លោកប្រធានាធិបតី ដូណាល់ ត្រាំ បានដកស.រ.អា.ចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក TPP ដែលមានសមាជិក១២ប្រទេស កាលពីថ្ងៃចន្ទ ខណៈដែលលោកចាប់ផ្តើមសប្តាហ៍ទីមួយរបស់លោកនៅសេតវិមាន។
លោក ត្រាំ បានហៅការលប់ចោលនេះជារឿងល្អមួយសម្រាប់កម្លាំងការងារអាមេរិក។ ដូចប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋពីមុនៗមកបានធ្វើដែរ លោកប្រធានាធិបតីថ្មី ថែមទាំងបានចុះហត្ថលេខាលើបទបញ្ជាមួយ ដាក់ឲ្យមានបម្រាមឡើងវិញចំពោះការផ្តល់មូលនិធិរដ្ឋាភិបាលដល់អង្គការអន្តរជាតិទាំងឡាយដែលផ្តល់សេវាពន្លូតទារក ឬផ្តល់ព័ត៌មានអំពីការពន្លូតទារក។
លើសពីនេះទៅទៀត លោក ត្រាំ ដែលបានធ្វើតាមការសន្យានៅពេលឃោសនារកសម្លេងឆ្នោតនោះ បានបញ្ឈប់ការជួលបុគ្គលិកថ្មីសម្រាប់ទីភ្នាក់ងាររដ្ឋាភិបាលសហព័ន្ធជាច្រើន ដើម្បីកាត់បន្ថយការចាយវាយរបស់រដ្ឋាភិបាល និងដើម្បីទប់ទល់នឹងការរីកធំឡើងរបស់រដ្ឋាភិបាលសហព័ន្ធ។
កិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលហៅកាត់ថា TPP នោះត្រូវបានចចារតាំងពីឆ្នាំ២០០៩ ក្នុងអណត្តិរបស់លោកអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា ប៉ុន្តែសភាស.រ.អា. មិនបានផ្តល់សច្ចានុមត្តិទេដោយសារសមាជិកសភាជាច្រើនជំទាស់ ឬ មានមន្ទិលសង្ស័យលើកិច្ចព្រមព្រៀងនោះ៕