ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump នឹង​ផ្ដោត​លើ​កំណែ​ទម្រង់​ពន្ធដារ​ក្រោយ​ថ្ងៃ​ឈប់​សម្រាក Thanksgiving


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​នៅ​មុន​ពេល​ចូលរួម​ក្នុង​កម្មវិធី National Thanksgiving លើក​ទី៧០ នៅ​ក្នុង​សួន​កុលាប នៃ​សេតវិមាន នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​នៅ​មុន​ពេល​ចូលរួម​ក្នុង​កម្មវិធី National Thanksgiving លើក​ទី៧០ នៅ​ក្នុង​សួន​កុលាប នៃ​សេតវិមាន នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧។

បន្ទាប់ពី​បាន​ចំណាយ​ពេល​ឈប់​សម្រាក​ទិវា​ថ្លែង​អំណរគុណ​ដែល​ហៅ​ថា Thanksgiving នៅ​ឯ​រមណីយដ្ឋាន​របស់​លោក​ក្នុង​ទីក្រុង Palm Beach រដ្ឋ Florida ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ត្រឡប់​មក​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន​វិញ នៅ​មុន​ពេល​ដែល​គណបក្ស​សាធារណរដ្ឋ​ជំរុញ​ឲ្យ​អនុម័ត​កំណែ​ទម្រង់​ច្បាប់​ពន្ធដារ​មុន​ការ​បោះ​ឆ្នោត​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ ក្នុង​សប្ដាហ៍​នេះ។

លោក Trump គ្រោង​នឹង​ចូលរួម​នៅ​ក្នុង​កម្មវិធី​ពិសា​អាហារ​ថ្ងៃ​ត្រង់​ប្រចាំ​សប្ដាហ៍​របស់​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​នៅ​ថ្ងៃ​អង្គារ​ស្អែក ដើម្បី​ពិភាក្សា​អំពី​ចំណុច​សំខាន់ៗ​នៃ​គោល​នយោបាយ​ក្នុង​រដូវ​ស្លឹកឈើ​ជ្រុះ​នេះ​របស់​គណបក្ស​សាធារណរដ្ឋ។

នេះ​ជា​លើក​ទី​ពីរ​ហើយ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ ដែល​លោក Trump បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សភា​ដើម្បី​បញ្ចុះបញ្ចូល​សមាជិក​ខាង​គណបក្ស​សាធារណរដ្ឋ​របស់​លោក​នៅ​ព្រឹទ្ធសភា​ឲ្យ​គាំទ្រ​ច្បាប់​កំណែ​ទម្រង់​ពន្ធដារ។

កាល​ពី​ដើម​ខែ​នេះ រដ្ឋសភា​បាន​អនុម័ត​ច្បាប់​កំណែ​ទម្រង់​ពន្ធដារ​នេះ​ជា​លើក​ដំបូង​បង្អស់​នៅ​ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ។ ពួកគេ​ស្នើ​ឲ្យ​មាន​ការ​កាត់​បន្ថយ​ការ​យក​ពន្ធ​គ្រប់​ទម្រង់​នៃ​ប្រាក់​ចំណូល​ទាំង​អស់​សម្រាប់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ទៅ​មុខ ក៏​ដូចជា​កាត់​បន្ថយ​ពន្ធ​សាជីវកម្ម​ជា​អចិន្ត្រៃយ៍ និង​បន្ថែម​ថវិកា​ចំនួន ១ លាន ៥ សែន​លាន​ដុល្លារ​អាមេរិក សម្រាប់​បំណុល​ជាតិ​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ខាង​មុខ។

សូម្បីតែ​ប្រសិន​បើ​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​អនុម័ត​ច្បាប់​ពន្ធដារ​របស់​ពួកគេ​ក៏​ដោយ ក៏​ច្បាប់​នេះ​ត្រូវតែ​ស៊ី​គ្នា​ជាមួយ​នឹង​ទម្រង់​ច្បាប់​ពន្ធដារ​របស់​រដ្ឋសភា និង​ត្រូវ​ធ្វើ​ការ​បោះឆ្នោត​អនុម័ត​នៅ​ក្នុង​សភា​ទាំង​ពីរ​ថ្នាក់​ឡើង​វិញ ដែល​នេះ​ជា​សំណើ​ពិបាក​សម្រេច​បាន​មួយ ដោយសារ​សល់​ពេល​តែ​ប៉ុន្មាន​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ​មុន​ពេល​ដែល​សភា​ឈប់​សម្រាក​ថ្ងៃ​បុណ្យ Christmas៕

XS
SM
MD
LG