ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កាលពីថ្ងៃចន្ទបានថ្កោលទោសយ៉ាងខ្លាំងលើការវាយប្រហារដោយអាវុធគីមីនៅក្នុងប្រទេសស៊ីរី ដោយលោកបានថ្លែងថា លោកនឹងធ្វើការសម្រេចក្នុងរយៈពេលពី២៤ម៉ោងទៅ៤៨ម៉ោង អំពីចំណាត់ការរបស់សហរដ្ឋអាមេរិកចំពោះហេតុការណ៍នេះ។
លោក Trump បានថ្លែងទៅកាន់គណៈរដ្ឋមន្រ្តីរបស់លោកនៅក្នុងកិច្ចប្រជុំនៅឯសេតវិមានថា សហរដ្ឋអាមេរិកនឹងស្វែងរកអ្នកដែលត្រូវទទួលខុសត្រូវលើការវាយប្រហារនេះ មិនថាជាប្រទេសស៊ីរី រុស្ស៊ី អ៊ីរ៉ង់ ឬក៏ពួកគេទាំងអស់ជាអ្នកចូលរួមធ្វើនោះទេ»។ លោកបានថ្លែងថា «យើងនឹងត្រួតពិនិត្យមើលបញ្ហានេះយ៉ាងហ្មត់ចត់ និងយ៉ាងយកចិត្តទុកដាក់បំផុត»។ រដ្ឋមន្រ្តីការពារប្រទេសលោក Jim Mattis បាននិយាយថាសហរដ្ឋអាមេរិកនឹងមិនចាត់វិធានការយោធាប្រឆាំងនឹងស៊ីរីទេ បន្ទាប់ពីលោក Trump បានសរសេរនៅក្នុង Twitter ថានឹងមាន «ការសងត្រឡប់មកវិញ»ចំពោះអ្វីដែលលោកហៅថា «ជាការវាយប្រហារដោយអាវុធគីមីដែលមិនចេះគិត»នៅក្នុងតំបន់ដាម៉ាសដែលគ្រប់គ្រងដោយពួកឧទ្ទាមដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់៤០នាក់កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។
យោងតាមចក្រភពអង់គ្លេសបានឲ្យដឹងថារដ្ឋមន្រ្តីការបរទេសអង់គ្លេស លោក Boris Johnson បាននិយាយទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសស្តីទីសហរដ្ឋអាមេរិក លោក John Sullivan ហើយរដ្ឋមន្រ្តីទាំងពីរបានយល់ស្របថា ផ្អែកលើសេចក្តីរាយការណ៍នាពេលថ្មីៗនេះ និងរបាយការណ៍ពីសមរភូមិ បង្ហាញថា ការវាយប្រហារនេះដូចទៅនឹងការវាយប្រហារដោយជាតិគីមីកាលពីលើកមុនធ្វើឡើងដោយរបបគ្រប់គ្រង Assad ៕