លោកប្រធានាធិបតី Donald Trump កាលពីថ្ងៃពុធម្សិលមិញ បានលើកឡើងថា កងទ័ពសហរដ្ឋអាមេរិកទាំងអស់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន គួរត្រឡប់មកកាន់សហរដ្ឋអាមេរិកវិញនៅ «ថ្ងៃបុណ្យគ្រឹស្តម៉ាស (Christmas)» ប៉ុន្មានម៉ោងបន្ទាប់ពីទីប្រឹក្សាសន្តិសុខជាតិរបស់លោក បាននិយាយថា រដ្ឋាភិបាលអាមេរិក នឹងកាត់បន្ថយកងទ័ពរបស់ខ្លួននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នៅត្រឹមចំនួន ២ ពាន់ ៥ រយនាក់ នៅដើមឆ្នាំក្រោយ។ នេះបើយោងតាមសារព័ត៌មាន Reuters។
កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្ររវាងសហរដ្ឋអាមេរិកនិងក្រុមតាលីបង់ កាលពីខែកុម្ភៈ បានបញ្ជាក់ថា កងទ័ពបរទេស នឹងចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន នៅខែឧសភាឆ្នាំ ២០២១ នៅក្នុងការដោះដូរនូវការធានាការប្រឆាំងភេរវកម្មពីក្រុមតាលីបង់ ដែលបានយល់ព្រមចរចាឲ្យមានការឈប់បាញ់គ្នាជាអចិន្ត្រៃយ៍មួយ និងការបែងចែកអំណាចជាមួយរដ្ឋាភិបាលអាហ្វហ្គានីស្ថាន។
លោកប្រធានាធិបតី Trump និងមន្ត្រីផ្សេងៗទៀតបាននិយាយថា សហរដ្ឋអាមេរិកនឹងកាត់បន្ថយកម្លាំងកងទ័ពរបស់ខ្លួនពីចន្លោះ ៤ ពាន់ទៅ ៥ ពាន់នាក់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ប្រហែលនៅខែវិច្ឆិកា។
មន្ត្រីទាំងនោះនិយាយថា ការកាត់បន្ថយនឹងអាស្រ័យលើស្ថានភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន៕