ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ករណី​ស៊ើប​អង្កេត​ដើម្បី​ចោទ​ប្រកាន់​ទម្លាក់​លោក Trump ពី​តំណែងបន្ត​ដល់​គណៈកម្មាធិការ​តុលាការ​នៃ​រដ្ឋសភា


រូបឯកសារ៖ របាយការណ៍ពាក់ព័ន្ធនឹងការស៊ើបអង្កេតទម្លាក់លោកប្រធានាធិបតីត្រាំ បន្ទាប់ពីត្រូវបានបញ្ចេញ។
រូបឯកសារ៖ របាយការណ៍ពាក់ព័ន្ធនឹងការស៊ើបអង្កេតទម្លាក់លោកប្រធានាធិបតីត្រាំ បន្ទាប់ពីត្រូវបានបញ្ចេញ។

គណៈកម្មាធិការ​តុលាការ​នៃ​រដ្ឋសភា​សហរដ្ឋ​អាមេរិក​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​នឹង​បើក​សវនាការ​ជា​លើក​ដំបូង​របស់​ខ្លួន​នៅ​ថ្ងៃ​ពុធ​នេះ ទាក់ទិន​នឹង​ការណ៍​ដែល​អាច​ចោទ​ប្រកាន់​ទម្លាក់​លោក​ប្រធានាធិបតី Donald Trump ពី​តំណែង នៅ​ពេល​ដែល​អ្នក​សិក្សា​ស្រាវជ្រាវ​ផ្នែក​ច្បាប់ ៤ នាក់​បង្ហាញ​ខ្លួន​នៅ​ពី​មុខ​គណៈកម្មាធិការ​នេះ​ដើម្បី​ពិភាក្សា​អំពី​ហេតុ​ផល​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​អំពី​ការ​ចោទ​ប្រកាន់​ដើម្បី​ទម្លាក់​ប្រធានាធិបតី​ពី​តំណែង​នេះ។

សវនាការ​នេះ​នឹង​ធ្វើ​ឡើង​មួយ​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​នៃ​រដ្ឋសភា​ចេញ​ផ្សាយ​នូវ​របាយការណ៍​កម្រាស់ ៣០០ ទំព័រ ចោទ​ប្រកាន់​លោក Trump អំពី «ការ​ប្រព្រឹត្ត​មិន​ត្រឹមត្រូវ» ទាក់ទិន​នឹង​ការណ៍​ដែល​លោក​ចង់​ឲ្យ​ប្រទេស​អ៊ុយក្រែន​ជ្រៀតជ្រែក​ផ្នែក​នយោបាយ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ​ក្រោយ ហើយ​បន្ទាប់​មក​លោក​បាន​ព្យាយាម​ឥត​ឈប់ឈរ​នៅ​ក្នុង​ការ «រារាំង» សភា នៅ​ពេល​ដែល​សភា​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​អំពី​រឿង​នេះ។

គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​នៃ​រដ្ឋសភា​បាន​ជួប​ប្រជុំ​គ្នា​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​ម្សិលមិញ ដើម្បី​អនុម័ត​ជា​ផ្លូវការ​នូវ​របាយការណ៍​នេះ មុន​ពេល​បញ្ជូន​វា​ទៅ​កាន់​គណៈកម្មាធិការ​តុលាការ។ របាយការណ៍​នេះ​ត្រូវ​បាន​អនុម័ត​ក្នុង​សំឡេង ១៣ ទល់​នឹង ៩។

ការ​ស៊ើប​អង្កេត​ដែល​មាន​រយៈពេល​ជិត ៣ ខែ​នេះ «បាន​រក​ឃើញ​ថា លោក​ប្រធានាធិបតី Trump តាម​រយៈ​ខ្លួន​លោក​ផ្ទាល់ និង​តាម​រយៈ​ភ្នាក់ងារ​នៅ​ក្នុង​និង​ក្រៅ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក បាន​ស្នើ​សុំ​ការ​អន្តរាគមន៍​ពី​ប្រទេស​អ៊ុយក្រែន ដែល​ជា​រដ្ឋាភិបាល​បរទេស ដើម្បី​ឲ្យ​លោក​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​មួយ​អាណត្តិ​ទៀត»។ នេះ​បើ​យោង​តាម​របាយការណ៍​នេះ។

របាយការណ៍​នេះ​បាន​អះអាង​បន្ត​ថា៖ «ដើម្បី​ធ្វើ​ដូច្នេះ លោក​ប្រធានាធិបតី​ដែល​បាន​ផ្ដោត​លើ​ប្រយោជន៍​ផ្ទាល់​ខ្លួន​របស់​លោក និង​ប្រយោជន៍​នយោបាយ​ជាង​ប្រយោជន៍​ជាតិ​របស់​សហរដ្ឋ​អាមេរិក​នោះ មាន​បំណង​ចង់​បំផ្លាញ​ដល់​សុចរិត​ភាព​របស់​ដំណើរការ​បោះ​ឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក និង​បង្ក​គ្រោះ​ថ្នាក់​ដល់​សន្តិសុខ​ជាតិ​របស់​សហរដ្ឋ​អាមេរិក‍»៕

XS
SM
MD
LG