ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy គ្រោងនឹងជួបប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នៅថ្ងៃសុក្រនេះ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយទាក់ទងនឹងធនធានរ៉ែរបស់អ៊ុយក្រែនជាថ្នូរនឹងការទទួលបានការគាំទ្ររបស់អាមេរិកក្នុងការប្រយុទ្ធនឹងការឈ្លានពានរបស់រុស្ស៊ី។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
កិច្ចព្រមព្រៀងរ៉ែដែលត្រូវបានចរចាក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ នឹងបើកលទ្ធភាពដល់អាមេរិកអាចទទួលធនធានរ៉ែរបស់អ៊ុយក្រែន ប៉ុន្តែមិនផ្តល់ត្រឡប់មកវិញនូវការធានាខាងសន្តិសុខរបស់អាមេរិកដល់អ៊ុយក្រែនទេ ដែលនេះជាការខកចិត្តមួយសម្រាប់អ៊ុយក្រែន។
កិច្ចព្រមព្រៀងនេះផ្តល់សិទ្ធិឱ្យក្រុងវាស៊ីនតោនអាចយកមកវិញនូវថវិការាប់ពាន់លានដុល្លារជាថ្លៃចំណាយលើគ្រឿងសព្វាវុធដែលអាមេរិកបានផ្តល់ដល់អ៊ុយក្រែន តាមរយៈការបង្កើតមូលនិធិវិនិយោគមួយដែលភ្ជាប់នឹងការលក់ធនធានរ៉ែ rare earth ឬប្រែថាដីកម្ររបស់អ៊ុយក្រែន។
របាយការណ៍មួយរបស់មជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រនិងកិច្ចការអន្តរជាតិ CSIS បានរកឃើញថា ប្រមាណ២ភាគ៣នៃថវិកាដែលត្រូវបានសភាអាមេរិកបម្រុងទុកសម្រាប់អ៊ុយក្រែន ត្រូវបានចាយវាយនៅក្នុងប្រទេសអាមេរិក។ អ៊ុយក្រែនសង្ឃឹមថាកិច្ចព្រមព្រៀងនេះជំរុញការគាំទ្ររបស់លោក Trump ចំពោះកិច្ចប្រឹងប្រែងក្រុងកៀវក្នុងការដណ្តើមកាន់កាប់មកវិញនូវដែនដីខ្លួនដែលរុស្ស៊ីបានវាយយក។ កិច្ចព្រមព្រៀងថ្មីនេះក៏អាចជំរុញឱ្យសមាជិកសភាអាមេរិកពីគណបក្សសាធារណរដ្ឋអាចគាំទ្រដល់ជំនួយថ្មីទៀតដល់ប្រទេសដែលហែកហួរដោយសង្គ្រាមមួយនេះ។
លោក Trump បានកត់សម្គាល់ថាលោកលោក រីករាយនឹងជួបលោក Zelensky ហើយបានសរសើរយោធាអ៊ុយក្រែនថាមានភាពក្លាហាន៕
វេទិកាបញ្ចេញមតិ