ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Trump​ និយាយ​ថា​ពួក​អ្នក​រិះ​គន់ក្នុង​គណបក្ស​សាធារណរដ្ឋ​ធ្វើ​ឲ្យ​ស.រ.អា.​ច្របូក​ច្របល់


បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​លោក Donald Trump លើក​​ដៃ​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​ឯ​យុទ្ធនាការ​ឃោសនា​នៅ​សាកល​វិទ្យាល័យ​មួយ​ក្នុង​ទីក្រុង​ Wilmington រដ្ឋ North Carolina កាល​ពី​ថ្ងៃ​អង្គារ។
បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​លោក Donald Trump លើក​​ដៃ​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​ឯ​យុទ្ធនាការ​ឃោសនា​នៅ​សាកល​វិទ្យាល័យ​មួយ​ក្នុង​ទីក្រុង​ Wilmington រដ្ឋ North Carolina កាល​ពី​ថ្ងៃ​អង្គារ។

កាល​ពី​ថ្ងៃ​អង្គារ​ លោក Donald Trump ​បេក្ខជន​ប្រធានាធិបតី​ស.រ.អា.​ខាង​គណបក្ស​សាធារណរដ្ឋ​បាន​វាយ​ប្រហារ​ដោយ​ពាក្យ​សម្តី​ទៅ​លើពួក​អ្នក​រិះគន់​លោក​នៅ​ខាង​ក្នុង​គណ​បក្ស ទោះ​ណា​ជា​ការ​ស្ទង់​មតិ​មួយ​ទៀត​បាន​បង្ហាញ​ថា​ គូ​ប្រជែង​របស់​លោក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ គឺ​លោកស្រី​ Hillary Clinton មាន​ការ​គាំទ្រ​ច្រើន​ជាង​លោក​ក៏​ដោយ។

ការវាយ​ប្រហារ​ដោយ​ពាក្យ​សម្តី​របស់លោក ​Trump ​មាន​ឡើង​នៅ​ពេល​ដែល​មន្ត្រី​ជា​ច្រើន​បាន​និយាយ​ថា​ ពួកគេ​មិន​អាច​គាំទ្រ​លោក​ Trump ​បាន​ទេ។ មន្ត្រី​ទាំង​នោះ​រួម​មាន​លោក​ស្រី​ Susan Collins ​សមាជិកា​ព្រឹទ្ធ​សភា​ស.រ.អា.​ប្រចាំ​រដ្ឋ​ Maine អតីត​ប្រធានទីភ្នាក់ងារ​ការពារ​បរិដ្ឋាន​របស់​ប្រទេស​ពីរ​រូប​ ​និង​អតីត​មន្ត្រី​៥០​រូបខាង​សន្តិសុខ​ជាតិ​ និង​ខាង​គោលនយោបាយ​ការបរទេស​ដែល​បាន​បម្រើការ​ក្រោម​រដ្ឋបាល​សាធារណរដ្ឋ​កាល​ពី​ពេល​មុនៗ។

លោក ​Trump ​បាន​និយាយ​តាម​ Twitter​ របស់​លោក​ថា៖ «ខ្ញុំ​ឈរ​ឈ្មោះ​ប្រឆាំង​នឹង​ពួក​អ្នកនយោបាយ​នៅ​ខាង​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ ដូច​ដែល​ខ្ញុំ​បាន​ធ្វើ​ក្នុង​ការ​បោះឆ្នោត​បឋម​ដែរ។ មនុស្ស​ទាំង​នេះ​សុទ្ធតែ​ជា​ពួក​ជន​ដែល​បាន​ធ្វើ​ឱ្យ​ស.រ.អា.​មាន​ភាព​ច្របូក​ច្របល់»។

ការ​ស្ទង់​មតិ​ខាង​នយោបាយ​ជា​ច្រើន​បង្ហាញ​ថា​ លោក​ស្រី​ Clinton មាន​ការ​គាំទ្រ​ច្រើន​លើស​លោក​ Trump។​

ការស្ទង់​មតិ​ប្រចាំ​សប្តាហ៍​រួម​គ្នា​រវាង​បណ្តាញ​ទូរទស្សន៍​អាមេរិកាំង​ NBC News និង​អង្គការ​ Survey Monkey ​ដែល​បាន​ត្រូវ​ចេញ​ផ្សាយ​កាលពី​ថ្ងៃអង្គារ​បាន​បង្ហាញ​ថា លោក​ស្រី Clinton មាន​ការ​គាំទ្រ​៥១ភាគរយ​ ហើយ​លោក​ Trump មាន​ការ​ទ្រទ្រង់​តែ៤១​ភាគរយ ​ដោយ​កើន​ឡើង​ពី​ចំនួន​ដាច់​ពីគ្នា​៨ភាគ​រយ​កាល​ពី​សប្តាហ៍​មុននេះ​ ហើយ​ជា​ភាព​ដាច់​គ្នា​ធំបំផុត​រវាង​បេក្ខជន​ទាំង​ពីរ​នាក់​នេះ​ចាប់​តាំង​ពី​ពេល​ដែល​បណ្តាញ​ទូរទស្សន៍​នេះ​បាន​ចាប់​ផ្តើម​ធ្វើការ​ស្ទង់មតិ​អំពី​ការ​ប្រកួត​ប្រជែង​គ្នានេះ​កាល​ពី​ដើម​ខែ​ឧសភា​មក។

សាកលវិទ្យាល័យ​ Quinnipiac ​បាន​និយាយ​ថា​ ការ​ស្ទង់មតិ​របស់​ខ្លួន​នៅ​ក្នុង​រដ្ឋ៣​ដែល​មាន​ការ​ប្រកួ​ត​ប្រជែង​គ្នា​ខ្លាំង​បាន​បង្ហាញ​ថា​ លោកស្រី​ Clinton នាំ​មុខ​បន្តិច​លើលោក​ Trump ​គឺ​៤៦ភាគរយ​ទល់​នឹង​៤៥​ភាគរយ​នៅ​ក្នុង​រដ្ឋ​ Florida នា​ប៉ែក​អាគ្នេយ៍​ស.រ.អា., ៤៩​ភាគ​រយ​ទល់​នឹង​៤៥​ភាគ​រយ​ក្នុង​រដ្ឋ​ Ohio​ ក្នុង​ផ្នែក​កណ្តាល​ខាង​លិច​នៃ​ប្រទេស​អាមេរិក​ និង​៥២​ភាគរយ​ទល់​នឹង​៤២​ភាគ​រយ​នៅ​ក្នុង​រដ្ឋ Pennsylvania ​នា​ប៉ែក​ខាង​កើត​ប្រទេស។

នៅ​ក្នុង​អត្ថបទ​បញ្ចេញ​មតិ​មួយ​ក្នុង​កាសែត​ The Washington Post​ លោកស្រី​Collins ​បាន​មាន​ប្រសាសន៍​ថា​ លោ​ក​ Trump ​មិន​តំណាង​សេចក្តី​ថ្លៃ​ថ្នូរ​របស់​គណបក្ស​សាធារណរដ្ឋ​ទេ​ ឬ​«ជា​របៀប​ដោះស្រាយ​មាន​រួម​បញ្ចូល​ភាគី​ទាំង​អស់​ដើម្បី​គ្រប់​គ្រង»​ ដែល​ប្រទេស​អាមេរិក​ត្រូវការ​នោះ​ទេ៕

XS
SM
MD
LG