ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្តេជ្ញាជាថ្មីកាលពីថ្ងៃអង្គារថា នឹងសាងសង់របងនៅតាមបណ្តោយព្រំដែនរវាងអាមេរិកនិងប្រទេសម៉ិកស៊ិក ដើម្បីរារាំងដល់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់។
ទោះយ៉ាងណាលោកកំពុងតែផ្តល់សញ្ញាថា លោកមានឆន្ទៈនឹងផ្អាកការតស៊ូមតិទៅលើថវិកាសម្រាប់សាងសង់របងនេះរហូតដល់ចុងឆ្នាំនេះ ដើម្បីចៀសវាងការផ្អាកដំណើរការរបស់រដ្ឋាភិបាលក្នុងសប្តាហ៍នេះ។
លោក ត្រាំ បានមានប្រសាសន៍នៅក្នុងប្រអប់បញ្ចេញមតិមួយលើបណ្តាញសង្គម Twitter ថា៖ «កុំអនុញ្ញាតឲ្យប្រព័ន្ធផ្សព្វផ្សាយក្លែងក្លាយប្រាប់អ្នកថា ខ្ញុំបានផ្លាស់ប្តូរជំហររបស់ខ្ញុំទៅលើការសាងសង់របងនេះ។ ខ្ញុំនឹងឲ្យគេសាងសង់របងនេះ និងជួយបញ្ឈប់ការនាំចូលថ្នាំញៀន និងការជួញដូរមនុស្ស»។
កាលពីថ្ងៃចន្ទ លោក ត្រាំ បានថ្លែងទៅកាន់អ្នកកាសែតអភិរក្សនិយមមួយក្រុមនៅសេតវិមានថា លោកអាចរង់ចាំដល់ខែកញ្ញាដើម្បីជំរុញឲ្យបង្ហាញថវិកាសម្រាប់សាងសង់របងនេះ ដែលអ្នកខ្លះប៉ាន់ប្រមាណថាអាចមានតម្លៃជាង២០ពាន់លានដុល្លារ៕