កាលពីថ្ងៃព្រហស្បតិ៍ លោកប្រធានាធិបតីស.រ.អា.បានបង្កើនការភ័យខ្លាចថែមទៀតអំពីក្រុមជនអន្តោប្រវេសន៍គ្មានឯកសារហើយលោកបានសន្យាថានឹងចេញបទបញ្ជានីតិប្រតិបត្តិមួយ «នៅពេលណាមួយក្នុងសប្តាហ៍ក្រោយ» ដែលនឹងរឹតត្បិតតឹងរ៉ឹងដល់ពួកជនស្វះស្វែងរកកន្លែងជ្រកកោនដែលបានមកដល់ជិតព្រំដែនខាងត្បូងរបស់ស.រ.អា.។
នៅក្នុងការប្រមូលផ្តុំបែបនយោបាយមួយកាលពីយប់ថ្ងៃព្រហស្បតិ៍នៅក្នុងក្រុង Columbia រដ្ឋ Missouri លោកប្រធានាធិបតីបាននិយាយជាច្រើនដងអំពីបំណងរបស់លោកក្នុងការកែប្រែវិសោធនកម្មមួយក្នុងរដ្ឋធម្មនុញ្ញស.រ.អា.ដែលធានារ៉ាប់រងការផ្តល់សញ្ជាតិអាមេរិកាំងដល់ជនទាំងឡាយណាដែលកើតក្នុងស.រ.អា.។
លោកប្រធានាធិបតីបាននិយាយនៅក្នុងការប្រមូលផ្តុំនេះថា លោកប្រឆាំងនឹង «វិស័យទេសចរណ៍កើតកូន» ភាសាអង់គ្លេសហៅថា «birth tourism» ដែលពួកស្ត្រីបរទេសមានផ្ទៃពោះធ្វើដំណើរមកកាន់ស.រ.អា.ដើម្បីកើតកូនដើម្បីឱ្យកូនពួកគេមានសញ្ជាតិអាមេរិកាំងជាស្វ័យប្រវត្តិ។
លោក Trump បាននិយាយថា លោកអាចកែប្រែវិសោធនកម្មទី១៤ដោយប្រើបទបញ្ជានីតិប្រតិបត្តិមួយ ក៏ប៉ុន្តែពួកអ្នកវិភាគខាងច្បាប់មិនយល់ស្របទេ ដោយពួកគេបាននិយាយថា ត្រូវមានវិធានការច្រើនជាងបទបញ្ជានីតិប្រតិបត្តិដើម្បីកែប្រែរដ្ឋធម្មនុញ្ញស.រ.អា.៕