ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជំរុញកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីឲ្យមានការអនុម័តការរុះរើចំណុចជាច្រើននៃច្បាប់ពន្ធដារដ៏ស្មុគស្មាញរបស់អាមេរិក នៅពេលដែលលោក ជួបជាមួយក្រុមការងារសំឡេងមតិភាគច្រើនខាងគណបក្សសាធារណរដ្ឋនៅក្នុងរដ្ឋសភា មុនពេលសភាបោះឆ្នោតសម្រេចលើបញ្ហានេះ។
មេដឹកនាំសមាជិកសភាខាងគណបក្សសាធារណរដ្ឋ បានសម្តែងសុទិដ្ឋិនិយមថាពួកគេ នឹងទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ ដើម្បីអនុម័តការផ្លាស់ប្តូរច្បាប់ពន្ធដារនេះ ដែលនឹងកាត់បន្ថយអត្រាយកពន្ធពីក្រុមហ៊ុន ពីកម្រិត៣៥ភាគរយ ដែលជាអត្រាខ្ពស់បំផុតមួយលើលោក មកនៅត្រឹមតែ២០ភាគរយវិញ ហើយនិងកាត់បន្ថយពន្ធសម្រាប់អ្នកជាប់ពន្ធដែលមានជីវភាពមធ្យមរាប់លាននាក់ ប៉ុន្តែ មិនមែនកាត់បន្ថយពន្ធសម្រាប់ពលរដ្ឋគ្រប់គ្នានោះទេ។
វិធានការថ្មីនេះ នឹងបន្ថែមបំណុលជាតិចំនួន១.៥ទ្រីលានដុល្លារបន្ថែមទៀតទៅលើបំណុលជាតិដែលមានចំនួន២០ទ្រីលានដុល្លាររួចទៅហើយនោះ។
លោកត្រាំ ដែលមិនទទួលបានសំឡេងគាំទ្រភាគច្រើនក្នុងសភាក្នុងរយៈពេល១០ខែដំបូងក្រោយពីលោកឡើងកាន់តំណែង បានព្យាយាមជំរុញសភាឲ្យអនុម័តការកាត់ពន្ធនេះ ត្រឹមពេលបុណ្យណូអែល ប៉ុន្តែការកែប្រែច្បាប់នេះ មានភាពចម្រូងចម្រាស ហើយមិនមានសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យណាម្នាក់ បានប្រកាសគាំទ្រវិធានការកែប្រែច្បាប់ពន្ធនេះទេ។
មេដឹកនាំសមាជិកព្រឹទ្ធសភាមកពីខាងគណបក្សសាធារណរដ្ឋ កំពុងតែរុញទៅមុខ នូវផែនការពន្ធដាររបស់ខ្លួនផ្ទាល់ ប៉ុន្តែ ជោគវាសនានៃផែនការនេះ នៅមិនទាន់ភាពប្រាកដប្រជានៅឡើយទេ ដោយសារគណបក្សសាធារណរដ្ឋមានសំឡេងតែ៥២ ទល់នឹង៤៨ប៉ុណ្ណោះ៕