ថ្ងៃសុក្រនេះបានកត់សម្គាល់ខួបលើកទី១៤នៃការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញាទៅលើស.រ.អា។ក្រុមអ្នកស្មឹងស្មាធបានរៀបចំផែនការនៅទូទាំងប្រទេសដើម្បីរំឮកថ្ងៃ ដែលយន្តហោះចំនួន៤គ្រឿងបានធ្វើការវាយប្រហារអត្តឃាតមកលើស.រ.អា។
យន្តហោះ២គ្រឿង បានហោះបុកមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកនៅក្នុងទីក្រុងញូយ៉ក ហើយយន្តហោះមួយគ្រឿងទៀតបានបុកក្រសួងការការពារប្រទេស ហើយយន្តហោះទី៤ បានធ្លាក់នៅកណ្តាលវាលក្នុងទីក្រុង Shanksville រដ្ឋ Pennsylvania មុនពេលទៅដល់ទីដៅរបស់វា ដែលទំនងជារដ្ឋធានីវ៉ាស៊ីនតោន។ ក្រុមគ្រួសារជនរងគ្រោះនៅក្នុងទីក្រុងញូយ៉កនឹងជួបជុំគ្នានៅថ្ងៃសុក្រនេះ ដើម្បីវាយជួង ហើយអានឈ្មោះរបស់អ្នកដែលបានស្លាប់នៅក្នុងការវាយប្រហារភេរវកម្មនោះ។
លោកប្រធានាធិបតីស.រ.អា បារ៉ាក់ អូបាម៉ា រួមជាមួយភរិយារបស់លោក និងបុគ្គលិក នឹងធ្វើការស្មឹងស្មាធជាសាធារណៈមួយរយៈពេលខ្លីនៅសួនច្បារនៅសេតវិមាន។ នៅពេលថ្ងៃត្រង់ លោកប្រធានាធិបតីនឹងធ្វើការជួបប្រជុំសាធារណៈជាមួយកងទ័ពនៅបន្ទាយទាហាន Fort Mead ខាងក្រៅរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីនិយាយជាមួយកងទ័ពអាមេរិកាំងដែលកំពុងជួយធ្វើឲ្យប្រទេសមានសុវត្ថិភាព។
ពិធីរំឮកវិញ្ញាណក្ខន្ធឯកជននឹងត្រូវធ្វើឡើងនៅពេលព្រឹកនៅឯមន្ទីរបញ្ចកោណសម្រាប់សមាជិកក្រុមគ្រួសារ ដែលបានបាត់បង់ជីវិតនៅក្នុងការវាយប្រហារនៅអាគារក្រសួងការពារជាតិ។ ពិធីជាសាធារណៈមួយទៀតនឹងត្រូវបានដឹកនាំដោយលោកAsh Carterរដ្ឋមន្រ្តីការពារជាតិអាមេរិកដែលនឹងធ្វើឡើងនៅពេលថ្ងៃត្រង់៕