មេបញ្ជាការនៃទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិកបានឲ្យដឹងកាលពីថ្ងៃពុធថា កងទ័ពអាមេរិកនឹងត្រូវកាត់បន្ថយមកត្រឹម ៣.០០០ នាក់នៅក្នុងប្រទេសអ៊ីរ៉ាក់នៅក្នុងខែនេះ និងមកត្រឹម ៤.៥០០នាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថានមិនហួសពីខែវិច្ឆិកាខាងមុខ។
លោកឧត្តមសេនីយ៍ Kenneth “Frank” McKenzie បានប្រាប់VOA និងស្ថាប័នសារព័ត៌មានពីរផ្សេងទៀតនៅក្នុងបទសម្ភាសន៍មួយថា៖ «យើងកំពុងកាត់បន្ថយ[ទ័ពនៅអាហ្វហ្គានីស្ថាន] មកត្រឹម ៤.៥០០នាក់ នៅចុងខែតុលា ឬដើមខែវិច្ឆិកា»។
លោក McKenzie បន្ថែមថា៖ «ទោះបីជាចំនួនទ័ពនៅត្រឹម ៤.៥០០នាក់ ក៏យើងនៅតែអាចសម្រេចកិច្ចការសំខាន់បាន ហើយយើងក៏បានបង្ហាញពីសុឆន្ទៈរបស់យើងថា យើងមិនចង់ក្លាយជាកម្លាំងកាន់កាប់ប្រទេសនេះ ប៉ុន្តែយើងមានពិតជាមានចំណាប់អារម្មណ៍យុទ្ធសាស្ត្រ និងចំណាប់អារម្មណ៍សំខាន់ដែលយើងត្រូវធ្វើឲ្យប្រាកដថាអង្គភាពភេរវកម្មដូចជា ក្រុម al-Qaida និង ISIS មិនអាចស្ថិតនៅអាហ្វហ្គានីស្ថាន ដើម្បីវាយប្រហារអាមេរិកឡើយ»។
កាលពីខែកក្កដា លោកមេបញ្ជាការនៃទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិកបានប្រាប់ VOA ថា កិច្ចពិភាក្សាអន្តរអាហ្វហ្គានីស្ថានត្រូវតែចាប់ផ្ដើម ហើយសហរដ្ឋអាមេរិកត្រូវតែមានទំនុកចិត្តថាក្រុម Taliban នឹងមិនផ្ដល់ទីជម្រកដល់ក្រុមភេរវកម្មរដ្ឋឥស្លាម និងក្រុម al-Qaida ឡើយមុនពេលដែលអាមេរិកអាចដកទ័ពបន្ថែមទៀតពីប្រទេសអាហ្វហ្គានីស្ថាន៕