតួកគី។
អន្តរជាតិដែលក្នុងនោះរួមទាំងប្រទេសរុស្ស៊ីផងដែរបានដាក់សម្ពាធកាន់តែច្រើនឡើងលើរដ្ឋាភិបាលតួកគីឱ្យរក្សាការអត់ធ្មត់។ ប៉ុន្តែ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានព្រមានកាលពីថ្ងៃទី ២២ ខែវិច្ឆិកាថា ប្រតិបត្តិការតាមផ្លូវគោកនៅក្នុងការប្រឆាំងនឹងកងជីវពលឃឺដនៅក្នុងប្រទេសស៊ីរីអាចនឹងធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះ។
លោក Erdogan បញ្ជាក់ដូច្នេះថា៖ «យើងបានវាយសង្គ្រប់លើពួកភេរវករអស់រយៈពេលពីរបីថ្ងៃមកហើយដោយប្រើយន្តហោះ កាំភ្លើងធំ និងកាំភ្លើងរបស់យើង។ ប្រសិនបើព្រះជួយយើង យើងនឹងកម្ចាត់ពួកគេឱ្យអស់ឱ្យបានកាន់តែឆាប់តាមដែលអាចធ្វើបានដោយប្រើរថក្រោះនិងទាហានរបស់យើង»។
រដ្ឋាភិបាលតួកគីអះអាងថា ក្រុមជីវពល YPG បានសម្របសម្រួលឱ្យមានការបំផ្ទុះគ្រាប់បែកដ៏ប្រល័យនៅក្នុងទីក្រុង Istanbul កាលពីពេលថ្មីៗនេះ ប៉ុន្តែក្រុមនេះបានច្រានចោលការចោទប្រកាន់នេះ។
រដ្ឋមន្ត្រីការពារជាតិតួកគីលោក Hulusi Akar បានព្រមានកាលពីថ្ងៃទី ២១ ខែវិច្ឆិកាថា តួកគីនឹងមិនបន្ធូរដៃនៅក្នុងការវាយប្រហារនោះទេ។
លោក Akar បាននិយាយថា តួកគីនឹងធ្វើឱ្យក្រុមនេះទទួលរងនូវផលវិបាកចំពោះឧក្រិដ្ឋកម្មទាំងអស់ដែលក្រុមនេះបានប្រព្រឹត្តិនៅពេលនេះនិងកាលពីពេលមុន ដោយលោកបានបញ្ជាក់ដូច្នេះថា «ពួកគេនឹងទទួលរងនូវផលវិបាកចំពោះទង្វើទាំងនេះ»។
លោក Akar បានលើកឡើងថា ជនសកម្មប្រយុទ្ធ ១៨៤ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារជាបន្តរបស់តួកគី។
កាលពីថ្ងៃទី ២១ ខែវិច្ឆិកា ភាពតានតឹងបានកើនឡើងកាន់តែខ្លាំងបន្ថែមទៀត ដោយរដ្ឋាភិបាលតួកគីបានអះអាងថា ជនស៊ីវិល ៣ នាក់ក្នុងប្រទេសតួកគីត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយរ៉ុក្កែតឆ្លងព្រំដែនរបស់ក្រុមសកម្មប្រយុទ្ធឃឺដនៃប្រទេសស៊ីរី។
លោក Erdogan បាននិយាយកាលពីថ្ងៃទី ២១ ខែវិច្ឆិកាថា ការវាយប្រហារតាមផ្លូវគោកចូលប្រទេសស៊ីរីគឺនឹងអាចធ្វើឡើង។
អ្នកស្រី Asli Aydintasbas អ្នកស្រាវជ្រាវនៃវិទ្យាស្ថាន Brookings ក្នុងរដ្ឋធានីវ៉ាស៊ីតតោន សហរដ្ឋអាមេរិក បាននិយាយថា ការបង្ហាញឡើងទាំងនេះគឺជាអ្វីដែលគេបានរំពឹងទុកជាមុន ខណៈការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនៅក្នុងប្រទេសតួកគីនឹងចូលមកដល់នៅខែមិថុនាឆ្នាំក្រោយ។
អ្នកស្រីថ្លែងដូច្នេះថា៖ «វាមិនមែនជារឿងចម្លែកនោះទេដែលយើងឃើញមានប្រតិបត្តិការឆ្លងព្រំដែនដូចនេះនៅក្នុងរដូវកាលបោះឆ្នោត។ ប៉ុន្តែ ប្រទេសតួកគីក៏ចង់ធ្វើប្រតិបត្តិការដូចនេះយូរមកហើយ ហើយខ្ញុំគិតថា រដូវកាលនៃការបោះឆ្នោតនេះគឺជាពេលវេលាអំណោយផលសម្រាប់រដ្ឋាភិបាលតួកគី ហើយតួកគីនៅពេលនេះក៏គិតថាខ្លួនកំពុងមានប្រៀបផងដែរ»។
សហរដ្ឋអាមេរិកបានព្រមានតួកគីមិនឱ្យធ្វើប្រតិបត្តិការឆ្លងព្រំដែនណាមួយ។ សហរដ្ឋអាមេរិកគឺជាអ្នកគាំទ្រក្រុមជីវពល YPG នៅក្នុងការប្រយុទ្ធរបស់ក្រុមនេះប្រឆាំងនឹងក្រុមជ្រុលនិយមរដ្ឋឥស្លាម។
ទោះជាយ៉ាងនេះក្ដី រដ្ឋមន្ត្រីការពារជាតិតួកគីលោក Akar បានច្រានចោលក្ដីកង្វល់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនេះ និងបានអំពាវនាវឱ្យមានការបញ្ចប់ការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះក្រុម YPG ដោយបាននិយាយថា ក្រុមនេះមានការពាក់ព័ន្ធជាមួយនឹងក្រុម PKK ដែលកំពុងប្រយុទ្ធជាមួយនឹងរដ្ឋាភិបាលតួកគីដើម្បីសិទ្ធិប្រសើរជាងមុនរបស់ក្រុមនេះ។
លោក Aydin Selcen អតីតមន្ត្រីការទូតជាន់ខ្ពស់របស់ប្រទេសតួកគី ដែលធ្លាប់បម្រើកិច្ចការទូតនៅក្នុងតំបន់ និងដែលឥឡូវនេះគឺជាអ្នកវិភាគកិច្ចការតំបន់នៃវេបសាយព័ត៌មាន Medyascope បាននិយាយថា៖ «ម្ដងហើយម្ដងទៀត រដ្ឋាភិបាលតួកគី លោក Erdogan និងតួអង្គផ្សេងទៀតដូចជាលោករដ្ឋមន្ត្រីការពារជាតិ Akar ជាដើម បានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសតួកគីមិនសប្បាយចិត្តជាមួយនឹងការផ្គត់ផ្គង់និងការបណ្ដុះបណ្ដាលរបស់សហរដ្ឋអាមេរិកចំពោះក្រុម YPG នោះទេ។ ក្រុម YPG នេះគឺជាក្រុមដែលពង្រីកចេញពីក្រុម PKK នៅក្នុងប្រទេសស៊ីរី ហើយរដ្ឋាភិបាលតួកគីចាត់ទុករឿងនេះថាជាបញ្ហាចម្បង»។
ប៉ុន្តែនៅក្នុងការយល់ស្របដ៏កម្រមួយជាមួយនឹងរដ្ឋាភិបាលសហរដ្ឋអាមេរិក អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ីលោក Dimitry Peskov បានអំពាវនាវកាលពីថ្ងៃទី ២២ ខែវិច្ឆិកាឱ្យប្រទេសតួកគីរក្សាការអត់ធ្មត់។
ក្រុមជីវពលដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរីក៏បានព្រមានរដ្ឋាភិបាលតួកគីផងដែរមិនឱ្យធ្វើប្រតិបត្តិការយោធាណាមួយចូលក្នុងប្រទេសស៊ីរី។
ដោយសារតែកងទ័ពតួកគីបានគ្រប់គ្រងរួចហើយនូវផ្នែកភាគច្រើននៃតំបន់ភាគខាងជើងប្រទេសស៊ីរីនៅក្នុងប្រតិបត្តិការកាលពីលើកមុនៗរបស់ខ្លួនប្រឆាំងនឹងកងជីវពលឃឺដក្នុងប្រទេសស៊ីរី អ្នកវិភាគនានាបាននិយាយថា រដ្ឋាភិបាលអ៊ីរ៉ង់មានក្ដីបារម្ភរឿងឥទ្ធិពលកើនឡើងរបស់តួកគីនៅក្នុងប្រទេសស៊ីរី។
ប៉ុន្តែ លោក Ilhan Uzgel ដែលជាអ្នកវិភាគជនជាតិតួកគីនៃវេបសាយព័ត៌មាន Kisa Dalga បាននិយាយថា លោក Erdogan អាចមើលឃើញភាពតានតឹងបច្ចុប្បន្នថាជាឱកាសមួយក្នុងការចរចាដើម្បីផលចំណេញ។
លោក Uzgel ថ្លែងដូច្នេះថា៖ «លោក [Erdogan] ព្យាយាមប្រើរឿងនេះជាឥទ្ធិពលមានប្រៀបសម្រាប់ការចរចាដើម្បីទទួលបានអ្វីមួយពីក្រុមបស្ចិមប្រទេស។ ខ្ញុំចង់និយាយថា វាអាចជាការទិញយន្តហោះចម្បាំងប្រភេទ F-16 ពីសហរដ្ឋអាមេរិកជាដើម។ លោកដឹងអំពីរបៀបនៃការចរចា។ លោកដឹងថាលោកអាចជំរុញរឿងនេះទៅមុខបានកម្រិតណា»។
ការទិញរបស់ប្រទេសតួកគីនូវយន្តហោះចម្បាំងប្រភេទ F-16 បានជាប់គាំងនៅក្នុងសភាសហរដ្ឋអាមេរិក។
មិនថាតួកគីមានគោលបំណងយ៉ាងណានោះទេ អ្នកវិភាគនានាទស្សន៍ទាយថារដ្ឋាភិបាលតួកគីទំនងជារក្សាភាពតានតឹងនេះនិងវោហារសាស្ត្ររបស់ខ្លួនឱ្យនៅខ្ពស់ដដែល នៅពេលដែលខ្លួនមានបំណងធ្វើឲ្យសត្រូវនិងសម្ព័ន្ធមិត្តរបស់ខ្លួនឆ្ងល់អំពីគោលបំណងពិតប្រាកដរបស់ខ្លួន៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា
ទីក្រុង Istanbul ប្រទេសតួកគី —