ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកស្រី Pelosi កោះ​ហៅ​រដ្ឋសភា ហើយ​សមាជិក​បក្ស​ប្រជាធិបតេយ្យ​ទាមទារ​ចម្លើយ​ពី​អគ្គ​នាយក​ប្រៃសណីយ៍​អាមេរិក


រូបឯកសារ៖ ប្រធាន​រដ្ឋសភា​សហរដ្ឋអាមេរិក​លោកស្រី Nancy PelosiNancy Pelosi ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ នៅ​វិមាន​សភា​កាពីតូលក្នុងរដ្ឋធានីវ៉ាស៊ីនតោន នៅ​ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ។
រូបឯកសារ៖ ប្រធាន​រដ្ឋសភា​សហរដ្ឋអាមេរិក​លោកស្រី Nancy PelosiNancy Pelosi ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ នៅ​វិមាន​សភា​កាពីតូលក្នុងរដ្ឋធានីវ៉ាស៊ីនតោន នៅ​ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ។

សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​មាន​ការ​ភ័យ​ខ្លាច​ថា ការ​កាត់​បន្ថយ​សេវាកម្ម​នានា​របស់​ទីភ្នាក់ងារ​ប្រៃសណីយ៍​​​មាន​គោលបំណង​ពន្យារពេល​សេវា​ដឹកជញ្ជូន​សន្លឹក​ឆ្នោត​ដែល​បោះ​តាម​ប្រៃសណីយ៍ នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ថ្ងៃ​ទី ៣ ខែ​វិច្ឆិកា ខាង​មុខ​នេះ។ ​

ប្រធាន​រដ្ឋសភា​សហរដ្ឋអាមេរិក​លោកស្រី Nancy Pelosi កំពុង​តែ​អំពាវនាវ​ឲ្យ​សមាជិក​រដ្ឋសភា​ត្រឡប់​ពី​សម្រាក​វិស្សមកាល​រដូវក្ដៅ​វិញ ដើម្បី​បោះឆ្នោត​លើ​ការ​ផ្ដល់​ថវិកា​ដល់​ទីភ្នាក់ងារ​ប្រៃសណីយ៍​(ជាតិ​)សហរដ្ឋអាមេរិក។ ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​អគ្គនាយក​ប្រៃសណីយ៍​ថ្មី​ស្នើ​វិធានការ​កាត់​បន្ថយ​ការ​ចំណាយ​នានា។ ​

សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​មាន​ការ​ភ័យ​ខ្លាច​ថា ការ​កាត់​បន្ថយ​សេវាកម្ម​នានា​របស់​ទីភ្នាក់ងារ​ប្រៃសណីយ៍​មាន​គោលបំណង​ពន្យារពេល​សេវា​ដឹកជញ្ជូន​សន្លឹក​ឆ្នោត​ដែល​បោះ​តាម​ប្រៃសណីយ៍ នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ថ្ងៃ​ទី ៣ ខែ​វិច្ឆិកា ខាង​មុខ​នេះ។ ​

រដ្ឋសភា ​នឹង​ពិចារណា​លើ​ច្បាប់​មួយ ដើម្បី​រារាំង​កុំ​ឲ្យ​ប្រៃសណីយ៍ជាតិ​ធ្វើ​នូវ​អ្វី ដែល​អ្នកស្រី Pelosi ហៅ​ថា ជា​ការ​ផ្លាស់ប្ដូរ «ប្រតិបត្តិការ​ ឬ​បែបផែន​នៃការ​ផ្ដល់​សេវា​ដល់​ពលរដ្ឋ» ដែល​ទីភ្នាក់ងារ​នេះបាន​ចាប់ធ្វើ​កាល​ពី​ដើម​ឆ្នាំ ២០២០។

អ្នកស្រី Pelosi ថ្លែង​ថា៖ «ស្ថាប័ន​ប្រៃសណីយ៍​ជាតិគឺ​ជា​សសរ​ស្ដម្ភ​នៃ​លទ្ធិប្រជាធិបតេយ្យ​របស់​យើង ដែលត្រូវ​បាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​សហរដ្ឋ​អាមេរិក និង​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ផ្ដល់​សេវាកម្ម​ដ៏​សំខាន់​នានា ដូចជា​ការ​ដឹកជញ្ជូន​ថ្នាំពេទ្យ សែក​បើកប្រាក់​សន្ដិសុខ​សង្គម សែក​បើក​ប្រាក់​បៀវត្សរ៍ ឯកសារ​បង់​ពន្ធ​ និង​សន្លឹកឆ្នោត​ដែល​បោះ​តាម​ប្រៃសណីយ៍​របស់​ពលរដ្ឋ​អាមេរិកាំង​រាប់​លាន​នាក់ ដោយ​រួម​ទាំង​សហគមន៍​របស់​យើង​ដែល​ស្ថិត​នៅ​តំបន់​ដាច់​ស្រយាល​បំផុត​ផង​ដែរ»។ ​

លោក Chuck Schumer មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ព្រឹទ្ធសភា កំពុង​តែ​អំពាវនាវ​ឲ្យ​លោក Mitch McConnell មេដឹកនាំ​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ កោះ​ហៅ​សមាជិក​ព្រឹទ្ធសភា​ជា​បន្ទាន់​ ដើម្បី​ចាត់​វិធានការ​ភ្លាមៗ​លើ​អ្វី​ដែល​លោក​និយាយ​ថា គឺ​ជា«​ការ​បំផ្លិចបំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ» ដែល​លោក Louis DeJoy អគ្គនាយក​ប្រៃសណីយ៍​បាន​ធ្វើ ដើម្បី​ឲ្យ​«ពលរដ្ឋ​អាច​ទទួល​បាន​ប្រាក់​បៀវត្សរ៍ ថ្នាំពេទ្យ និង​របស់របរ​សំខាន់ៗ​ដទៃទៀត​ទាន់​ពេល​វេលា និង​ដើម្បី​ធានា​ថា ការ​បោះឆ្នោត​របស់​យើង​នឹង​នៅ​តែ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌​ពេញលេញ»។

លោកស្រី Pelosi និង​លោក Schumer បាន​ស្នើ​ឲ្យ​លោក DeJoy និង​ប្រធាន​ក្រុមប្រឹក្សាភិបាល​ប្រៃសណីយ៍​ជាតិ​សហរដ្ឋអាមេរិក​លោក Robert Duncan ផ្ដល់​សក្ខីកម្ម​នៅ​ចំពោះ​មុខ​គណៈកម្មាធិការ​ត្រួតពិនិត្យ និង​កំណែទម្រង់​នៃ​រដ្ឋសភា​នៅ​សប្ដាហ៍​ក្រោយ​នេះ។ ​

កន្លង​មក លោក​ប្រធានាធិបតី Donald Trump បាន​ចោទប្រកាន់​ដោយ​គ្មាន​ភស្តុតាង​ថា ការ​បោះឆ្នោត​តាម​ប្រៃសណីយ៍​នឹង​នាំ​ឲ្យ​មាន​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត។ លោក​បាន​សារភាព​កាល​ពី​សប្ដាហ៍​មុន​ថា លោក​កំពុង​តែ​ពន្យារពេល​ផ្ដល់​ថវិកា​ចំនួន ២៥ ពាន់​លាន​ដុល្លារ​ ដែល​ជា​ថវិកា​សម្រាប់​គ្រា​មាន​អាសន្ន​ សម្រាប់​ទីភ្នាក់ងារ​ប្រៃសណីយ៍ ដើម្បី​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​តាម​ប្រៃសណីយ៍​កាន់​តែ​លំបាក​ជាង​មុន។

ប៉ុន្តែ​ក្រោយ​មក​លោក​ដក​ខ្លួន​ពី​ការ​ថ្លែង​នេះ​វិញ​ដោយលោក​ថា​លោកនឹង​អនុម័ត​ថវិកាសម្រាប់​ប្រៃសណីយ៍​ប្រសិន​បើ​ក្រុម​គណបក្ស​ប្រជាធិបតេយ្យ​គាំទ្រ​កញ្ចប់​ថវិកា​ជំនួយ​ទប់​ទល់​វិបត្តិ​កូរ៉ូណា​របស់​ក្រុម​គណបក្ស​សាធារណរដ្ឋ។

កាល​ពី​ថ្ងៃ​អាទិត្យ​នាយក​ខុទ្ទកាល័យ​សេតវិមាន​លោក Mark Meadows បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ថា​លោកប្រធានាធិបតី Trump ព្យាយាម​ជ្រៀតជ្រែក​ការ​បោះឆ្នោត ដោយ​លោក​ថ្លែង​ប្រាប់​ទូរទស្សន៍​ CNN ថា៖ «លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នឹង​មិនជ្រៀតជ្រែក​នឹង​ពលរដ្ឋ​ណា​ដែល​បោះឆ្នោត​ដោយ​ត្រឹមត្រូវ​នោះ​ទេ មិន​ថា​ឡើង​បោះ​តាម​ប្រៃសណីយ៍​ឬ​តាម​មធ្យោបាយ​ដទៃ»៕

XS
SM
MD
LG