នៅពេលត្រូវសួរកាលពីថ្ងៃសុក្រថាតើគាត់ចង់ផ្តល់សក្ខីកម្មដោយមានការស្បថសច្ចាថានិយាយតែការពិតអំពីការសន្ទនារបស់គាត់ជាមួយលោក James Comey អតីតនាយក FBI ឬទេ ប្រធានាធិបតី Donald Trump បានឆ្លើយថា «១០០ភាគរយ» ក៏ប៉ុន្តែនៅពេលបន្ទាប់ភ្លាមៗនោះគាត់បាននិយាយបន្ថែមថា «ខ្ញុំមិននិយាយនៅក្រោមការស្បថទេ»។
ក៏ប៉ន្តែទោះជាយ៉ាងណាក៏ដោយក៏ប្រធានាធិបតីអាមេរិកាំងរូបនេះនិយាយច្បាស់លាស់ថាគាត់ចង់ឆ្លើយនឹងសំណួរពីលោក Robert Mueller អតីតនាយក FBI ម្នាក់ទៀតដែលនៅពេលនេះដឹកនាំការស៊ើបអង្កេតពិសេសមួយអំពីឥទ្ធិពលរបស់រុស្សីក្នុងវិស័យនយោបាយស.រ.អា.។
ការនិយាយឆ្លើយឆ្លងគ្នារវាង Trump និងពួកអ្នកកាសែតបានកើតមានឡើងនៅក្នុងសួនផ្កាកុលាបនាសេតវិមាននៅពេលរសៀលមួយមានធាតុអាកាសក្តៅក្នុងខែមិថុនានៅពេល Trump ឈរជិតប្រធានាធិបតី Roumanie Klaus Iohannis។
Trump បានកត់សម្គាល់ថា «James Comey បានបញ្ជាក់ថាពិតអំពីអ្វីជាច្រើនដែលខ្ញុំបាននិយាយហើយមានការណ៍ខ្លះដែលគាត់បាននិយាយមិនមែនជាការពិតទេ»។ Trumpក៏បានចោទប្រកាន់ជាពិសេសថាលោក Comey បាននិយាយកុហកនៅក្រោមការស្បថនៅក្នុងការផ្តល់សក្ខីកម្មកាលពីថ្ងៃព្រហស្បតិ៍នៅចំពោះមុខគណៈកម្មាធិការខាងការស៊ើបការសម្ងាត់របស់ព្រឹទ្ធសភាស.រ.អា.។
Trump បានគូសបញ្ជាក់ថាសក្ខីកម្មរបស់លោក Comey បានបង្ហាញថា «គ្មានការឃុបឃិត គ្មានការរាំងខ្ទប់ទេ» ក៏ប៉ុន្តែថា «គាត់ជាអ្នកបន្លេចព័ត៌មាន»៕