ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ John Kerry៖ ការប្តូរ​រដ្ឋាភិបាល​អាមេរិក​មិន​ប៉ះពាល់​នយោបាយ​អំពី​​ប្រទេស​វៀតណាម​ទេ


លោក John Kerry ពេល​មក​ដល់​ព្រលាន​យន្តហោះ​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​ កាល​ពី​ថ្ងៃទី១៣ ខែ​មករា។
លោក John Kerry ពេល​មក​ដល់​ព្រលាន​យន្តហោះ​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​ កាល​ពី​ថ្ងៃទី១៣ ខែ​មករា។

លោក​ John Kerry ​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា.​បាន​ប្រាប់​អ្នក​ចូល​រួម​នៅ​សាកល​វិទ្យាល័យ​ហូជីមិញ​នៅ​ប្រទេស​វៀតណាម​កាល​ពី​ថ្ងៃ​សុក្រ​ថា ការប្តូរ​រដ្ឋាភិបាល​ ស.រ.អា.​ ក្នុង​ពេល​ខាង​មុខ​នេះ​នឹង​មិន​ប៉ះ​ពាល់​ដល់​ទំនាក់​ទំនង​រួម​រវាង​ប្រទេស​ទាំង​ពីរ​ទេ។​

លោក ​Kerry ​បាន​និយាយថា ​ប្រទេស​ទាំង​ពីរ​មាន​តម្លៃ​រួម​ដែល​មិន​អាច​កែ​ប្រែ​ដោយ​គ្រាន់​តែ​ប្តូរ​ថ្នាក់​ដឹក​នាំ​នោះ​ទេ។ ​លោក​និយាយ​ថា​ តាម​សម្តី​ដើម​ថា ​«មិត្តភាព​របស់​យើង​មិន​ពឹង​ផ្អែក​តាម​បុគ្គល​ ឬ​បុគ្គលិក​លក្ខណៈ​បុគ្គល​របស់​ប្រធានាធិបតី​ ឬ​គណបក្ស​នយោបាយ​នោះ​ទេ។​ មិត្តភាព​របស់​យើង​មាន​ឫស​គល់​ជា​មួយ​ផល​ប្រយោជន៍​រួម​របស់​យើង ​ហើយ​នឹង​អ្វី​ដែល​យើង​ព្រម​ព្រៀង​គ្នា​អំពី​អនាគត»។

លោក​ Kerry ​បាន​កត់​សម្គាល់​ថា ​ជំហរ​របស់​លោក ​ដូណាល់​ ត្រាំ​ ប្រធានាធិបតី​ជាប់​ឆ្នោត​ប្រឆាំង​នឹង​កិច្ច​ព្រម​ព្រៀង​ភាព​ជាដៃគូ​ពាណិជ្ជកម្ម​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ TPP ​អាច​ធ្វើ​ឲ្យ​កិច្ច​ព្រម​ព្រៀង​នេះ​លិច​លង់​ ពេល​លោក​ឡើង​កាន់​តំណែង​នៅ​សប្តាហ៍​ក្រោយ​ ប៉ុន្តែ​លោក​បន្ថែម​ថា​ គឺ​បច្ចេកវិទ្យា​ មិន​មែន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ទេ ​ដែល​នាំ​ឲ្យ​បាត់​បង់​ការងារ​ធ្វើ​នោះ៕

XS
SM
MD
LG