ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អ្នក​ច្បាប់​ប្ដឹង​ប្រឆាំង​វិធានការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​របស់​រដ្ឋបាល​លោក Trump


ស្ត្រី​ម្នាក់​ស្រែក​ពាក្យ​ស្លោក​នៅ​ក្នុង​ពេល​ប្រមូល​ផ្តុំ​មួយ​ប្រឆាំង​នឹង​បំរាម​ធ្វើ​ដំណើរ​លើ​ប្រទេស​មូស្លីម​មួយ​ចំនួន នៅ​ក្នុង​ក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨។
ស្ត្រី​ម្នាក់​ស្រែក​ពាក្យ​ស្លោក​នៅ​ក្នុង​ពេល​ប្រមូល​ផ្តុំ​មួយ​ប្រឆាំង​នឹង​បំរាម​ធ្វើ​ដំណើរ​លើ​ប្រទេស​មូស្លីម​មួយ​ចំនួន នៅ​ក្នុង​ក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨។

មនុស្ស​មួយ​ក្រុម​ដែល​មាន​គ្នា ៣៦ នាក់ បាន​ដាក់​ពាក្យ​បណ្ដឹង​ជា​លើក​ដំបូង​បង្អស់​ប្រឆាំង​នឹង​ការ​ហាម​ប្រាម​ការ​ធ្វើ​ដំណើរ​ដែល​ធ្វើ​ឡើង​ដោយ​រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បន្ទាប់ពី​តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​បាន​សម្រេច​គាំទ្រ​វិធានការ​នេះ​កាល​ពី​ខែ​មិថុនា​កន្លង​ទៅ​នេះ។

អង្គការ Muslim Advocates អង្គការ Lotfi Legal LLC ក្រុមហ៊ុន Immigrant Advocacy & Litigation Center PLLC និង​ក្រុមហ៊ុន Public Counsel បាន​ដាក់​ពាក្យ​បណ្ដឹង​រួម​គ្នា​តំណាង​ឲ្យ​មនុស្ស​មួយ​ចំនួន​ដែល​ត្រូវ​បាន​រដ្ឋបាល​របស់​លោក Trump បដិសេធ​ទិដ្ឋាការ​របស់​ពួកគេ​ដោយ​គ្មាន​ហេតុ​ផល​ត្រឹមត្រូវ ឬ​ក៏​ពាក្យ​សុំ​ទិដ្ឋាការ​របស់​ពួកគេ​ត្រូវ​បាន​ជាប់​គាំង។

សេចក្ដី​ប្រកាស​របស់​លោក​ប្រធានាធិបតី Trump នៅ​ក្នុង​ការ​ហាម​ប្រាម​ការ​ធ្វើ​ដំណើរ​នេះ អនុញ្ញាត​ឲ្យ​មាន​ការ​លើកលែង​មួយ​ចំនួន​នៃ​ការ​ដាក់​កំហិត​ការ​ធ្វើ​ដំណើរ​នេះ។

ការ​លើកលែង​ទាំង​នេះ​ត្រូវ​បាន​ផ្ដល់​ឲ្យ​មួយ​ករណី​ម្ដងៗ នៅ​ក្នុង​លក្ខខណ្ឌ​ដែល​អ្នក​សុំ​ទិដ្ឋាការ​អាច​បង្ហាញ​ថា ការ​ដាក់​កំហិត​នេះ​អាច​បណ្ដាល​ឲ្យ​មាន​ការ​រង​ទុក្ខ​វេទនា​ហួសហេតុ ពួកគេ​មិន​មែន​ជា​ការ​គំរាម​កំហែង​ចំពោះ​សន្តិសុខ​ជាតិ និង​ការ​ធ្វើ​ដំណើរ​មក​ដល់​សហរដ្ឋ​អាមេរិក​នេះ​គឺ​មិន​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​របស់​សហរដ្ឋ​អាមេរិក។

អ្នក​ដាក់​ពាក្យ​បណ្ដឹង​ទាំង​នេះ ស្នើ​តុលាការ​ថ្នាក់​ស្រុក​មួយ​របស់​សហរដ្ឋ​អាមេរិក​ឲ្យ​បញ្ជា​ឲ្យ​រដ្ឋបាល​របស់​លោក Trump បញ្ឈប់​ការ​អនុវត្ត​ខុស​ច្បាប់​របស់​ខ្លួន ចាត់​ទុក​ជា​មោឃៈ​ចំពោះ​ការ​បដិសេធ​ទិដ្ឋាការ​កាល​ពី​លើក​មុន ពិនិត្យ​ឡើង​វិញ​នូវ​ពាក្យ​សុំ​នីមួយៗ​ក្នុង​មួយ​ករណី​ម្ដងៗ និង​ផ្ដល់​ការ​ណែនាំ​ឲ្យ​បាន​ជាក់​ច្បាស់​អំពី​ថា​តើ​នរណា​ដែល​អាច​ទទួល​បាន​ការ​លើកលែង​នេះ៕

XS
SM
MD
LG