លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ស.រ.អា. Jeff Sessions មានកំណត់ផ្តល់សក្ខីកម្មនៅក្នុងសវនាការសាធារណៈមួយនៅថ្ងៃអង្គារនេះជាមួយពួកសមាជិកនៃគណៈកម្មាធិការមួយរបស់ព្រឹទ្ធសភាស.រ.អា.ដែលទំនងជានឹងសួរលោកអំពីការទាក់ទងរបស់លោកជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ី និងការទាក់ទិនរបស់លោកជាមួយការដកនាយកការិយាល័យ FBI ចេញពីតំណែង។
សវនាការរបស់គណៈកម្មាធិការខាងស៊ើបការណ៍សម្ងាត់របស់ព្រឹទ្ធសភាស.រ.អា.ជាជំហានថ្មីៗបំផុតនៅក្នុងការស៊ើបអង្កេតជាច្រើនដែលកំពុងមានធ្វើអំពីការជ្រៀតជ្រែករបស់រុស្ស៊ីក្នុងការបោះឆ្នោតប្រធានាធិបតីស.រ.អា.កាលពីឆ្នាំទៅមិញ។
លោក Sessions បានសុំដកខ្លួនលោកពីការស៊ើបអង្កេតរបស់ FBI កាលពីខែមីនានៅក្រោយទទួលស្គាល់ថាលោកបាននិយាយពីរដងជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ី Sergey Kislyak កាលពីប៉ុន្មានខែមុនការបោះឆ្នោតកាលពីខែវិច្ឆិកា។
នៅក្នុងសវនាការសម្រាប់តែងតាំងលោកជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌កាលពីខែមករា លោក Sessions បាននិយាយថាលោកមិនបានជួបជាមួយជនជាតិរុស្ស៊ីណាម្នាក់ទេនៅពេលធ្វើការឃោសនាបោះឆ្នោត។ ក្រសួងយុត្តិធម៌អាមេរិកាំងបាននិយាយថា ការសន្ទនាគ្នាទាំងនេះជាផ្នែកមួយនៃការងាររបស់លោក Sessions ក្នុងឋានៈលោកជាសមាជិកព្រឹទ្ធសភាស.រ.អា.។
សក្ខីកម្មរបស់លោក Session ធ្វើឡើងតិចជាងមួយសប្តាហ៍ក្រោយពីលោក James Comey នាយក FBI ត្រូវដកចេញពីតំណែងបានមានប្រសាសន៍នៅក្នុងការចេញបង្ហាញខ្លួនរបស់លោកផ្ទាល់នៅចំពោះមុខគណៈកម្មាធិការខាងការស៊ើបការណ៍សម្ងាត់នៃព្រឹទ្ធសភាស.រ.អា.ថាលោកមានអារម្មណ៍ថាប្រធានាធិបតី Trump បានជំទាស់នឹងការបែងចែកដាច់ដោយឡែករវាងការស៊ើបអង្កេតខាងព្រហ្មទណ្ឌពីការធ្វេសប្រហែសរបស់សេតវិមានដោយបានណែនាំលោកឱ្យបញ្ឈប់ការស៊ើបអង្កេតអំពីសកម្មភាពរបស់រុស្ស៊ី៕