ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump (ដូណាល់ ត្រាំ) កំពុងរកវីធីសាស្រ្តបង្វែរចំណាប់អារម្មណ៍ខ្លាំងចេញពីសន្និបាតជាតិរបស់គណបក្សប្រជាធិបតេយ្យ ដែលគេរំពឹងថា នឹងតែងតាំងលោក Joe Biden ឲ្យធ្វើជាបេក្ខជនប្រធានាធិបតីអាមេរិកពីខាងគណបក្សប្រជាធិបតេយ្យ ដោយលោក ត្រាំ ចាប់ផ្តើមបើកយុទ្ធនាការ ក្នុងរដ្ឋមួយចំនួនដែលមានការប្រកួតប្រជែងខ្លាំង និងធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវសារនយោបាយរបស់លោក។
លោក ត្រាំ នឹងទៅធ្វើយុទ្ធនាការរកសំឡេងឆ្នោតក្នុងរដ្ឋសំខាន់ចំនួន៤ ដែលអាចផ្តល់ឱកាសឲ្យលោកអាចឈ្នះឆ្នោតក្នុងអាណត្តិទី២ម្តងទៀត ដោយលោកចាប់ផ្តើមធ្វើយុទ្ធនាការក្នុងក្រុង Mankato នៃរដ្ឋ Minnesota និងទីក្រុង Oshkosh ក្នុងរដ្ឋ Wisconsin ដែលជាបណ្តារដ្ឋនៅភាគកណ្តាលសហរដ្ឋអាមេរិក។
បន្ទាប់ពីរដ្ឋទាំងពីរនេះហើយ លោកត្រាំនឹងធ្វើដំណើរទៅកាន់ទីក្រុង Yuma រដ្ឋ Arizona នៅភាគនិរតីប្រទេស នៅថ្ងៃអង្គារ និងទៅកាន់ទីក្រុង Scranton ក្នុងរដ្ឋ Pennsylvania នៅថ្ងៃព្រហស្បតិ៍ ដែលនៅជិតកន្លែងដែលលោក Biden រស់នៅកាលពីវ័យកុមារ ហើយជាថ្ងៃតែមួយដែលលោក Biden នឹងត្រូវថ្លែងទទួលយកការតែងតាំងជាផ្លូវការរបស់លោកជាបេក្ខជនប្រធានាធិបតីអាមេរិកផងដែរ។
ក្នុងយុទ្ធនាការដោយជោគជ័យក្នុងការបោះឆ្នោតរបស់លោកត្រាំកាលពីឆ្នាំ២០១៦ លោកត្រាំបាន រីករាយនឹងការនៅជិតជាមួយអ្នកគាំទ្រដែលក្រវីផ្លាកនិងបដារ គាំទ្រ។ ប៉ុន្តែបេក្ខជនទាំងពីរនៅក្នុងការបោះឆ្នោតលើកនេះ ត្រូវបង្ខំឲ្យកាត់បន្ថយនូវរូបភាពយុទ្ធនាឃោសនាដោយផ្ទាល់ជាសាធារណៈ ដោយសារការបារម្ភពីការរាតត្បាតនៃជំងឺឆ្លងកូវីដ១៩ និងការដាក់ឲ្យអ្នកចូលរួមការគាំទ្រស្ថិតក្នុងគម្លាតពីគ្នា៕