ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខណៈលោក Trump កំពុងចូលរួមសន្និសីទអង្គការអូតង់ រដ្ឋសភាចាប់ផ្តើម​បន្ត​ដំណើរ​ការ​ស៊ើបអង្កេត​ចោទប្រកាន់​ដកលោកចេញ​ពី​តំណែង


រូបឯកសារ៖ ប្រធានាធិបតីដូណាល់ ត្រាំថ្លែងអំឡុងពេល​ជំនួប​ជាមួយ​ប្រធាន​អង្គការ​អូតង់ នៅ​ក្រុងឡុងដ៍ កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩។
រូបឯកសារ៖ ប្រធានាធិបតីដូណាល់ ត្រាំថ្លែងអំឡុងពេល​ជំនួប​ជាមួយ​ប្រធាន​អង្គការ​អូតង់ នៅ​ក្រុងឡុងដ៍ កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump កំពុង​ជាប់ប្រជុំ​ជាមួយ​ក្រុម​មេដឹក​នាំ​អង្គការ​អូតង់​ ស្របពេល​ដែល​រដ្ឋសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បន្ត​រៀបចំ​ការ​ស៊ើបអង្កេត​ចោទប្រកាន់​ថាតើ​លោក​ Trump បាន​បំពាន​អំណាច​ជា​ប្រធានាធិបតី​របស់​លោក​តាមរយៈ​ការជំរុញ​ឲ្យ​មេដឹកនាំ​បរទេស​បើក​ការស៊ើបអង្កេត​លើ​គូប្រជែង​នយោបាយ​របស់​លោក​ឬ​ក៏​យ៉ាងណា។

នៅ​ថ្ងៃពុធ​នេះ​លោក Trump នឹង​ជួបប្រជុំ​ជាមួយ​អធិការបតី​អាល្លឺម៉ង់​លោកស្រី Angela Merkel នាយក​រដ្ឋមន្រ្តី​ប្រទេស​អ៊ីតាលី​លោក Giuseppe Conte និង​នាយករដ្ឋ​មន្រ្តី​ប្រទេស​ដាណឺម៉ាក​លោកស្រី Mette Frederiksen នៅ​ក្នុង​កិច្ចប្រជុំដាច់​ដោយ​ឡែក​ពី​សន្និសីទ​របស់​ក្រុមមេដឹកនាំ​អង្គការ​អូតង់។

អ្វី​ដែល​សំខាន់​ជាង​នេះ​គឺ​នៅ​អំឡុងពេល​សន្និសីទ​អង្គការ​អូតង់​ សារព័ត៌មាន​នឹង​ចាំង​បញ្ចាំង​រូបភាព​ពីរផ្សេ​ងគ្នា​នៅ​លើ​អេក្រង់​តែមួយ​គឺ​ការចូលរួម​ប្រជុំ​របស់​លោក Trump នៅក្នុង​សន្និសីទ​អង្គការ​អូតង់​ និង​ការប្រកាស​របស់​លោក Jerrold Nadler ឲ្យ បើក​សវនាការ​លើក​ទីមួយ​របស់​គណកម្មាធិការ​នីតិកម្ម​នៃរដ្ឋសភា​នៅក្នុង​ការស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ប្រធានាធិបតី។

សវនាការ​នេះ​នឹង​ផ្អែកលើ​ហេតុផល​រដ្ឋធម្មនុញ្ញ​ចំពោះ​ការ​ប្តឹង​ចោទ​ប្រកាន់​ដក​ប្រធានាធិបតី​ចេញ​ពី​តំណែង។

កាល​ពី​ថ្ងៃអង្គារមិ្សលមិញ​ ខណៈ​លោក Trumpជួប​ប្រជុំ​ជាមួយ​នឹង​អគ្គលេខាធិការ​អង្គការ​អូតង់​លោក Jens Stoltenberg លោក Trump បាន​និយាយ​ថា«ការស៊ើបអង្កេត​ចោទ​ប្រកាន់​ដក​លោក​ចេញ​ពី​តំណែង​នេះ​ទៅ​ណា​មិន​រួច​ទេ។ វា​ជា​ការខ្ជះខ្ជាយ​ពេល​វេលា។ ពួកគណបក្ស​ប្រជាធិបតេយ្យ​ខ្ជះខ្ជាយ​ពេលវេលា​របស់​ពួកគេ​ឥត​ប្រយោជន៍ ហើយ​វា​ជា​រឿង​គួរ​ឲ្យ​អាម៉ាស់។ វា​ជា​រឿង​អាម៉ាស់​សម្រាប់​ប្រទេស​របស់​យើង»៕

XS
SM
MD
LG