លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និយាយថា លោកនឹងចុះហត្ថលេខាលើបទបញ្ជាប្រធានាធិបតីស្តីពីជនអន្តោប្រវេសន៍ដើម្បីដោះស្រាយបញ្ហាក្រុមគ្រួសារជនចំណាកស្រុកដែលត្រូវបានបំបែកនៅឯព្រំដែន។
ប្រធានាធិបតីត្រាំបាននិយាយនៅឯសេតវិមានថា «លោកចង់រក្សាក្រុមគ្រួសារទាំងនោះឲ្យនៅជុំគ្នា។យើងនឹងចុះហត្ថលេខាលើបទបញ្ជាប្រធានាធិបតីនៅពេលបន្តិចទៀតនេះ»។
អត្ថាធិប្បាយរបស់លោកបានកើតមានឡើងបន្ទាប់ពីមានរបាយការណ៍ថា លោកស្រី Kirstjen Nielsen រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិកបានព្រៀងចំណាត់ការបទបញ្ជាប្រធានាធិបតីសម្រាប់លោកត្រាំដែលនឹងបញ្ជាក្រសួងរបស់លោកស្រីឲ្យរក្សាក្រុមគ្រួសារឲ្យនៅជុំគ្នាក្នុងកន្លែងឃុំឃាំងបន្ទាប់ពីពួកគេបានត្រូវឃុំខ្លួននៅចំណុចឆ្លងកាត់ព្រំដែន។
រដ្ឋបាលរបស់ប្រធានាធិបតីត្រាំបានស្ថិតនៅក្រោមការរិះគន់អំពីគោលនយោបាយរបស់ខ្លួនបំបែកក្រុមគ្រួសារជនចំណាកស្រុកនៅពេលដែលពួកគេបានឆ្លងកាត់ព្រំដែនសហរដ្ឋអាមេរិកភាគខាងត្បូងខុសច្បាប់។
កាលពីព្រឹកថ្ងៃពុធ ប្រធានាធិបតីត្រាំបានបន្តវាយប្រហារលើការរិះគន់មកលើរូបលោកទៅលើបណ្តាញព័ត៌មាន និងគណបក្សប្រជាធិបតេយ្យដែលជាគណបក្សប្រឆាំងចំពោះវិធីដែលពួកគេពណ៌នាគោលនយោបាយរបស់រដ្ឋបាលលោកត្រាំដើម្បីបំបែកក្រុមគ្រួសារជនចំណាកស្រុកនៅពេលដែលពួកគេឆ្លងកាត់ព្រំដែនខុសច្បាប់នៅភាគខាងត្បូងសហរដ្ឋអាមេរិក។
ប្រធានាធិបតីត្រាំបានអះអាងថា បណ្តាញព័ត៌មានសហរដ្ឋអាមេរិកមិនបាននិយាយពីសុវត្ថិភាពនិងសន្តិសុខរបស់ប្រទេសយើងនៅពេលដែលនិយាយពីជនអន្តោប្រវេសន៍ខុសច្បាប់។ ប្រធានាធិបតីត្រាំនិយាយទៀតថា ច្បាប់អន្តោប្រវេសន៍សហរដ្ឋអាមេរិកមានលក្ខណៈទន់ខ្សោយ និងអាក្រក់ជាងគេបំផុតនៅពិភពលោកហើយថា គណបក្សប្រជាធិបតេយ្យនឹងធ្វើអ្វីៗគ្រប់បែបយ៉ាងមិនឲ្យមានការផ្លាស់ប្តូរច្បាប់នោះ៕