កាលពីថ្ងៃពុធ លោកប្រធានាធិបតីស.រ.អា. Donald Trump បានបញ្ជាឱ្យកសាងជញ្ជាំងមួយតាមបណ្តោយព្រំដែនខាងត្បូងរបស់ប្រទេសអាមេរិកជាមួយប្រទេស ម៉ិកស៊ិក ដើម្បីទប់ទល់នឹងអន្តោប្រវេសន៍ខុសច្បាប់ នៅពេលដែលលោកប្រធានាធិបតីម៉ិកស៊ិក Enrique Pena Nieto បាននិយាយច្បាស់លាស់ជាថ្មីទៀតថា ប្រទេសលោកនឹងមិនបង់សោហ៊ុយសម្រាប់ការស្ថាបនាជញ្ជាំងនេះទេ។
លោក Trump បានចុះហត្ថលេខាលើបទបញ្ជានីតិប្រតិបត្តិខាងអន្តោប្រវេសន៍នៅពេលលោកអញ្ជើញទៅកាន់ក្រសួងសន្តិសុខមាតុភូមិដែលជាទីភ្នាក់ងារសហព័ន្ធទទួលបន្ទុកខាងកិច្ចការពារព្រំដែនស.រ.អា.។
លោកប្រធានាធិបតីបាននិយាយថា «យើងកំពុងមានវិបត្តិមួយនៅលើព្រំដែនខាងត្បូងរបស់យើង។ កំណើនមិនធ្លាប់មានពីពេលមុនៗនៃពួកជនចំណាកស្រុកខុសច្បាប់មកពីផ្នែកកណ្តាលនៃទ្វីបអាមេរិកធ្វើឱ្យមានផលមិនល្អដល់ប្រទេស
ម៉ិកស៊ិក និងស.រ.អា. ហើយខ្ញុំមានជំនឿថា វិធានការដែលយើងនឹងចាត់ ដោយចាប់ផ្តើមពីពេលនេះទៅ នឹងកែលម្អសន្តិសុខនៅក្នុងប្រទេសទាំងពីររបស់យើង។ វាជាការល្អណាស់សម្រាប់ប្រទេសម៉ិកស៊ិក»។
លោក Trump បាននិយាយប្រាប់កម្មវិធីទូរទស្សន៍អាមេរិកាំង ABC News ថាការកសាងជញ្ជាំងនេះនឹងចាប់ផ្តើមធ្វើក្នុងពេលប៉ុន្មានខែខាងមុខនេះ ហើយនឹងមានការស្ថាបនាបន្តដោយនិយាយអះអាងថា ប្រទេសម៉ិកស៊ិកនឹងបង់សោហ៊ុយ។
លោក Trump បាននិយាយនៅក្នុងសេចក្តីសម្ភាសន៍ត្រូវផ្សព្វផ្សាយកាលពីថ្ងៃពុធថា «ជញ្ជាំងនេះនឹងមិនធ្វើឱ្យយើងអស់សោហ៊ុយអ្វីទេ»។
លោកបានថ្លែងថាការបង់សោហ៊ុយប្រហែលមាន «ភាពសាំញ៉ាំ» ដោយបង្ហាញសញ្ញាថា មិនមែនជាការបង់ប្រាក់ដោយផ្ទាល់ពីរដ្ឋាភិបាលក្រុងម៉ិកស៊ីកូទៅឱ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនទេ។ កាសែត The Washington Post ផ្សាយថាប្រាក់កាសបានមកពីការយកពន្ធដារលើទំនិញម៉ិកស៊ិកដឹកជញ្ជូនចូលក្នុងប្រទេសអាមេរិកអាចត្រូវប្រើប្រាស់សម្រាប់ការស្ថាបនាជញ្ជាំងនេះ។
លោកប្រធានាធិបតីម៉ិកស៊ិក Pena Nieto បានមានប្រសាសន៍ជាថ្មីទៀតអំពីគោលជំហររបស់ប្រទេសលោកនៅក្នុងសារមួយទៅកាន់ប្រជារាស្ត្រម៉ិកស៊ិក កាលពីថ្ងៃពុធដោយលោកបានមានប្រសាសន៍ថា លោកមានការសោកស្តាយហើយមិនយល់ស្របទេជាមួយសេចក្តីសម្រេចចិត្តក្នុងការកសាងជញ្ជាំងនេះ។
លោកបាននិយាយថា «ប្រទេសម៉ិកស៊ិកគ្មានជំនឿលើជញ្ជាំងទេ។ ខ្ញុំបាននិយាយច្រើនដងមកហើយថាប្រទេសម៉ិកស៊ិកនឹងមិនបង់ប្រាក់សម្រាប់ការស្ថាបនាជញ្ជាំងនេះឡើយ»។
លោកប្រធានាធិបតី Pena Nieto បានមានប្រសាសន៍បន្ថែមថា ប្រទេសម៉ិកស៊ិក «ស្នើ និងទាមទារឱ្យមានការគោរពក្នុងឋានៈជាប្រទេសជាតិមួយមានអធិបតេយ្យភាព»៕