សហរដ្ឋអាមេរិកបានគំរាមបិទស្ថានទូតរបស់ខ្លួនក្នុងទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ ដោយសារតែខ្លួនខកចិត្តនឹងការវាយប្រហារជាបន្តបន្ទាប់របស់ក្រុមជីវពលស៊ីអ៊ីត (Shiite)។
បណ្តាញសារព័ត៌មាននានាបានស្រង់សម្តីមន្ត្រីអាមេរិកនិងអ៊ីរ៉ាក់នៅថ្ងៃអាទិត្យថា រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Mike Pompeo បានព្រមានដល់មេដឹកនាំអ៊ីរ៉ាក់ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះថា ស្ថានទូតអាមេរិកក្នុងទីក្រុងបាកដាដនឹងត្រូវបិទទ្វារ ប្រសិនបើអ៊ីរ៉ាក់ មិនបានធ្វើអ្វីៗដើម្បីបញ្ឈប់ការវាយប្រហារមកលើទីតាំងការទូតនិងនិងយោធារបស់អាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់នោះទេ។
លោករដ្ឋមន្ត្រី Pompeo មិនបានពិភាក្សាបញ្ហានេះជាសាធារណៈនោះទេ ហើយអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក ក៏មិនធ្វើអត្ថាធិប្បាយជុំវិញកិច្ចសន្ទនារបស់លោករដ្ឋមន្ត្រីអាមេរិក ជាមួយមេដឹកនាំបរទេសនោះដែរ កាលពីថ្ងៃចន្ទ ។
សហរដ្ឋអាមេរិក ធ្លាប់បានទាមទារឲ្យប្រទេសអ៊ីរ៉ាក់ចាត់វិធានការក្នុងពេលកន្លងមក ដោយនិយាយកាលពីខែមករាថា អ៊ីរ៉ាក់មានកាតព្វកិច្ចក្នុងការការពារទីតាំងការទូតនានារបស់អាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់។
ការទាមទាររបស់អាមេរិកនេះកើតមានឡើងក្រោយពីយោធាអាមេរិកបានធ្វើការវាយប្រហារតាមអាកាស ដើម្បីឆ្លើយតបនឹងវាយការជាបន្តបន្ទាប់ពីជីវពល ទៅលើបុគ្គលិកអាមេរិកនៅអ៊ីរ៉ាក់។ ការវាយតាមអាកាសរបស់អាមេរិកនេះបានសម្លាប់លោក Qassem Soleimani មេបញ្ជាការកងទ័ពឆ្មាំបដិវត្តន៍អ៊ីរ៉ង់ កាលពីថ្ងៃទី៣ ខែមករា ប៉ុន្តែក៏បាននាំឲ្យមានបាតុកម្មប្រឆាំងពីពលរដ្ឋនិងអ្នកនយោបាយអ៊ីរ៉ាក់ដែលចង់ទ័ពអាមេរិកដកចេញពីទីនោះ។
បច្ចុប្បន្ននេះកងកម្លាំងសហរដ្ឋអាមេរិកប្រចាំការនៅអ៊ីរ៉ាក់ ដើម្បីជាជំនួយដល់កងកម្លាំងយោធាអ៊ីរ៉ាក់ប្រឆាំងនឹងក្រុមជីវពលរដ្ឋអ៊ីស្លាម។ ក្រសួងការពារជាតិអាមេរិកថ្លែងកាលពីដើមខែកញ្ញានេះថា ទាហានអាមេរិកនៅអ៊ីរ៉ាក់នឹងត្រូវបន្ថយពី៥.២០០នាក់មកចំនួន៣.០០០នាក់៕