មន្ត្រីសេតវិមានបាននិយាយថា លោកប្រធានាធិបតី Donald Trump នឹងចុះហត្ថលេខាលើបទបញ្ជាប្រធានាធិបតីនៅថ្ងៃអង្គារនេះ ដើម្បីបញ្ចប់ច្បាប់បរិស្ថានសម័យលោក Barack Obama ធ្វើជាប្រធានាធិបតី។ ការធ្វើដូច្នេះ គឺក្នុងគោលបំណងធ្វើការពិចារណាឡើងវិញអំពីការពិភាក្សាដេញដោលដែលប្រកាន់បក្សពួក និងពោរពេញដោយភាពប្រទាំងប្រទើស អំពីការប៉ះពាល់ដែលបណ្ដាលមកពីសកម្មភាពរបស់មនុស្សទៅលើធាតុអាកាសនៅលើផែនដី និងដើម្បីបញ្ជាក់ពីការព្រួយបារម្ភកាន់តែខ្លាំងដែលថា ការអនុវត្តកិច្ចព្រមព្រៀងអាកាសធាតុសាកលលោករាប់ទសវត្សរ៍មកនេះ ប្រហែលជាអាចដោះស្រាយបាន។
មន្ត្រីសេតវិមានជាន់ខ្ពស់មួយរូប បានប្រាប់អ្នកសារព័ត៌មានកាលពីយប់ថ្ងៃចន្ទម្សិលមិញថា លោក Trump ជឿជាក់ថា លោកអាចធ្វើឲ្យមានសមតុល្យចំពោះគោលបំណងពីរក្នុងពេលតែមួយ ដែលនោះគឺការការពារបរិស្ថាន និងការជំរុញឲ្យមានផលិតកម្មថាមពលនៅក្នុងសហរដ្ឋអាមេរិក។ មន្ត្រីរូបនេះបានបញ្ជាក់ទៀតថា កត្តាសេដ្ឋកិច្ចគឺជាកត្តាសំខាន់នៅពីក្រោយបទបញ្ជាប្រធានាធិបតីនេះ។
មន្ត្រីរូបនេះបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ពេលដែលសេដ្ឋកិច្ចខ្លាំង និងរីកចម្រើន យើងនឹងទទួលបានភាពរុងរឿង ដែលនេះជាវិធីល្អបំផុតក្នុងការការពារបរិស្ថាន»។
លោក Trump កំពុងដឹកនាំទីភ្នាក់ងាររដ្ឋាភិបាលសហព័ន្ធនានា ដើម្បីកំណត់អំពីក្បួនច្បាប់នានា ដែលរដ្ឋបាលរបស់លោកបានបញ្ជាក់ថា បានបង្អាក់ដល់ផលិតកម្មថាមពលនៅក្នុងប្រទេស។ នេះជាជំហានដំបូងបង្អស់នៅក្នុងដំណើរការរយៈពេល ៦ ខែ ដើម្បីបង្កើតគម្រោងមួយសម្រាប់គោលនយោបាយថាមពលនៅថ្ងៃអនាគតរបស់រដ្ឋបាលលោក Trump៕