ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump នៅ​តែ​អះអាង​ថា «មិន​បាន​ធ្វើ​អ្វី​ខុស» បន្ទាប់ពី​បទ​ចោទ​ប្រឆាំង​នឹង​លោក​ត្រូវ​បាន​ប្រកាស


រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំថ្លែងអំឡុងពេលជំនួបមួយជាមួយអង្គការអូតង់លោក Jens Stoltenberg នៅក្រុងឡុងដ៍ កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩។
រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំថ្លែងអំឡុងពេលជំនួបមួយជាមួយអង្គការអូតង់លោក Jens Stoltenberg នៅក្រុងឡុងដ៍ កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ប្រកាស​ថា លោក​មិន​គិត​ថា​គណបក្ស​ប្រជាធិបតេយ្យ​នឹង​បោះ​ឆ្នោត​ក្នុង​រដ្ឋ​សភា​ពេញ​អង្គ​ដើម្បី​ចោទ​ប្រកាន់​ទម្លាក់​លោក​ពី​តំណែង​នោះ​ទេ ដោយសារតែ​លោក «មិន​បាន​ធ្វើ​អ្វី​ខុស»។

លោក Trump បាន​ថ្លែង​ទៅ​កាន់​អ្នក​កាសែត​នៅ​ល្ងាច​ថ្ងៃ​អង្គារ​ម្សិលមិញ គឺ​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក​ប៉ុណ្ណោះ បន្ទាប់ពី​គណបក្ស​ប្រជាធិបតេយ្យ​នៃ​រដ្ឋសភា​បាន​ប្រកាស​អំពី​បទ​ចោទ​ពីរ​ករណី​ប្រឆាំង​នឹង​លោក។

លោក Trump បញ្ជាក់​មុន​ពេល​ឡើង​ជិះ​ឧទ្ធម្ភាគចក្រ Marine One ដូច្នេះ​ថា៖ «ខ្ញុំ​គិត​ថា វា​ជា​រឿង​អាម៉ាស់​ដែល​គេ​អាច​ធ្វើ​ការ​ចោទ​ប្រកាន់​ដើម្បី​ទម្លាក់ [ខ្ញុំ] ពី​តំណែង នៅ​ពេល​ដែល​ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ខុស​នោះ។ ខ្ញុំ​គិត​ថា វា​ពិតជា​រឿង​ដ៏​គួរ​ឲ្យ​អាម៉ាស់»។

ក្រោយ​មក លោក Trump បាន​បញ្ជាក់​នៅ​ក្នុង​ការ​ជួបជុំ​នយោបាយ​មួយ​នៅ​ល្ងាច​ថ្ងៃ​អង្គារ​នោះ​ដែរ​នៅ​ក្នុង​តំបន់ Hershey រដ្ឋ Pennsylvania ថា៖ «សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ឆ្វេង​និយម​ជ្រុល​កំពុង​ព្យាយាម​គ្រប​សង្កត់​លើ​ការ​បោះ​ឆ្នោត។ ខ្ញុំ​មិន​មែន​ដេក​មិន​លក់​ដោយសារតែ​រឿង​នេះ​នោះ​ទេ។ ពេល​នេះ គណបក្ស​សាធារណរដ្ឋ​មាន​ការ​រួម​សាមគ្គី​គ្នា​ជាង​ពេល​ណាៗ​ទាំង​អស់»។

នៅ​ព្រឹក​ថ្ងៃ​អង្គារ​ម្សិលមិញ លោក Trump បាន​សរសេរ​នៅ​លើ Twitter ដោយ​ហៅ​ការ​ចោទ​ប្រកាន់​ដើម្បី​ដក​លោក​ពី​តំណែង​នេះ​ថា​ជា «ការ​តាម​ព្យាបាទ» បន្ទាប់ពី​ប្រធាន​គណៈកម្មាធិការ​មួយ​ចំនួន​នៃ​រដ្ឋសភា​ដែល​ធ្វើ​ការ​លើ​រឿង​នេះ​បាន​ប្រកាស​ថា ពួកគេ​កំពុង​ដំណើរការ​នីតិវិធី​ផ្លូវការ​ដើម្បី​ប្រឆាំង​នឹង​លោក។

ប្រធាន​គណៈកម្មាធិការ​នីតិកម្ម​នៃ​រដ្ឋសភា​លោក Jerrold Nadler បាន​ប្រកាស​ថា គណៈកម្មាធិការ​របស់​លោក​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ពុធ​នេះ និង​ថ្ងៃ​ព្រហស្បតិ៍​ស្អែក ដើម្បី​ពិភាក្សា​អំពី​ការ​ប្រើ​ភាសា​នៃ​អ្វី​ដែល​ឥឡូវ​នេះ​ហៅ​ថា «សេចក្ដី​សម្រេច ៧៥៥ របស់​រដ្ឋសភា អំពី​បទ​ចោទ​ដើម្បី​ចោទ​ប្រកាន់​ទម្លាក់​លោក​ប្រធានាធិបតី Donald J. Trump ចេញ​ពី​តំណែង»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG