បេក្ខជនប្រធានាធិបតីអាមេរិក ៥រូប ដែលនៅតទល់គ្នាសម្រាប់តំណែងនៅសេតវិមាននោះ កំពុងបង្កើនយុទ្ធនាការរបស់ពួកគេ ដើម្បីទទួលបានការគាំទ្រពីអ្នកបោះឆ្នោត នៅមុនពិធីជួបជុំអ្នកគាំទ្របេក្ខជននិងការបោះឆ្នោតបឋមនៅថ្ងៃអង្គារ។
បេក្ខជននាំមុខគេខាងគណបក្សសាធារណរដ្ឋគឺលោក Donald Trump បានរៀបចំពិធីជួបជុំជាមួយអ្នកគាំទ្ររបស់លោកនៅរដ្ឋ Arizona ដែលនៅទីនោះ ភាពចម្រូងចម្រាសបានកើតឡើង។
ក្រុមអ្នកតវ៉ាបានព្យាយាមរារាំងដំណើរឈប់ចតមួយរបស់លោក Trump នៅក្បែរព្រំដែនប្រទេសម៉ិកសិកកាលពីថ្ងៃសៅរ៍ ដោយចតឡានរបស់ពួកគេនៅកណ្តាលផ្លូវ ហើយធ្វើឲ្យកកស្ទះចរាចរណ៍។
ចំណែកឯបាតុករប្រឆាំងនឹងលោក Trump ក៏ត្រូវរងការបង្ខាំងឲ្យនៅខាងក្រៅអាគារ Trump Towers ក្នុងទីក្រុងញូយ៉កវិញដែរ។
ក្នុងសុន្ទរកថារបស់លោក លោក Trump បានសន្យាម្តងហើយម្តងទៀតថា លោកនឹងកសាងកំផែងតាមព្រំដែនប្រទេសម៉ិកស៊ិក ដើម្បីកុំឲ្យជនចំណាកស្រុកខុសច្បាប់ចូលក្នុងសហរដ្ឋអាមេរិកបាន ដោយសារលោកអះអាងថា ជនទាំងនោះនាំចូលគ្រឿងញៀននិងឧក្រិដ្ឋកម្មមកក្នុងសហរដ្ឋអាមេរិក។
លោក Trump បានចោទប្រកាន់គូប្រជែងពីរនាក់របស់លោកថា មានជំហរខ្សោយ ទាក់ទងនឹងបញ្ហាអន្តោប្រវេសន៍។
ចំណែកបេក្ខជនខាងគណបក្សប្រជាធិបតេយ្យគឺ សមាជិកព្រឹទ្ធសភាមកពីរដ្ឋ Vermont គឺលោក Bernie Sanders វិញ ក៏បានធ្វើយុទ្ធនាការដើម្បីស្វែងរកការគាំទ្រតាមព្រំប្រទល់ដែនម៉ិកសិកនិងរដ្ឋអារីហ្សូណា (Arizona) ផងដែរ កាលពីថ្ងៃសៅរ៍ម្សិលមិញ ប៉ុន្តែអត្ថាធិប្បាយរបស់លោកមិនកាចដូចសម្តីរបស់លោក Trump នោះទេ៕