ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វិហារ​អ៊ីស្លាម​នៅ​សហរដ្ឋអាមេរិក​មាន​ចំនួន​កើនឡើង ​ទោះបី​ជា​មាន​មន្ទិល​សង្ស័យក្រោយព្រឹត្តិការណ៍​ថ្ងៃ​ទី១១ ​កញ្ញា


វិហារ​អ៊ីស្លាម​​​មួយ​នៅ​សហរដ្ឋអាមេរិក
វិហារ​អ៊ីស្លាម​​​មួយ​នៅ​សហរដ្ឋអាមេរិក

ការស្ទាប​ស្ទង់​មតិ​ថ្មី​មួយ រក​ឃើញថា ​ចំនួនវិហារ​អ៊ីស្លាមនៅ​សហរដ្ឋអាមេរិក បាន​កើន​ឡើង​យ៉ាងខ្លាំង ចាប់តាំងពី​ការ​វាយប្រហារ​ដោយ​ភេរវកម្ម​ នៅ​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ​២០០១ ទោះ​បី​ជា​មាន​ការ​តវ៉ាប្រឆាំងនឹង​ការ​សាងសង់ និង​ការ​ចោទ​ប្រកាន់ថា ​វិហារ​អ៊ីស្លាមទាំងនោះ​ បាន​ជំរុញឱ្យមាន​គំនិតនិយម​កែ​ប្រែមូល​វិវដ្តក៏​ដោយ។

ការ​ស្ទាប​ស្ទង់​មតិ​នេះ​ ត្រូវ​បាន​ឧបត្ថម្ភ​ដោយក្រុម​ចម្រុះរបស់អ្នក​កាន់​អ៊ីស្លាមជាតិ​ ដោយ​មាន​កិច្ច​សហការ​ជា​មួយ ​វិទ្យាស្ថាន​ហាតហ្វឺឌ​សម្រាប់​ការ​ស្រាវជ្រាវ​ផ្នែកសាសនា (Hartford Institute for Religion Research)។

ការ​រាប់ចំនួនវិហារ​អ៊ីស្លាម​ជាង​ ២ពាន់ ១០០វិហារ បានបង្ហាញ​ពី​កំណើន ​៧៤​ភាគរយ ​ចាប់តាំងពី​ការ​រាប់​លើក​ចុងក្រោយ ​ដែល​បាន​ធ្វើ​ឡើង​មួយ​ឆ្នាំ​មុន​ការ​វាយ​ប្រហារ​ដោយភេរវកម្ម​។ កំណើន​នេះ ក៏​បាន​បង្ហាញនិន្នាការ​មួយ​ស្តីពីការ​ប្រមូល​ផ្តុំ​គ្នារបស់​សាសនិកអ៊ីស្លាម​ ឆ្ពោះ​ទៅកាន់តំបន់​ជាយ​ក្រុងនិង​ចូលរួមក្នុងសង្គម​អាមេរិកាំង​ផង​ដែរ។

សហ​អ្នក​និពន្ធ​ម្នាក់នៅ​ក្នុង​ការ​សិក្សា​នេះ គឺ​លោក អ៊ីសាន បេគប៊ី (Ihsan Bagby) ដែល​ជា​សាស្ត្រាចារ្យ​ម្នាក់ផ្នែក​ការ​សិក្សាសាសនា​អ៊ីស្លាម​ នៃសាកលវិទ្យាល័យ​គេនធូគី (University of Kentucky Islamic Studies)។

មូលនិធិ Imam Al-Khoei ដែល​ជា​អង្គការ​ស្ហ៊ីអីត​មួយ ដែល​ត្រូវ​រង​ការ​បំផ្ទុះ​គ្រាប់បែក​កាល​ពីយប់​ថ្ងៃសៅរ៍​ត្រូវបាន​ឃើញ​ក្នុង Queens borough នៃ​ក្រុង​ញូវយ៉ក ថ្ងៃទី២ មករា ២០១២។
មូលនិធិ Imam Al-Khoei ដែល​ជា​អង្គការ​ស្ហ៊ីអីត​មួយ ដែល​ត្រូវ​រង​ការ​បំផ្ទុះ​គ្រាប់បែក​កាល​ពីយប់​ថ្ងៃសៅរ៍​ត្រូវបាន​ឃើញ​ក្នុង Queens borough នៃ​ក្រុង​ញូវយ៉ក ថ្ងៃទី២ មករា ២០១២។

«សហគមន៍អ្នកកាន់សាសនាអ៊ីស្លាម​ នៅទ្វីប​អាមេរិក ​កំពុង​កើន​ឡើង មាន​ភាពរឹងមាំ​ រស់រវើក ​ហើយកាន់​តែ​ក្លាយ​ទៅជា​ផ្នែក​មួយ​នៃ​ជីវិត​របស់ជនជាតិ​អាមេរិកាំង​ហើយ។»

ទីក្រុង​ញូវយ៉ក (New York) ធ្លាប់​មាន​ចំនួន​វិហារ​អ៊ីស្លាមច្រើន​បំផុត ក្នុង​ចំនួន​២៥៧វិហារ​ ដោយរដ្ឋ​កាលីហ្វ័រញ៉ា (California) ស្ថិតក្នុង​លំដាប់​ទីពីរ ក្នុង​ចំនួន​២៤៦​វិហារ។ ប៉ុន្តែ កាល​ពីឆ្នាំ​២០០០ ខណៈដែល​ប៉ែក​ឦសាន ​ជា​តំបន់​ដែល​មាន​វិហារ​អ៊ីស្លាម​ច្រើន​បំផុត ដប់ឆ្នាំ​ក្រោយ​មក ​ចំនួនខ្ពស់បំផុត ស្ថិតនៅ​ភាគខាង​ត្បូងទៅ​វិញ។

លោក​បេគប៊ី ​មាន​ប្រសាសន៍​ថា​ វិហារអ៊ីស្លាម ត្រូវបាន​កសាងឡើងនៅ​តាម​ទីក្រុង​តូច​ៗ ​ក្នុង​រដ្ឋ​ខេនធូកគី (Kentucky) នៅភាគ​ខាងត្បូង​។

«ប្រសិនបើ​ភ្នំ​នានា​នៃ​រដ្ឋ​ខេនធូកគី​ អាច​មាន​វិហារ​អ៊ីស្លាម ហើយ​សាងសង់​វិហារ​អ៊ីស្លាម​បាន សង់​ពីលើដី​ឡើង​ទៅ ​ដូច្នេះ អ្នក​នឹង​ប្រទះ​ឃើញ​វិហារ​អ៊ីស្លាម​ នៅគ្រប់​ទីកន្លែង​តែ​ម្តង។»

លោក បេគប៊ី បាន​និយាយ​ថា​ ការ​ធ្វើ​ឥន្តោប្រវេសន៍​និង​កំណើន​ប្រជា​ពលរដ្ឋតាមធម្មជាតិ​ បាន​ផ្តល់​កម្លាំង​ជំរុញចំពោះ​កំណើននេះ រួមជាមួយ​កំណើន​ធនធាន​ហិរញ្ញវត្ថុ​របស់​ក្រុម​អ្នកកាន់សាសនា​អ៊ីស្លាម​អាមេរិក​ផង​ដែរ។

ការសាងសង់​វិហារ​អ៊ីស្លាម​មួយតាម​ការស្នើរ​ឡើង នៅក្បែរ​ទីតាំង​នៃការវាយ​ប្រហារ កាល​ពីឆ្នាំ​២០០១​ នៅ​ទីក្រុង​ញូវយ៉ក បាន​ធ្វើ​ឱ្យ​មាន​ភាព​ចម្រូង​ចម្រាស់នៅ​ទូទាំង​ប្រទេស​ កាល​ពី​ពីរ​ឆ្នាំ​មុន ហើយការចោទ​ប្រកាន់ដែល​ថា ​វិហារ​អ៊ីស្លាម​ទាំងនោះ​ បាន​កំពុងតែ​បង្កើតឲ្យ​មាន​ពួកជ្រុលនិយម​។

ប៉ុន្តែ​ មេដឹកនាំ​វិហារ​អ៊ីស្លាម​ចំនួន​៥៦​ភាគរយ ​ដែលត្រូវបាន​ស្ទាប​ស្ទង់​មតិ ​បាន​និយាយ​ថា ​ពួកគេ​បាន​បង្ហាញអំពីវិធីសាស្ត្រប្រកប​ដោយ​ភាព​បត់បែន ​ចំពោះគម្ពីរ​កូរ៉ាន់ (Quran) ​និង​ការថ្លែង​របស់​ព្យាការី​ម៉ូហាំម៉ាត់ (Prophet Muhammad) ក្នុងការគិតគូ​អំពីការ​រស់​នៅ​ក្នុងសម័យ​ទំនើប​។

នៅ​ក្នុង​បទ​សម្ភាសន៍​មួយ នៅពេល​ក្រោយ​មក លោក បេគប៊ី បាន​រំឭក​ឡើង​វិញ​ថា ក្នុង​ឆ្នាំ​២០០០ មេដឹកនាំ​វិហារ​អ៊ីស្លាម​ជាង​ពាក់​កណ្តាល ​ដែលត្រូវ​បានស្ទាបស្ទង់​មតិ ​បាន​និយាយ​ថា​ ពួកគេ​ជឿជាក់​ថា «សង្គម​អាមេរិក​ ជា​សត្រូវ​របស់សាសនា​អ៊ីស្លាម»។ ឥឡូវ​នេះ មានតែ​មួយ​ភាគ​បួន​ប៉ុណ្ណោះ​ ដែល​គិត​ថា​ជា​សត្រូវ។

«អ្វី​ដែល​បាន​កើត​ឡើង​បន្ទាប់ពី​ព្រឹត្តិការណ៍​ថ្ងៃ​ទី១១​ កញ្ញា​គឺថា ព្រឹត្តការណ៍​នេះ​ ​បានជំរុញវិហារ​អ៊ីស្លាម​ចូល​ក្នុងសហគមន៍។ ​ដោយសារតែ​បទពិសោធន៍​នោះ​ហើយ បទ​ពិសោធន៍​ដ៏​អស្ចារ្យ​នៃ​ការទាក់​ទងជាមួយ​អ្នក​ជិតខាង​និង​ក្រុម​អន្តរ​ជំនឿ​សាសនា​ផ្សេង​ទៀត​ នៅក្នុង​តំបន់ មាន​ដូចជាវិហារ​សាសនា​គ្រឹស្ត​និងវិហារសាសនាជី្វហ្វ។ បទពិសោធន៍​នេះ ​ពិតជា​បាន​កសាង​នូវកេរ្តិ៍​ដំណែលមួយ​នៃអាណិត​អាសូរ​និង​យល់ចិត្តជាមួយ​ប្រជាពលរដ្ឋ​ដែល​គោរព​សាសនា​ផ្សេង​ដទៃ​ទៀត។»

ការ​សិក្សា​នេះ ​បានរក​ឃើញថា ​សាសនិក​អ៊ីស្លាមចំនួន​២.៦​លាន​នាក់ ថ្វាយបង្គំព្រះ​នៅ​ក្នុង​វិហារ​អ៊ីស្លាម​មួយ សម្រាប់​ពិធីបុណ្យ អេដ (Eid) ដែលជាថ្ងៃ​ឈប់សម្រាក​ដ៏​សំខាន់​មួយ​ក្នុង​ប្រក្រតិទិន​អ៊ីស្លាម។ មេដឹកនាំ​អ៊ីស្លាម​មួយ​ចំនួន ​បាន​និយាយ​ថា តួលេខ​នេះ បង្ហាញ​ថា ​អ្នកកាន់អ៊ីស្លាមសរុប​ នៅទ្វីប​អាមេរិក មាន​ចំនួនប្រហែល ​៧​លាន​នាក់ ដែល​ជាតួលេខខ្ពស់ជាង​ការ​ប៉ាន់​ស្មានដទៃ​ទៀត។

លោក ដាវីឌ រូហ្សេន (David Roozen) នៃ​វិទ្យាស្ថាន​ហាតហ្វឺដ បាន​និយាយ​ថា ​សាសនា​អ៊ីស្លាម​ ប្រហែល​ជា​សាសនាចម្បងដែល​មានការរីក​ចម្រើន​យ៉ាងឆាប់រហ័ស នៅ​ក្នុង​ប្រទេស​នេះ​ ប៉ុន្តែ​ឥទ្ធិពល​របស់សាសនា​នេះ​ ​នៅ​តែ​មាន​កម្រិត​នៅ​ឡើយ។

«ទោះ​បី​ជា​មាន​កំណើន​ដ៏​ឆាប់​រហ័សក៏​ដោយ សាសនា​អ៊ីស្លាមនៅសហរដ្ឋអាមេរិក មាន​ចំនួន​ប្រហែល​ ​២ ឬ៣ ឬ៤​ភាគរយ​នៃ​ប្រជា​ពលរដ្ឋសរុប​ប៉ុណ្ណោះ។»

លោក រូស្សេន បាន​ចងក្រងឯកសារនូវអ្វី​ដែល​លោកពណ៌នា​ថាជា«ការ​សឹក​រិចរិល​អនុភាពនៃ​ក្រុម​ជំនុំ»​សម្រាប់និកាយ​សាសនា​គ្រឹស្ត​នានា ប៉ុន្តែ ​លោក និយាយ​ថា ការ​ព្រួយ​បារម្ភ​ចំបង​របស់​ពួកគេ​ គួរតែ​មិនមែន​ជា​ចំនួន​វិហារអ៊ីស្លាមដែលកំពុងកើន​ឡើង​នោះ​ទេ។ លោក​មាន​ប្រសាសន៍​ថា ​វា​គួរមានចំនួន​១៥​ភាគរយ​ នៃ​ប្រជាពលរដ្ឋ​អាមេរិកាំង​ដែល​គ្មាន​សាសនាទៅវិញទេ ដែល​ជា​ក្រុម​កំពុង​កើន​ឡើងយ៉ាងឆាប់​រ​ហ័សបំផុត នៅក្នុងការ​ស្ទាបស្ទង់​មតិ​ថ្នាក់ជាតិសំខាន់​ៗ សម្រាប់​សាសនាទាំង​អស់៕

ប្រែ​សម្រួល​ដោយ៖ ឃួន ធារ៉ា

XS
SM
MD
LG