ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ បានឆ្លើយបដិសេធទៅនឹងសារបង្កប់ន័យរបស់ Kim Jong Un ថា យោធារបស់ជននេះ អាចធ្វើការសាកល្បងកាំជ្រួចមីស៊ីល Ballistic អន្តរទ្វីប (ICBM)នៅពេលឆាប់ៗនេះដែលអាចមានលទ្ធភាពបាញ់ដល់ដីគោកសហរដ្ឋអាមេរិកដែលមេដឹកនាំកូរ៉េខាងជើងរូបនេះបានធ្វើសុន្ទរកថាក្នុងអំឡុងនៃបុណ្យចូលឆ្នាំសាកល។
កាលពីថ្ងៃចន្ទ លោកត្រាំបានបញ្ជូនសារតាមប្រព័ន្ធ Twitter ដោយនិយាយថា «ការណ៍នេះនឹងមិនកើតមានឡើងទេ»។
លោកប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និយាយថា «កូរ៉េខាងជើង ទើបតែថ្លែងថា ខ្លួនបានស្ថិតនៅក្នុងដំណាក់ការចុងក្រោយនៃការអភិវឌ្ឍន៍អាវុធនុយក្លែអ៊ែដែលមានលទ្ធភាពបាញ់ដល់ផ្នែកនានារបស់សហរដ្ឋអាមេ រិក។ ការណ៍នេះនឹងមិនកើតមានឡើងទេ»។
ប្រធានាធិបតីជាប់ឆ្នោតក៏បាននិយាយឡើងវិញតាមប្រព័ន្ធ Twitter ដោយលោកបានរិះគន់កាលពីអតីតកាលប្រឆាំងនឹងប្រទេសចិនចំពោះការខកខានមិនបានបញ្ឈប់សម្ព័ន្ធមិត្តដែលពឹងផ្អែកខាងសេដ្ឋកិច្ចលើប្រទេសចិនកុំឲ្យអភិវឌ្ឍអាវុធនុយក្លែអ៊ែនិងកម្មវិធីកាំជ្រួចមីស៊ីល Ballistic ។
ប្រទេសកូរ៉េខាងត្បូង បានសរសើរសារតាមប្រព័ន្ធ Twitter របស់លោកត្រាំចំពោះការបង្ហាញពីការយល់យ៉ាងច្បាស់អំពីភាពធ្ងន់ធ្ងរជាបន្ទាន់ពីការគំរាមគំរាមកំហែងនុយក្លែអ៊ែរបស់កូរ៉េខាងជើងនេះ។
លោក Cho June–hyuck អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយថា «ការណ៍នេះជាការព្រមានយ៉ាងច្បាស់ក្រឡែតប្រឆាំងនឹងអត្ថាធិប្បាយការអភិវឌ្ឍន៍អាវុធនុយក្លែអ៊ែនិងកម្មវិធីកាំជ្រួចមីស៊ីល Ballisticរបស់ Kim Jong Un នៅក្នុងសុន្ទរកថាបុណ្យចូលឆ្នាំសាកលអំពីការបង្ករហេតុនេះ»៕