កិច្ចព្រមព្រៀងផ្សះផ្សាគ្នារវាងរដ្ឋាភិបាលស៊ីរី និងក្រុមឧទ្ទាមប្រដាប់អាវុធមានគោលបំណងនាំមកនូវសន្តិភាពដល់សង្កាត់ Dar'a នៅប្រទេសស៊ីរី ដែលស្ថិតនៅជិតព្រំដែនប្រទេសហ្ស៊កដានី។ បន្ទាប់ពីមានកិច្ចព្រមព្រៀងនេះកាលពីខែកក្កដាឆ្នាំមុន ប្រជាពលរដ្ឋភាគច្រើន ដែលបានបាត់បង់ទីលំនៅដោយសារជម្លោះ បានវិលត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញ។
ប៉ុន្តែក្តីសង្ឃឹមរបស់ពួកគេចំពោះជីវិតដ៏ប្រសើរ និងមានសុវត្ថិភាពជាងមុនត្រូវបានបំផ្លាញ។ ការិយាល័យសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិបានឲ្យដឹងថា ជនស៊ីវិលបានប្រញាប់ប្រញាល់វិលត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញ ដោយមិនបានដឹងថាមានសេចក្តីសម្រេចអ្វីខ្លះដែលបានធ្វើឡើងនៅក្នុងកិច្ចព្រមព្រៀងនេះ ដែលបង្កផលប៉ះពាល់មកលើពួកគេនោះទេ។
អ្នកស្រី Marta Hurtado អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិនិយាយថា ទីភ្នាក់ងាររបស់អ្នកស្រីភ័យខ្លាចថា កិច្ចព្រមព្រៀងនេះអាចមិនមែនជាការអនុលោមពេញលេញទៅតាមច្បាប់អន្តរជាតិនោះទេ។ អ្នកស្រីបានបន្តថា ការណ៍នេះហាក់ដូចជាបានបើកឱកាសឲ្យមានការរំលោភបំពានយ៉ាងរីករាលដាល។
«ការិយាល័យសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិទទួលបានរបាយការណ៍ដ៏គួរឲ្យព្រួយបារម្ភមួយចំនួនអំពីការរំលោភបំពានសិទ្ធិមនុស្សពីសំណាក់រដ្ឋាភិបាលស៊ីរី និងក្រុមមិនមែនរដ្ឋាភិបាល ដែលរួមមាន ការសម្លាប់ ការចាប់ឃុំឃាំងដោយមិនស្របច្បាប់ ការបាត់ខ្លួនដោយបង្ខំ ការលួចប្លន់ និងការរឹបអូសទ្រព្យសម្បត្តិ។ លទ្ធភាពទទួលបានទីជម្រក ទឹក ការអប់រំ និងតម្រូវការចាំបាច់ដទៃទៀតឲ្យបានគ្រប់គ្រាន់នៅតែជាការលំបាកសម្រាប់ប្រជាពលរដ្ឋមួយចំនួន»។
អ្នកស្រី Hurtado បានលើកឡើងថា កិច្ចប្រឹងប្រែងដោយសមាជិកក្រុមប្រដាប់អាវុធ និងជនស៊ីវិលនៅក្នុងការចូលកាន់តំណែងតាមស្ថាប័នរដ្ឋាភិបាលនានា ត្រូវបានច្រានចោលដោយហិង្សា។ អ្នកស្រីបន្តថា ក្រុមអ្នកតាមដានរបស់អង្គការសហប្រជាជាតិ បានធ្វើកំណត់ត្រាចំនួន ១១ករណី ដែលប្រជាពលរដ្ឋចង់ចូលរួមក្នុងក្រុមប្រឹក្សាជនស៊ីវិលតាមមូលដ្ឋាន ឬយោធា ឬកងកម្លាំងសន្តិសុខ ប៉ុន្តែប្រជាពលរដ្ឋទាំងនោះ បានក្លាយជាគោលដៅនៃការសម្លាប់ទៅវិញ។
អ្នកស្រីបានបន្ថែមថា អង្គការសហប្រជាជាតិបានទទួលរបាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ៣៨០នាក់ត្រូវបានចាប់ខ្លួន ឬឃុំខ្លួន ហើយមនុស្សមួយចំនួនក្នុងចំណោមនោះត្រូវបានគេរាយការណ៍ថា ត្រូវបានឃុំខ្លួនក្រោមបទសង្ស័យភេរវកម្ម។
អ្នកស្រីបន្តថា មនុស្សចំនួន ១៥០ នាក់ ត្រូវបានដោះលែងបន្ទាប់ពីត្រូវបានឃុំខ្លួនរយៈពេលពីរបីថ្ងៃ ហើយមនុស្សផ្សេងទៀតក្លាយជាគោលដៅនៃការបាត់ខ្លួនដោយបង្ខំ។ អ្នកស្រីក៏បានកត់សម្គាល់ផងដែរថា គ្រួសារមួយចំនួននៅសង្កាត់ Dar'a មិនទទួលបានព័ត៌មាន ឬទទួលបានព័ត៌មានតិចតួចប៉ុណ្ណោះអំពីជោគវាសនាសាច់ញ្ញាតិរបស់ពួកគេ ដែលបានបាត់ខ្លួន។
ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កំពុងជំរុញឲ្យរដ្ឋាភិបាលស៊ីរីចាត់គ្រប់វិធានការចាំបាច់ដើម្បីការពារសិទ្ធិមនុស្សនៅតាមតំបន់នានា ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន។ ការិយាល័យនេះបន្តថា អាជ្ញាធរស៊ីរីត្រូវធានាថា ជនដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងជម្លោះប្រដាប់អាវុធ ឬបទចោទប្រកាន់ព្រហ្មទណ្ឌ ទទួលបានការកាត់ក្តីដោយត្រឹមត្រូវនិងយុត្តិធម៌មួយ៕
ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា