ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​Trump ​ជំរុញ​ឲ្យ​សមាជិក​គណបក្ស​ឯកភាព​​គ្នា​តែងតាំង​លោក​ជា​បេក្ខជន​ប្រធានាធិបតី


បេក្ខជន​ប្រធានាធិបតីពី​គណបក្ស​សាធារណរដ្ឋ​ លោក Donald Trump ថ្លែង​នៅ​ក្នុង​សន្និសីទ​គោល​នយោបាយ​នៃ​​គណកម្មការ​កិច្ចការ​សាធារណៈ​ អាមេរិក-អ៊ីស្រាអែល ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន​ កាល​ពី​ថ្ងៃទី​២១ ខែមីនា។
បេក្ខជន​ប្រធានាធិបតីពី​គណបក្ស​សាធារណរដ្ឋ​ លោក Donald Trump ថ្លែង​នៅ​ក្នុង​សន្និសីទ​គោល​នយោបាយ​នៃ​​គណកម្មការ​កិច្ចការ​សាធារណៈ​ អាមេរិក-អ៊ីស្រាអែល ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន​ កាល​ពី​ថ្ងៃទី​២១ ខែមីនា។

លោក​ Donald Trump ​ដែល​ជា​អ្នកនាំមុខ​គេ​ខាង​គណបក្ស​សាធារណរដ្ឋ ​និង​គូប្រជែង​របស់​លោក​ គឺ​លោក ​Ted Cruz ​ទទួល​បាន​ជ័យ​ជម្នះ​កាល​ពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​ប្រកួត​សម្រាប់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក។ ​លោក Trump បាន​ឈ្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​បឋម​ក្នុង​រដ្ឋ ​Arizona​ ខណៈ​ដែល​លោក ​Cruz​ បាន​ឈ្នះយ៉ាង​ខ្លាំង​នៅ​ក្នុង​ការបោះឆ្នោត​ caucus ​នៅ​ក្នុង​រដ្ឋ ​Utah។

ក៏​ប៉ុន្តែ​ថ្វីដ្បិត​តែ​លោក ​Trump ​កំពុង​តែ​ឈាន​ទៅ​រក​តំណែង​ជា​បេក្ខជន​ប្រធានាធិបតីខាង​គណបក្ស​សាធារណរដ្ឋ​ក៏​ដោយ ក៏​សមាជិក​ជា​ច្រើន​នៃ​គណបក្ស​សាធារណរដ្ឋ​នៅ​តែ​ស្ទាក់ស្ទើរ​ក្នុង​ការសម្រេច​តែងតាំង​លោក​ជា​បេក្ខជនប្រធានាធិបតី​ទៅ​តាម​ការរំពឹង​ទុក។

ជាមួយនឹង​ជ័យជម្នះ​ភ្លូក​ទឹក​ភ្លូកដី​របស់​លោក​ក្នុង​រដ្ឋ ​Arizona​ លោក​ Donald Trump ​បាន​បោះជំហាន​ទៅ​មុខ​ឆ្ពោះ​ទៅ​កាន់​តំណែង​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ។ ​

លោក ​Donald Trump ​បាន​មាន​ប្រសាសន៍​ថា លោក​កំពុង​តែ​ឈាន​ទៅ​រក​ចំនួនប្រតិភូ​គ្រប់គ្រាន់​ដើម្បី​ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ មុនពេលមហាសន្និបាត​គណបក្ស​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ។ លោក​ក៏​មាន​ប្រសាសន៍​ថា វា​ដល់​ពេលវេលា​ហើយ​សម្រាប់​សមាជិក​គណបក្ស​សាធារណរដ្ឋ​ដែល​មាន​ការស្ទាក់ស្ទើរ​ត្រូវ​ឯកភាព​គ្នា​តែងតាំង​លោក​ជា​បេក្ខជន​ប្រធានាធិបតី។

ប៉ុន្តែ​ប្រសិន​បើ​លោក Trump​ ​មិន​អាច​ទទួល​បាន​ប្រតិភូ​គ្រប់គ្រាន់ មុនពេល​មហាសន្និបាត​គណបក្សដើម្បី​ទទួល​បាន​ការតែងតាំង​ទេ​នោះ នោះ​ការបោះឆ្នោត​ដោយ​បើកចំហរមួយ​ចំនួន​នៅ​ក្នុង​មហាសន្និបាត​គណបក្ស​មិន​អាច​នឹង​ទស្សន៍ទាយ​លទ្ធផល​ជាមុន​បានទេ៕

XS
SM
MD
LG