លោក Donald Trump នឹងដឹកនាំប្រទេសអាមេរិកជាលើកទីមួយក្នុងនាមលោកជាប្រធានាធិបតី ក្នុងពិធីរំឭកការវាយប្រហារដោយភេរវកម្មកាលពីថ្ងៃទី១១ខែកញ្ញានៅទីក្រុងញូវយ៉ក និងរដ្ឋធានីវ៉ាស៊ីនតោន កាលពីឆ្នាំ២០០១។
លោកប្រធានាធិបតីនឹងប្រារព្ធខួប១៦ឆ្នាំនៅសេតវិមានអំពីអំពើភេរវកម្មអាក្រក់បំផុតលើស.រ.អា.ដោយមានពីធីស្មឹងស្មាធនៅម៉ោង៨និង៤០នាទីព្រឹក គឺម៉ោងដែលយន្តហោះទីមួយត្រូវចាប់ភេរវករ al-Qaida កាន់កាប់ ហើយបើកបុកអគារភ្លោះពាណិជ្ជកម្មពិភពលោក (World Trade Center) នៅទីក្រុងញូវយ៉ក។ យន្តហោះទីពីរបានបុកអគារភ្លោះមួយទៀតក្នុងពេល២៣នាទីក្រោយមក ហើយក្នុងពេលក្រោយមក អគារភ្លោះដ៏ធំបានបាក់ក្នុងភ្លើងនិងផ្សែង។ លោកប្រធានាធិបតីក៏នឹងចូលរួមពិធីរំឭកនៅព្រឹកថ្ងៃចន្ទនេះនៅក្រសួងការពារជាតិ Pentagon ដែលត្រូវយន្តហោះទីបួនដែលភេរវករបានបើកទៅបុក បង្កការខូចខាតខ្លាំង នៅថ្ងៃនោះដែរ។
នៅថ្ងៃចន្ទនេះ ទង់ជាតិអាមេរិកនឹងបក់រវិចៗនៅជិតអាគារនានា។ លោក Mike Pence អនុប្រធានាធិបតីនឹងធ្វើដំណើរទៅ Shanksville រដ្ឋ Pennsylvania ទីដែលយន្តហោះមួយទៀតដែលភេរវករបើកឆ្លាក់ក្នុងទីវាលមួយ។ គេជឿថា អ្នកដំណើរបានព្យាយាមដណ្តើមកាន់កាប់យន្តហោះវិញ ពេលដឹងថា ភេរវករ ដែលក្រវីកាំបិតនោះ មានបំណងបើកយន្តហោះមករដ្ឋធានីវ៉ាស៊ីនតោន ធ្វើការវាយប្រហារមួយទៀត ដោយមានគោលបំណងមកបុកអគារសភា ឬសេតវិមាន។ពួកគេសុខចិត្តឆ្លាក់យន្តហោះជាជាងចុះចាញ់ឲ្យភេរវករសម្រេចបំណង។ អ្នកដំណើរទាំងអស់នៅលើយន្តហោះទាំងបួននោះស្លាប់នៅថ្ងៃទី១១កញ្ញាឆ្នាំ២០០១។ ការវាយប្រហារនោះសម្លាប់ជនស្លូតត្រង់សរុបប្រហែល៣ពាន់នាក់ទាំងនៅញូវយ៉កនិងក្រសួងការពារជាតិ៕