ក្រុមអតីតរដ្ឋអាជ្ញាសហរដ្ឋអាមេរិករបស់គណបក្សទាំង២ដែលមានចំនួនទាំងអស់ជាង៧០នាក់កំពុងជំរុញឲ្យលោក Jeff Sessions រដ្ឋមន្ត្រីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបញ្ចប់គោលនយោបាយបំបែកកូនរបស់ជនអន្តោប្រវេសន៍ខុសច្បាប់ចេញពីឪពុកម្តាយរបស់ខ្លួននៅឯព្រំដែនបាននិយាយថា គោលនយោបាយមិនអត់ឱនឲ្យទាល់តែសោះដែលលោកបានប្រកាសកាលពីពេលថ្មីៗនេះ «បានបណ្តាលឲ្យមានដំណើរប៉ះទង្គិចផ្លូវចិត្តយ៉ាងខ្លាំងនិងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់កូនក្មេងស្លូតត្រង់»។
អតីតក្រុមរដ្ឋអាជ្ញាសហរដ្ឋអាមេរិកនោះបានសរសេរនៅក្នុងលិខិតមួយដែលបានចេញផ្សាយកាលពីថ្ងៃចន្ទថា «ដូចជាពលរដ្ឋអាមេរិកាំងភាគច្រើនដែរ យើងមានការរន្ធត់ចិត្តពីរូបភាពនិងរឿងរ៉ាវរបស់កូនក្មេងទាំហនោះដែលបានព្រាត់ប្រាស់ពីក្រុមគ្រួសាររបស់ពួកគេនៅតាមបណ្តោយព្រំដែនភាគនិរតីប្រទេសរបស់យើង»។
ពួកអស់លោកបានសរសេរទៀតថា «ក៏ប៉ុន្តែ ក្នុងនាមជាអតីតមេធាវីសហរដ្ឋអាមេរិក យើងក៏ចង់បញ្ជាក់ដែរថា គោលនយោបាយមិនអត់ឱនទាល់តែសោះជាការចេញដំណើរមួយងាកឆ្ងាយយ៉ាងខ្លាំងពីគោលនយោបាយរបស់ក្រសួងយុត្តិធម៌មុនៗ ហើយនេះជាការគ្រោះថ្នាក់មួយហើយមិនស្របទៅនឹងតម្លៃស្ថាប័នដែលយើងបានបម្រើទេ»។
នៅក្រោមគោលនយោបាយមិនអត់ឱនទាល់តែសោះដែលបានប្រកាសកាលពីពេលថ្មីៗនេះដោយលោករដ្ឋមន្ត្រីយុត្តិធម៌ Sessions គឺថា «ជនអន្តោប្រវេសន៍១រយភាគរយដែលបានឆ្លងព្រំដែនសហរដ្ឋអាមេរិកនិងម៉ិចស៊ិកខុសច្បាប់នឹងត្រូវកាត់ទោស ខណៈដែលកូនក្មេងនិងឪពុកម្តាយនឹងត្រូវបំបែកពីគ្នា»៕