លោក Donald Trump (ដូណាល់ ត្រាំ) បេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ មានគម្រោងនិយាយនៅថ្ងៃចន្ទនេះថាតើលោក នឹងប្រយុទ្ធប្រឆាំងភេរវជនឥស្លាមយ៉ាងដូចម្តេច ទើបតែប៉ុន្មានថ្ងៃបន្ទាប់ពីអះអាងថា លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ានិងលោកស្រី Hillary Clinton (ហ៊ីលឡារី គ្លីនតុន) បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ បានបង្កើតក្រុមជនសកម្មប្រយុទ្ធរដ្ឋឥស្លាម។
លោក Trump ដែលជាមហាសេដ្ឋីអចលនទ្រព្យដែលកំពុងស្វះស្វែងរកកាន់ដំណែងប្រធានាធិបតីលើកដំបូង បាននិយាយអស់រយៈពេលប៉ុន្មានខែនេះថា លោកនឹងចាត់វិធានការតឹងរ៉ឹងជាមួយពួកជីហាដនៅក្នុងតំបន់មជ្ឈឹមបូព៌ាជាងលោកប្រធានាធិបតីអូបាម៉ា។ ក៏ប៉ុន្តែលោកមិនបានបញ្ចេញផែនការវាយប្រហារជាក់លាក់ទេ។លោកTrump បានបញ្ឆេះឲ្យមានការរិះគន់ថ្មីៗលើបេក្ខភាពប្រធានាធិបតីរបស់លោកកាលពីសប្តាហ៍មុននៅពេលដែលលោក និយាយមិនពិតថា លោកប្រធានាធិបតីអូបាម៉ានិង លោកស្រីគ្លីនតុនបានបង្កើតក្រុមរដ្ឋឥស្លាម។ លោក Trump បន្ទាប់មកបាននិយាយម្តងហើយម្តងទៀតពីការអះអាងនោះ ដែលក្រោយមកនិយាយថា លោកចង់និយាយថា កំណត់សម្គាល់នោះ ជាការនិយាយចំអក។
លោក Jeff Sessions សមាជិកព្រឹទ្ធសភារដ្ឋ Alabamaដែលជាអ្នកគាំទ្រលោក Trump ដ៏សំខាន់ម្នាក់ បានប្រាប់បណ្តាញទូរទស្សន៍ ABC កាលពីថ្ងៃអាទិត្យថា «លោក Trump នឹងនិយាយអំពីថាតើយើងស្តារទំនុកចិត្តឡើងវិញយ៉ាងដូចម្តេចជាមួយសម្ព័ន្ធមិត្តនិងមិត្តភ័ក្រ្តរបស់យើងនៅក្នុងតំបន់ដែលមានអរិភាព ក៏ដូចជាតស៊ូប្រឆាំងភេរវកម្មផងដែរ។ លោកនឹងនិយាយអំពីថាតើយើងវាយប្រហារសត្រូវរបស់យើង ហើយនឹងធ្វើការជាមួយមិត្តរបស់យ៉ាងដូចម្តេច ដើម្បីមិនធ្វើឲ្យមានអស្ថេរភាពដល់ប្រទេសនានាដូចដែលលោកប្រធានាធិបតីអូបាម៉ានិងលោកស្រីគ្លីនតុនបានធ្វើនោះ»៕