ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ថា ​បទចោទប្រកាន់​ទាំងពីរ​ករណី​ដើម្បី​ដក​លោក​ចេញ​ពី​តំណែងគឺ​ជា​ ការធ្វើ​ទុក្ខបុកម្នេញ


រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ថ្លែងអំឡុងពេលយុទ្ធនាការឃោសនាមួយនៅក្រុង Hershey រដ្ឋ Pennsylvania កាលពីថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០១៩។
រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ថ្លែងអំឡុងពេលយុទ្ធនាការឃោសនាមួយនៅក្រុង Hershey រដ្ឋ Pennsylvania កាលពីថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០១៩។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​ចាត់ទុក​បទចោទប្រកាន់​ពីរ​ករណី​ដែល​សមាជិក​រដ្ឋសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ប្រកាស​ជា​ផ្លូវការ​ចោទប្រកាន់​រូបលោក​កាល​ពីព្រឹកថ្ងៃអង្គារ​ទី១០ខែធ្នូថា​ជា​ ការតាម​ធ្វើ​ទុក្ខបុកម្នេញ​លើ​រូប​លោក។

លោក Trump បាន​ប្រើ​ពាក្យ​ពីរម៉ាត់​នេះ​ម្តងទៀត​ បន្ទាប់​ពី​គណៈកម្មាធិការ​នៃ​រដ្ឋសភាប្រកាស​ជា​ផ្លូវការ​ពី​ដំណើរការ​បទចោទប្រកាន់​ប្រឆាំង​នឹង​រូប​លោក។ លោក Trump ក៏​បាន​ច្រាន​ចោល​សេចក្តីថ្លែងការ​ណ៍​លោក Jerrold Nadler​ គណៈកម្មាធិការ​នីតិកម្ម​នៃ​រដ្ឋសភា​កាល​ពី​ថ្ងៃអង្គារ​ ដែល​ថា​លោក​បាន​ដាក់​សម្ពាធ ដើម្បី​ឲ្យ​ប្រទេសអ៊ុយក្រែន​ជ្រៀតជ្រែក​ចូល​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ​ក្រោយ​នេះ។

លោក Trump បាន​បង្ហោះសារ​នៅលើ Twitter ថា «ទាំង​ប្រធានាធិបតី​ និង​រដ្ឋមន្រ្តី​ការបរទេស​របស់​ប្រទេសអ៊ុយក្រែន​បាន​និយាយ​ច្រើន​ដង​ហើយ​ថា​ គ្មាន​ការ​ដាក់​សម្ពាធ​អ្វីទេ។ លោក Nadler និង​គណបក្សប្រជាធិបតេយ្យ​បាន​ដឹង​រួច​ហើយ​ ប៉ុន្តែ​ធ្វើ​ជា​មិន​ដឹង»។

លោក Nadler បាននិយាយ​ថា​ គណៈកម្មាធិការ​នីតិកម្ម​នឹង​ជួបគ្នា​នៅ​សប្តាហ៍​នេះ​ ដើម្បី​ពិចារណា​លើ​បទចោទប្រកាន់​បំពាន​អំណាច​ និង​ការរារាំង​ការស៊ើបអង្កេត​របស់​សភា។ គណៈកម្មាធិការ​នីតិកម្ម​នឹង​បោះឆ្នោត​សម្រេច​លើ​បទចោទប្រកាន់​ទាំង​នេះ​ មុន​នឹង​អាចបញ្ជូន​ទៅ​រដ្ឋសភា​ពេញអង្គ​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​ដើម្បី​បោះឆ្នោត​សម្រេច។

សមាជិក​រដ្ឋសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ និង​គណបក្ស​សាធារណរដ្ឋ ទស្សន៍ទាយ​ថា​ លោក Trump នឹង​ត្រូវ​បាន​ប្តឹងចោទ​ប្រកាន់​ទម្លាក់​ពី​តំណែង​នៅ​រដ្ឋសភា​ ប៉ុន្តែ​សវនាការ​របស់​ព្រឹទ្ធសភា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​សាធារណរដ្ឋ​នឹង​សម្រេច​ថា ​លោក​គ្មាន​ទោស​កំហុស។

ក្រុមមន្រ្តី​សេតវិមាន​ក៏​បាន​សន្និដ្ឋាន​ថា​ ការចោទប្រកាន់​ដក​ប្រធានាធិបតី​ចេញ​ពី​តំណែង​នេះ​គឺ​ជា​រឿង​ដែល​ជៀស​មិន​ផុត​ និង​បាន​ទស្សន៍ទាយ​ថា​ នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​អ្វី​ទេ​ ហើយ​ប្រហែល​ជា​នឹង​កាន់​តែ​ជួយពង្រឹង​ការគាំទ្រ​ប្រធានាធិបតី​កាន់​តែ​ខ្លាំង​ឡើង​នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ខែវិច្ឆិកា​ឆ្នាំ​ក្រោយ​នេះ។

អ្នកនាំពាក្យ​សេតវិមាន​អ្នកស្រី Stephanie Grisham កំពុង​ចោទ​ប្រកាន់​អ្នកស្រី Nancy Pelosi ប្រធាន​រដ្ឋសភា​និង​សមាជិក​រដ្ឋសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ផ្សេងទៀត​ថា​ បាន​រៀបគម្រោង​បណ្តេញ​លោក Trump ចេញ​ពី​តំណែង​ប្រធានាធិបតី ដែល​លោក​បាន​ឡើង​កាន់​តំណែង​ចាប់តាំង​ពី​ខែមករាឆ្នាំ២០១៧មក។

អ្នកស្រី Grisham បាន​បញ្ជាក់​ថា «ការប្រកាស​អំពី​បទចោទប្រកាន់​ដក​ប្រធានាធិបតី ចេញ​ពី​តំណែង​ទាំងពីរ​ករណី​ដែល​គ្មាន​មូលដ្ឋាន​នេះ​ មិន​ប៉ះពាល់​អ្វី​ដល់​ប្រធានាធិបតី​ទេ។ ប៉ុន្តែ​វា​ធ្វើ​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​ដែល​រំពឹង​ថា​ ប្រធានាធីបតី​ដែល​ពួកគេ​បា​ន​បោះឆ្នោត​ឲ្យ​ ដើម្បី​ធ្វើ​ការងារ​ពង្រឹង​ប្រទេសជាតិ​តំណាង​ឲ្យ​ពួកគេ ​មាន​ការឈឺចាប់។ លោកប្រធានាធិបតី​នឹង​ថ្លែង​អំពី​ការចោទប្រកាន់​មិនពិត​ទាំងនេះ​នៅក្នុង​ព្រឹទ្ធសភា និង​រំពឹង​ថា​ព្រឹទ្ធសភា​នឹង​រកឃើញ​ថា​លោក​រួចខ្លួន​ទាំងស្រុង​ ពីព្រោះ​ថា​លោក​មិន​បាន​ធ្វើអ្វី​ខុស​ទេ»៕

ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG