ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក Donald Trump និយាយថា លោកនឹងថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនានានៅពេលអនាគតដ៏ខ្លីខាងមុខនេះអំពីការតែងតាំងបេក្ខជននៅក្នុងគណៈរដ្ឋមន្ត្រីរបស់លោក និងអំពីអាជីវកម្មរបស់លោក ដែលលោកបានប្រគល់ឲ្យកូនប្រុសទាំង ២ របស់លោកជាអ្នកគ្រប់គ្រង។
ការប្រកាសដូចនេះ បានធ្វើឡើងកាលពីល្ងាចថ្ងៃចន្ទម្ស៊ិលមិញនៅលើទំព័រ Twitter របស់លោក។ ហើយការប្រកាសដូចនេះបានធ្វើឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃតែប៉ុណ្ណោះ មុនពេលដែលលោក Trump បានលុបចោលសន្និសីទកាសែតរបស់លោកអំពីថាតើលោកនឹងផ្ដាច់ខ្លួនចេញពីអាជីវកម្មរបស់លោកយ៉ាងដូចម្ដេច ដើម្បីផ្ដោតលើកិច្ចការជាប្រធានាធិបតី និងជៀសវាងមិនឲ្យមានទំនាស់ផលប្រយោជន៍នោះ។
លោក Trump នៅតែបន្តដំណើរការជ្រើសរើសបេក្ខជនសម្រាប់គណៈរដ្ឋមន្ត្រីរបស់លោក ដោយក្នុងនោះ លោក Rex Tillerson ដែលជាប្រធានក្រុមហ៊ុន ExxonMobil ត្រូវគេរំពឹងថា នឹងត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកនៅព្រឹកថ្ងៃអង្គារនេះ។
លោក Tillerson បានធ្វើកិច្ចព្រមព្រៀងប្រេងជាមួយនឹងប្រទេសរុស្ស៊ី និងមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin៕