លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និយាយថា ពិភពលោកត្រូវឈប់«ធ្វើត្រឹមត្រូវខាងនយោបាយ» នៅក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។ លោកក៏បានយកការវាយប្រហារដ៏ប្រល័យនៅទីក្រុងឡុងដ៍ មកអំពាវនាវជាថ្មីឡើងវិញដល់តុលាការឲ្យផ្តល់សមត្ថកិច្ចដល់បទបញ្ជាប្រតិបត្តិរបស់លោក ដែលហាមឃាត់មិនឲ្យប្រជាពលរដ្ឋមកពីបណ្តាប្រទេសកាន់សាសនាឥស្លាមភាគច្រើនទាំង៦ចូលមកក្នុងទឹកដីសហរដ្ឋអាមេរិកបាន។
នៅក្នុងប្រអប់បញ្ចេញមតិមួយចំនួនលើបណ្តាញសង្គម Twitter មេដឹកនាំអាមេរិករូបនេះបានប្តេជ្ញាគាំទ្រអង់គ្លេស និងបានរិះគន់អភិបាលក្រុងឡុងដ៍ ក៏ដូចជាបង្ហាញជំហររឹងមាំក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មផងដែរ។
លោក ត្រាំ បានមានប្រសាសន៍កាលពីថ្ងៃអាទិត្យថា៖ «យើងត្រូវតែឈប់ត្រឹមត្រូវខាងនយោបាយនិងត្រូវយកចិត្តទុកដាក់អំពីសន្តិសុខនៃប្រជាជនរបស់យើង។ ប្រសិនបើយើងមិនឆ្លាតជាងមុនទេ ស្ថានភាពនឹងកាន់តែអាក្រក់ជាងមុន»។
លោក ត្រាំ ក៏បានរិះគន់អភិបាលក្រុងឡុងដ៍ គឺលោក Sadiq Khan ដែលត្រូវបានគេបោះឆ្នោតជ្រើសរើសកាលពីឆ្នាំមុន ហើយក៏ជាអភិបាលក្រុងកាន់សាសនាឥស្លាមទីមួយដែលដឹកនាំរដ្ឋធានីនៃបស្ចិមប្រទេសដ៏សំខាន់មួយនេះ។
លោក ត្រាំ បានបង្ហោះសារថា៖ «មនុស្សយ៉ាងហោចណាស់៧នាក់ស្លាប់និង៤៨នាក់រងរបួសនៅក្នុងការវាយប្រហារភេរវកម្ម ហើយអភិបាលក្រុងនេះនិយាយថា មិនមានហេតុផលអ្វីដែលត្រូវភិតភ័យនោះទេ»៕