ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump បង្ហាញ​អំពី​គម្រោង​សន្តិភាព​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន


រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំថ្លែងអំឡុងពេលយុទ្ធនាការឃោសនាមួយ។
រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំថ្លែងអំឡុងពេលយុទ្ធនាការឃោសនាមួយ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​បង្ហាញ​គម្រោង​សន្តិភាព​របស់​លោក​សម្រាប់​តំបន់​មជ្ឈិម​បូព៌ា​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ ដោយ​មាន​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu ឈរ​នៅ​ក្បែរ​លោក។

លោក Trump បាន​និយាយ​នៅ​ឯ​សេតវិមាន​ថា៖ «ទស្សន​វិស័យ​របស់​ខ្ញុំ​គឺ​ផ្ដល់​ឱកាស​ឈ្នះ​ឈ្នះ​សម្រាប់​ភាគី​ទាំង​ពីរ ដែល​នោះ​គឺ​ដំណោះស្រាយ​បែប​ប្រាកដ​និយម​មួយ​សម្រាប់​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន ដែល​អាច​ដោះស្រាយ​ហានិភ័យ​ចំពោះ​សន្តិសុខ​អ៊ីស្រាអែល​ដែល​បណ្ដាល​មក​ពី​ការ​ទាមទារ​ឋានៈ​ជា​រដ្ឋ​ឯករាជ្យ​របស់​ប៉ាឡេស្ទីន»។

អ្នក​ដែល​មិន​មាន​វត្តមាន​នៅ​ក្នុង​ការ​ប្រកាស​នោះ​គឺ​អ្នក​តំណាង​នៃ​ដែនដី​ប៉ាឡេស្ទីន។ អ្នក​តំណាង​ប៉ាឡេស្ទីន​បាន​ច្រានចោល​គម្រោង​សន្តិភាព​នេះ មុន​ពេល​មើល​លើ​សំណើ​សន្តិភាព​កម្រាស់ ៨០ ទំព័រ​នេះ​ទៅ​ទៀត។ អ្នក​តំណាង​ប៉ាឡេស្ទីន​ទាំង​នេះ​ក៏​មិន​បាន​ចូលរួម​នៅ​ក្នុង​ការ​ចរចា​អំពី​គម្រោង​សន្តិភាព​នេះ​ផង​ដែរ។

ប្រធានាធិបតី​ប៉ាឡេស្ទីន​លោក Mahmoud Abbas បាន​ថ្លែង​សុន្ទរកថា​ដែល​ចាក់​ផ្សាយ​តាម​ទូរទស្សន៍​ពី​ទីក្រុង Ramallah នៅ​ក្នុង​តំបន់ West Bank ដោយ​សំដៅ​លើ​លោក Trump យ៉ាង​ដូច្នេះ​ថា៖ «ទីក្រុង Jerusalem មិន​មែន​សម្រាប់​លក់​នោះ​ទេ។ សិទ្ធិ​របស់​ពួក​យើង​ទាំង​អស់​មិន​មែន​សម្រាប់​លក់ និង​សម្រាប់​ត​ថ្លៃ​នោះ​ទេ។ កិច្ច​ព្រមព្រៀង​របស់​អ្នក ដែល​ជា​ការ​សម​គំនិត​អាក្រក់​នោះ នឹង​មិន​ទទួល​ជោគជ័យ​នោះ​ឡើយ»។

លោក Trump យល់​ឃើញ​ថា ការ​ច្រានចោល​នេះ​គឺ​គ្រាន់តែ​ជា​ការ​រាំង​ស្ទះ​បណ្ដោះ​អាសន្ន​តែ​ប៉ុណ្ណោះ ហើយ​លោក​បាន​ប្រាប់​អ្នក​ដែល​ចូលរួម​នៅ​ក្នុង​ការ​ប្រកាស​របស់​លោក​អំពី​គម្រោង​សន្តិភាព​នេះ​ថា លោក​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​ឲ្យ​លោក Abbas ដោយ​បញ្ជាក់​ថា ប្រសិនបើ​លោក Abbas ជ្រើស​យក «វិថី​សន្តិភាព សហរដ្ឋ​អាមេរិក និង​ប្រទេស​ជា​ច្រើន​ផ្សេង​ទៀត​នឹង​គាំទ្រ​ជួយ​ប្រទេស​ប៉ាឡេស្ទីន​តាម​មធ្យោបាយ​ជា​ច្រើន»។

លោក Trump បាន​សន្យា​ថា ប្រសិនបើ​ប៉ាឡេស្ទីន​ឯកភាព​តាម​គម្រោង​សន្តិភាព​នេះ នោះ​នឹង​ទទួល​បាន​ការ​វិនិយោគ​ពី​បរទេស​ចំនួន ៥០ ពាន់​លាន​ដុល្លារ ការងារ​រាប់​លាន​នឹង​ត្រូវ​បង្កើត​ឡើង​សម្រាប់​ប្រជាពលរដ្ឋ​ប៉ាឡេស្ទីន​ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ ហើយ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ប៉ាឡេស្ទីន​នឹង​កើន​ពីរ​ដង ឬ​ក៏ ៣ ដង៕

XS
SM
MD
LG