ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកមិនបានថតសំឡេងការសន្ទនារបស់លោកជាមួយលោក James Comey អតីតប្រធានការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI ដែលលោកត្រាំបានបណ្តេញចេញពីដំណែងនោះទេ បន្ទាប់ពីលោក Comey បាននិយាយថា លោកប្រធានាធិបតី បានជំរុញឲ្យលោកបញ្ឈប់ការស៊ើបអង្កេតរបស់ទីភ្នាក់ងារនៅក្នុងការជ្រៀតជ្រែករបស់រុស្ស៊ីក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំទៅនោះ។
លោកប្រធានាធិបតីត្រាំបានបញ្ចប់ភាពមិនប្រាកដប្រជាអស់រាប់សប្តាហ៍អំពីថាតើលោកបានថតសំឡេងការសន្ទនាឯកជននៅសេតវិមានដែលលោកបានធ្វើឡើងជាមួយលោក Comey ដែរឬទេ។
ការសន្ទនានេះជាលក្ខណឯកជននៅពេលទទួលទានអាហារពេលល្ងាចនៅឯសេតវិមានជាមួយលោក Comeyភ្លាមៗបន្ទាប់ពីលោកប្រធានាធិបតីចូលកាន់ដំណែងកាលពីខែមករា នៅពេលដែលលោកប្រធានាធិបតីសុំភាពស្មោះត្រង់ពីលោក Comey ដែលលោក Comey មិនបានសន្យា។
នៅឯជំនួបក្រោយមកជាមួយប្រធានាធិបតីត្រាំកាលពីពាក់កណ្តាលខែកុម្ភៈ លោក Comey បានប្រាប់គណៈកម្មការព្រឹទ្ធសភាកាលពីខែមុនថា លោកប្រធានាធិបតីបានប្រាប់លោកថាលោកសង្ឃឹមថាលោក Comey អាចបោះបង់ចោលការស៊ើបអង្កេតលោក Michael Flynnអតីតទីប្រឹក្សាសន្តិសុខជាតិហើយនឹងការទាក់ទងរបស់លោកជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតោន។ ប្រធានាធិបតីត្រាំ បានបណ្តេញលោក Flynn ចេញពីដំណែងមួយថ្ងៃមុនពេលបានដឹងថា លោក Flynn បានភូតកុហកអនុប្រធានាធិបតី Mike Pence អំពីការទាក់ទងរបស់លោកជាមួយលោក Srgey Kislyak ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតោន៕