សេតវិមានបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ទាហានស.រ.អា.ប្រមាណ ២០០នាក់នឹងឋិតនៅក្នុងប្រទេសស៊ីរីនៅក្រោយស.រ.អា.ដកថយចេញពីប្រទេសនេះ។
អ្នកស្រី Sarah Sanders អ្នកនាំពាក្យសេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា៖ «ក្រុមថែរក្សាសន្តិភាពតូចមួយនឹងឋិតនៅក្នុងប្រទេសស៊ីរីសម្រាប់មួយរយៈពេល»។ អ្នកស្រីមិនបានផ្តល់សេចក្តីលម្អិតបន្ថែមទៀតទេ។
នៅពេលត្រូវទាក់ទងអំពីព្រឹត្តិការណ៍នេះកាលពីយប់ថ្ងៃព្រហស្បតិ៍ ក្រសួងការពារប្រទេសស.រ.អា.បានបង្វែរសំណួរទៅកាន់សេតវិមានវិញ។
នៅពេលបច្ចុប្បន្ននេះ មានទាហានអាមេរិកាំងប្រមាណ២,០០០នាក់ឋិតនៅក្នុងប្រទេសស៊ីរីដើម្បីគាំទ្រកងកម្លាំង Kurde ដែលកំពុងប្រយុទ្ធប្រឆាំងនឹងពួករដ្ឋឥស្លាមចុងក្រោយបង្អស់។
ដោយយល់ឃើញអំពីបរាជ័យទាំងស្រុងរបស់ពួករដ្ឋឥស្លាមនៅក្នុងប្រទេសស៊ីរីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានធ្វើសេចក្តីប្រកាសមួយនាំឱ្យមានការភ្ញាក់ផ្អើលកាលពីខែធ្នូដែលថា កងកម្លាំងស.រ.អា.ទាំងអស់នឹងដកចេញពីប្រទេសស៊ីរី មិនហួសពីដំណាច់ខែមេសាទេ។ ដោយធ្វើដូច្នេះលោកបានធ្វើឱ្យពួកសម្ព័ន្ធមិត្តរបស់អាមេរិកជាច្រើនក្នុងទ្វីបអឺរ៉ុបមានការស្រឡាំងកាំងហើយបានធ្វើឱ្យពួកសម្ព័ន្ធមិត្តផ្ទាល់របស់លោកខ្លះនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន មានការខឹងសម្បាផងដែរ។
លោក Lindsey Graham សមាជិកព្រឹទ្ធសភាស.រ.អា.ខាងគណបក្សសាធារណរដ្ឋហើយដែលជាមិត្តភ័ក្តិជិតស្និទ្ធម្នាក់របស់លោក ត្រាំ នៅក្នុងសភាស.រ.អា.បានហៅការដកទាហានអាមេរិកាំងទាំងនេះថាជា «គំនិតល្ងីល្ងើបំផុតដែលខ្ញុំមិនដែលឮ»។
បើតាមលោក Graham លោក Patrick Shanahan រដ្ឋមន្ត្រីការពារប្រទេសស.រ.អា.ស្តីទីយល់ស្របថា ការដកទាហានអាមេរិកាំងទាំងស្រុងចេញពីប្រទេសស៊ីរីអាចនាំឱ្យមានការមានឡើងវិញនៃក្រុមរដ្ឋឥស្លាម, ការវាយលុករបស់តួកគីលើកងកម្លាំង Kurde និងផ្តល់ឱ្យអ៊ីរ៉ង់នូវការមានប្រៀបនៅខាងក្នុងប្រទេសស៊ីរីផងដែរ៕