ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ផ្ទុយ​ពី​ Brexit​ ប្រទេស​ឥណ្ឌា​អនុម័ត​ការ​កែ​ទម្រង់​ពន្ធដារ​ដើម្បី​ពង្រឹង​ពាណិជ្ជកម្ម


ក្រុមហ៊ុន​ជំនួញ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ឥណ្ឌា​និយាយ​ថា វិធានការ​កំណែ​ទម្រង់​ពន្ធដារ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ងាយ​ស្រួល​ក្នុង​ការ​បញ្ជូន​ទំនិញ​ទៅ​​ទូទាំង​ប្រទេស។
ក្រុមហ៊ុន​ជំនួញ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ឥណ្ឌា​និយាយ​ថា វិធានការ​កំណែ​ទម្រង់​ពន្ធដារ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ងាយ​ស្រួល​ក្នុង​ការ​បញ្ជូន​ទំនិញ​ទៅ​​ទូទាំង​ប្រទេស។

ពន្ធ​ទំនិញ​ និង​ពន្ធ​សេវាកម្ម​ ឬ​ ​GST ​នឹង​ធ្វើ​ឲ្យ​​​សេដ្ឋកិច្ច​ឥណ្ឌា​​កាន់​តែ​កើន​ឡើង​ថែម​ទៀត​ ដោយ​លុប​ចោល​សំណាញ់​ពន្ធដារ​​ច្របូក​ច្របល់ ​ដែល​បាន​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ការ​ធ្វើ​អាជីវកម្ម។

បន្ទាប់ពី​មាន​ជម្លោះ​នយោបាយ​អស់​ជា​ច្រើន​ឆ្នាំ​មក ​កំណែ​ទម្រង់​ផ្នែក​ពន្ធ​ដារ ដែល​គេ​ចាត់​ទុក​ថា​កំពុង​តែ​ប្រែប្រួល​នោះ ត្រូវ​បាន​រដ្ឋ​សភា​ជាន់​ខ្ពស់​ឥណ្ឌា​អនុម័ត​ និង​ត្រួស​ត្រាយ​ផ្លូវ​ឲ្យ​ប្រទេស​ដែល​មានប្រជាជន​១.៣​ពាន់​លាន​នាក់​នេះ ប្រែ​ក្លាយ​ទៅ​ជា​ទីផ្សារ​រួម​មួយ ​ឬ​តំបន់​ពាណិជ្ជកម្ម​សេរី។

ក្រុម​អ្នក​គាំទ្រ​កំណែ​ទម្រង់​នេះ​និយាយ​ថា ​ក្នុង​រយៈ​ពេល​វែងទៅ​មុខ​ ពន្ធ​ទំនិញ​ និង​ពន្ធ​សេវាកម្ម​ ឬ​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា ​GST ​នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ឥណ្ឌា​ដែល​មាន​ទំហំ​ទឹក​ប្រាក់​២លាន​លាន​ដុល្លារ​(ទ្រ៊ីលាន)​កើន​ឡើង​ថែម​ទៀត​ ដោយ​លុប​ចោល​សំណាញ់​ពន្ធដារ​ដ៏​ច្របូក​ច្របល់ ​និង​ពន្ធ​ដែល​ទាមទារ​ឲ្យ​បង់​ដោយ​រដ្ឋ​ចំនួន​២៩​ និង​រដ្ឋាភិបាល​សហព័ន្ធ​ ដែល​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ការ​ធ្វើ​អាជីវកម្ម។

រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​លោក​ Arun​ Jaitley ​បាន​ថ្លែង​ថា ​កំណែ​ទម្រង់​នេះ​គឺ​ជា​ការ​ផ្លាស់​ប្តូរ​គោល​នយោបាយ​ពន្ធដារ​ដ៏​សំខាន់​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​របស់​ប្រទេស​ឥណ្ឌា។ លោក​បាន​និយាយ​ថា៖ «វា​នឹង​ប្រែ​ក្លាយ​ប្រទេស​ឥណ្ឌា​ឲ្យ​ទៅ​ជាទីផ្សារ​សេដ្ឋកិច្ច​មួយដែល​មាន​ត្រា​ពន្ធដារ​ដូច​គ្នា​មួយ​ក្នុង​រដ្ឋ​ទាំង​អស់​ ធ្វើ​ឲ្យ​ការ​ដោះ​ដូរ​ទំនិញ​និង​សេវាកម្ម​មាន​ភាព​រលូន​នៅ​ទូទាំង​ប្រទេស និង​ជួយ​ឲ្យ​យើង​អាច​ពិនិត្យ​មើល​ការ​គេច​ពន្ធ​នានា។ ជា​ល្ធផល​ចុង​ក្រោយ វា​នឹង​ជួយ​ពង្រីក​ប្រាក់​ចំណូល​របស់​ពួក​យើង»។

រដ្ឋាភិបាលសម្រេច​បាន​ការ​មូល​មតិ​គ្នា​មួយ​ផ្នែក​នយោបាយរយៈ​ពេល​មួយ​ឆ្នាំ​កន្លះ​មក​ហើយ​ បន្ទាប់​ពី​កំណែ​ទម្រង់​មួយ​ត្រូវ​បាន​អនុម័ត​ដោយ​សភា​ថ្នាក់​ទាប​ ដោយ​បាន​យក​គណបក្ស​ Congress Party ​ដែល​ជា​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​ និង​រដ្ឋា​ភិបាល​រដ្ឋ​សហព័ន្ធភាគ​ច្រើន​ មក​គាំ​ទ្រ​ដល់​ការ​ផ្តួច​ផ្តើម​នេះ។ លទ្ធផល​នៃ​កំណែ​ទម្រង់​នោះ​គឺ​ថា ​មាន​ការ​ជជែក​ពិភាក្សា​គ្នា​បែប​ស៊ីវិល័យ​ក្នុង​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​នៅ​ក្នុង​សភា​ ជា​កន្លែង​ដែល​មាន​និយាយ​កាត់​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ធម្មតា។

មេដឹក​នាំ​កំពូល​របស់​គណបក្ស ​Congress Party ​និង​ជា​អតីត​រដ្ឋ​មន្រ្តី​ហិរញ្ញវត្ថុ​ លោក​ P. Chidambaram ​បាន​និយាយ​ថា៖ «យើង​មិន​ដែល​ប្រឆាំង​នឹង​គំនិត​ផ្តួចផ្តើម​ពន្ធ​ទំនិញ​និង​ពន្ធ​សេវាកម្ម ​GST នេះ​ទេ។ ឥឡូវ​នេះ​ ប្រទេស​នេះ​បាន​ត្រៀម​ខ្លួន​រួច​ហើយ​ក្នុង​ការ​អនុវត្ត​ពន្ធដារ​ GST នេះ»។

ប៉ុន្តែ​នៅ​តែ​មាន​បញ្ហា​មួយ​ចំនួន​ដែល​ត្រូវ​ពិនិត្យ​មើល ​មុន​ពេល​ដែល​ប្រទេស​នេះ​ផ្លាស់​ប្តូរ​ទៅ​ជា​ទីផ្សារ​រួម​មួយ​ និង​អាច​ទទួល​បានអត្ថប្រយោជន៍​ដែល​កើត​ចេញពី​វិធានការ​កំណែ​ទម្រង់​នេះ។

ទោះ​បី​ជា​រដ្ឋាភិបាល​សង្ឃឹម​ថា​ នឹង​អនុវត្ត​គម្រោង​នេះ​ក្នុង​ខែ​មេសា​ឆ្នាំ​២០១៧​ ក៏​ដោយ​ ក្រុម​អ្នក​ជំនាញ​បាន​និយាយ​ថា ​វា​អាច​នឹង​ត្រូវ​ការ​ពេល​វេលា​បន្ថែម​ទៀត​ដើម្បី​បង្កើត​ប្រព័ន្ធ​ពន្ធដារ​ថ្មី។ កំណែ​ទម្រង់​នេះក៏​ចាំ​បាច់​ត្រូវ​មាន​ការ​ធ្វើ​សច្ចានុម័ត​យល់​ព្រម​ដោយ​រដ្ឋ​យ៉ាង​ហោច​ណាស់​ចំនួន​ពាក់​កណ្តាល។ អត្រា​នៃ​ការ​បង់​ពន្ធ​មិន​ទាន់​ត្រូវ​បាន​គេ​កំណត់​នៅ​ឡើយ​ទេ​ ហើយ​វា​នៅ​តែ​ជា​បញ្ហា​ចម្រូង​ចម្រាស​ជាមួយ​នឹង​រដ្ឋាភិបាល​នៃ​រដ្ឋ​មួយ​ចំនួន​ដែល​ទាមទារ​ឱ្យ​យក​ពន្ធដារ​ខ្ពស់​ជាង​អត្រា​ ១៨​ភាគ​រយ​ ដែល​រដ្ឋាភិបាល​សហព័ន្ធ​ចង់​បាន។

គណបក្ស​ Congress Party ​បាន​ព្រមាន​ប្រឆាំង​នឹង​ការ​កំណត់​តម្លៃ​អត្រា​ពន្ធ​ខ្ពស់​ពេក​ដោយ​និយាយ​ថា ​ពន្ធ​នោះ​មិន​គួរ​លើស​ពី​ ១៨​ ភាគ​រយ​ឡើយ។ លោក​ Chidambaram​ និយាយ​ថា៖ «ការ​កំណត់​ពន្ធ​មិន​លើស​ពី១៨​ភាគ​រយ​នោះ ​នឹង​មិន​ធ្វើឱ្យ​មាន​អតិផរណា​ទេ ​និង​ធ្វើ​ឲ្យ​សាធារណជន​អាច​ទទួល​យក​បាន​ ហើយ​ក៏​ជា​វិធី​មួយ​ដែល​មាន​ប្រសិទ្ធិភាព​ដែរ»។

ទោះយ៉ាង​ណា ក្រុម​អ្នក​សេដ្ឋកិច្ច​បាន​សាទរ​ចំពោះ​ការ​អនុម័ត​វិធានការ​ពន្ធដារ​នេះ​ ដោយ​មាន​អ្នក​ខ្លះ​បាន​ហៅ​វា​ថា​ជា​ភាព​ «ផ្ទុយ​គ្នា​ទៅ​នឹង​ការ​ចាក​ចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប» ​ដោយសារ​កំណែ​ទម្រង់​ពន្ធដា​នេះ​នឹង​កាត់​បន្ថយ​ឧបសគ្គក្នុង​ការ​ធ្វើ​ជំនួញ។

ពន្ធទំនិញ​និង​ពន្ធសេវាកម្ម​ GST ​នេះ​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ធ្វើ​ឲ្យ​ភាព​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ជំនួញ​កាន់​តែ​ប្រសើរ​ឡើង​ មិន​ត្រឹម​តែ​សម្រាប់​ក្រុមហ៊ុន​ធំ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​សម្រាប់​ពាណិជ្ជករ​តូចៗ​ផង​ដែរ ហើយ​ក្រុមហ៊ុន​ផលិត​នឹង​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​មួយ។ ក្រុមហ៊ុន​ជំនួញ​តាម​ប្រព័ន្ធ​អេឡិចត្រូនិច​ដ៏​ធំ​មួយ​របស់​ឥណ្ឌា​ បាន​ស្វាគមន៍​ការ​អនុម័ត​កំណែ​ទម្រង់​ពន្ធ​ GST ​ដោយ​និយាយថា​ វា​នឹង​ធ្វើ​ឱ្យ​ពួក​គេ​កាន់​តែ​ងាយ​ស្រួល​ក្នុង​ការ​ចែក​ចាយ​ទំនិញ​ទៅ​ទូទាំង​ប្រទេស​ ដោយ​សារ​ពួកគេ​មិន​ចាំ​បាច់​ដោះស្រាយរឿង​ពន្ធ​ដែល​មាន​ជា​ច្រើន​ដំណាក់​កាល​នោះ។

កំណែ​ទម្រង់​នេះ​ក៏​នឹង​ធ្វើ​ឱ្យ​ការ​ដឹក​ទំនិញ​របស់​អ្នក​បើក​ឡាន​ធំៗ​របស់​ឥណ្ឌា​ឆាប់​បាន​ចាប់​ផ្តើម​ពី​ព្រលឹមដែរ។ ​ពួក​គេ​តែង​មាន​បញ្ហា​ជាមួយ​មន្ត្រី​ពន្ធដារ​នៅ​ទីស្នាក់ការ​ត្រួត​ពិនិត្យ​ពន្ធ​របស់​រដ្ឋ។

លោក D.K. Srivastava​ អតីត​សាស្រ្តាចារ្យ​នៅ​វិទ្យាស្ថាន​ជាតិស្រាវជ្រាវ​ផ្នែកសេដ្ឋកិច្ច​ និយាយ​ថា​ កំណែ​ទម្រង់​ពន្ធដារ​ចាំបាច់​មាន​ការ​កែ​សម្រួល​ច្រើន​ទៀត។

«យើង​ត្រូវ​មើល​លើ​ការ​ធ្វើ​កំណែ​ទម្រង់​នេះ​ក្នុង​រូបភាព​ជា​ការ​វិវត្ត។ ប៉ុន្តែ​បន្ទាប់​ពី​ពីរ​ទៅ​បី​ឆ្នាំ​នៅ​ពេល​ដែល​ប្រព័ន្ធ​នេះ​មាន​ស្ថិរភាពហើយ​នោះ​ វា​នឹង​លុប​បំបាត់​ចំណុច​វិវាទ​រវាង​ឧស្សាហកម្ម ​ពាណិជ្ជករ​ និង​រដ្ឋាភិបាល»។

ក្រុម​សមាជិក​សភា​បាន​សម្តែង​សេចក្តី​សង្ឃឹម​ថា​ កំណែ​ទម្រង់​នេះ​នឹង​នាំ​ឱ្យ​មាន​តម្លាភាព​កាន់​តែ​ខ្លាំង​ កែ​លម្អ​ការ​អនុវត្ត​ច្បាប់ ​និង​កាត់​បន្ថយ​អំពើ​ពុករលួយ​ដែល​កើត​ចេញ​ពី​របប​ពន្ធ​ដែល​ធ្វើ​ឲ្យ​ពិបាក​ដល់​ពាណិជ្ជករ​ជា​ច្រើន។ ក្នុង​រយៈ​ពេល​វែង​ទៅ​មុខ​ទៀត គេ​រំពឹង​ថា​ វា​នឹង​ផ្តល់​ប្រយោជន៍​ដល់​អ្នក​ប្រើប្រាស់​ទំនិញ​ដែល​បច្ចុប្បន្ន​នេះ​ចំណាយប្រាក់​ខុសៗ​គ្នា​សម្រាប់​ការ​ទិញ​ទំនិញ​ដូចគ្នា​នៅ​ក្នុង​រដ្ឋ​ផ្សេងៗ៕

ប្រែ​សម្រួល​ដោយ​ផន​បុប្ផា

XS
SM
MD
LG