ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump​ ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​ទី​៣​ដែល​ត្រូវ​រដ្ឋសភា​ចោទ​ប្រកាន់​ដក​ពី​តំណែង


លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Donald Trump ប្រតិកម្ម​ក្នុង​អំឡុង​ការ​ជួប​ប្រជុំ​ជាមួយ​​អ្នក​គាំទ្រ​ក្នុង​​យុទ្ធនាការ​បោះឆ្នោត​នៅ​ទីក្រុង Battle Creek រដ្ឋ​ Michigan កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ​ ឆ្នាំ​២០១៩។
លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Donald Trump ប្រតិកម្ម​ក្នុង​អំឡុង​ការ​ជួប​ប្រជុំ​ជាមួយ​​អ្នក​គាំទ្រ​ក្នុង​​យុទ្ធនាការ​បោះឆ្នោត​នៅ​ទីក្រុង Battle Creek រដ្ឋ​ Michigan កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ​ ឆ្នាំ​២០១៩។

ការ​បោះឆ្នោត​នេះ​បាន​បញ្ចប់​​ការ​ស៊ើប​អង្កេត​ដ៏​​មាន​ការ​បែកបាក់​ជា​បក្ស​ពួក​ជាក់​ច្បាស់​រយៈ​ពេល​បី​ខែ​របស់​រដ្ឋសភា​សហរដ្ឋ​អាមេរិក​ចំពោះ​លោក​ប្រធានាធិបតី។​​

លោក​ ដូណាល់ ត្រាំ (Donald Trump) នៅ​ពេល​នេះ​បាន​ក្លាយ​ជា​ប្រធានាធិបតីទី​៣ ក្នុង​ប្រវត្តិសាស្ត្រ​២៣០​ឆ្នាំ​របស់​សហរដ្ឋ​អាមេរិក ដែល​ត្រូវ​បាន​រង​ការ​ចោទ​ប្រកាន់​ដក​តំណែង​ជា​ផ្លូវការ​ពី​រដ្ឋសភា​សហរដ្ឋ​អាមេរិក។

ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក លោក​ស្រី Nancy Pelosi បាន​ព្រមាន​មិន​ឲ្យអ្នក​តំណាងរាស្ត្រពី​គណបក្ស​ប្រជាធិបតេយ្យ​អបអរ​នឹង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នេះ​ទេ។

នៅ​ក្រោយ​ពី​ទទួល​ស្គាល់​ថាការ​បោះឆ្នោត​មុន​នោះ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ លោកស្រី​មាន​ប្រសាសន៍​ថា៖ «វា​ជា​សោកនាដកម្ម​មួយ​ដែលភាព​ធ្វេសប្រហែស​របស់​លោក​ប្រធានាធិបតី​បាន​ធ្វើ​ឲ្យ​ដំណើរការ​ចោទ​ប្រកាន់​ដក​ពី​តំណែង​ក្លាយ​ជា​រឿង​ចាំបាច់។ លោក​មិន​បាន​ផ្តល់​ជម្រើស​អ្វី​ដល់​យើង​ខ្ញុំ​ទេ។‍»​

ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក លោក​ស្រី Nancy Pelosi កាន់​ញញួរ​ឈើ​ខណៈ​ដែល​លោកស្រី​ធ្វើ​ជា​ប្រធាន​នៃ​សម័យ​ប្រជុំ​រដ្ឋសភាដែល​បាន​អនុម័តជា​ផ្លូវការ​បទ​ចោទ​ពីរ​ករណី​ដើម្បី​ដក​លោក​ប្រធានាធិបតី Donald Trump ពី​តំណែង នៅ​សាល​ប្រជុំ​រដ្ឋសភាក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ពុធ​ ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៩។
ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក លោក​ស្រី Nancy Pelosi កាន់​ញញួរ​ឈើ​ខណៈ​ដែល​លោកស្រី​ធ្វើ​ជា​ប្រធាន​នៃ​សម័យ​ប្រជុំ​រដ្ឋសភាដែល​បាន​អនុម័តជា​ផ្លូវការ​បទ​ចោទ​ពីរ​ករណី​ដើម្បី​ដក​លោក​ប្រធានាធិបតី Donald Trump ពី​តំណែង នៅ​សាល​ប្រជុំ​រដ្ឋសភាក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ពុធ​ ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៩។

ការ​បោះឆ្នោត​នេះ​បាន​បញ្ចប់ការ​ស៊ើប​អង្កេត​ដ៏មាន​ការ​បែកបាក់​ជា​បក្ស​ពួក​ជាក់​ច្បាស់​រយៈ​ពេល​បី​ខែ​របស់​រដ្ឋសភា​សហរដ្ឋ​អាមេរិក​ចំពោះ​លោក​ប្រធានាធិបតី។

ការ​ស៊ើប​អង្កេត​ចាប់​ផ្តើម​ឡើង​ដំបូង​ពីការ​ប្តឹង​របស់​អ្នក​លួច​បញ្ចេញ​ព័តមាន​អំពី​សកម្មភាព​ខុសច្បាប់ដែល​ចោទ​ថា​លោក​ប្រធានាធិបតី​ត្រាំ​បាន​ពន្យារជំនួយ​យោធា​ដល់​ប្រទេស​អ៊ុយក្រែនតម្លៃ​ប្រមាណ​៤០០​លាន​ដុល្លារ​ដែល​ត្រូវ​បាន​សភា​អនុម័ត​រួច ដើម្បី​ជា​ថ្នូរ​នឹង​ការ​ជួយ​ខាង​នយោបាយ​មួយ​ពី​មេដឹកនាំ​អ៊ុយក្រែន​ ដើម្បី​ជួយ​ស៊ើប​អង្កេត​គូប្រជែង​ខាង​នយោបាយ​របស់​លោក​គឺ​លោក Joe Biden និង​កូន​របស់​លោក​ឈ្មោះ Hunter Biden ដែល​សកម្មភាព​នេះ​ត្រូវ​បាន​សមាជិកសភា​គណបក្ស​ប្រជាធិបតេយ្យ​ពិពណ៌នា​ថាបាន​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ប្រព័ន្ធលទ្ធិប្រជាធិបតេយ្យ​របស់​អាមេរិក។

លោក Adam Schiff ប្រធាន​គណៈកម្មាធិការ​ស៊ើប​ការណ៍​សម្ងាត់​នៃ​រដ្ឋសភា ថ្លែង​ថា៖ «នៅ​អាមេរិក មិន​មាន​អ្នក​ណា​នៅ​ពី​លើ​ច្បាប់​ទេ។ លោក Donald J. Trump បាន​លះបង់​សន្តិសុខ​ជាតិ​របស់​យើង​និង​ក្នុង​កិច្ចប្រឹងប្រែង​ដើម្បី​ លួច​បន្លំ​នៅ​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ។ ហើយ​ដោយ​សារ​គោលដៅ​របស់​លោក​នេះ និង​ការ​ព្យាយាម​របស់​លោក​ជា​បន្តបន្ទាប់​ដើម្បី​ស្វែង​រក​ការ​ជ្រៀតជ្រែក​របស់​បរទេស​ចូល​ក្នុង​ការ​បោះឆ្នោត​របស់​យើង លោក (ត្រាំ) ត្រូវ​តែ​ត្រូវ​បាន​ចោទ​ប្រកាន់​ដក​ពី​តំណែង។‍

ថ្លែង​ក្នុង​អំឡុង​ពេល​លោក​កំពុង​ត្រូវ​បាន​អ្នក​តាក់តែង​ច្បាប់ចោទ​ប្រកាន់​ជា​ផ្លូវការ​ដើម្បី​ដក​ហូត​ពី​តំណែង លោក​ប្រធានាធិបតី​ត្រាំ​ថ្លែង​ថា ការ​បោះឆ្នោត​នេះ​នឹង​បំផ្លាញ​ជោគវាសនា​នយោបាយ​របស់​គណបក្ស​ប្រជាធិបតេយ្យ​ជា​ជាង​របស់​លោក​ប្រធានាធិបតី។

លោក​ត្រាំ​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​រដ្ឋ Michigan ថា៖ «ការ​ចោទ​ប្រកាន់​ជា​ផ្លូវការ​ដក​ពី​តំណែង​នៅ​ថ្ងៃ​នេះ ​មាន​ភាព​ខុស​ច្បាប់​ និង​ប្រព្រឹត្ត​ធ្វើ​តាម​និន្នាការ​គណបក្ស​សុទ្ធសាធ​របស់​ពួកគណបក្ស​ប្រជាធិបតេយ្យ​ដែល​មិន​ដែល​ធ្វើ​កិច្ចការ​អ្វី​ទេ។ ពួក​គេ​បាន​ប្រកាស​អំពី​ការ​ស្អប់​ខ្ពើម​ជា​ខ្លាំង​ចំពោះ​អ្នក​បោះឆ្នោត។ សកម្មភាព​នេះ​ជា​អត្តឃាត​នយោបាយ​សម្រាប់​ពួក​គេ។‍»

សមាជិក​រដ្ឋ​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​ទាំង​អស់​នៅ​ស្មោះ​ស័្មគ្រ​ជាមួយ​នឹង​លោក​ប្រធានាធិបតី​ ត្រាំ​ ដោយ​ពួក​គេ​បាន​ប្រកែក​ថា គណបក្ស​ប្រជាធិបតេយ្យ​កំពុង​ព្យាយាម​ធ្វើ​មោឃៈភាព​លទ្ធផល​នៃ​ការ​បោះឆ្នោត​ឆ្នាំ២០១៦។

លោក Doug Collins សមាជិក​រដ្ឋសភា​ខាង​គណបក្ស​សាធារណរដ្ឋ​បាន​ថ្លែង​ថា៖ «ពួក​គេ​មិន​អាច​ទម្លាក់​កំហុស​លើ​លោក ​ត្រាំ ដែល​ប្រាសចាក​ពី​ការ​ពិត​បាន​ទេ។ លោក​ប្រធានាធិបតី​មិន​បាន​ធ្វើ​អ្វី​ខុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ»។

ការ​ស្ទង់​មតិ​បង្ហាញ​ថា មិន​មែន​មាន​តែ​ក្រុម​អ្នក​តំណាង​រាស្ត្រ​ប៉ុណ្ណោះ​ទេ​ដែល​បែក​បាក់​គ្នា។ ពលរដ្ឋ​អាមេរិក​៤៣ភាគរយ​គាំទ្រ​លោក ត្រាំ ខណៈ​ដែល​ប្រមាណ​ពាក់​កណ្តាល​នៃ​ពលរដ្ឋ​អាមេរិកាំង​គាំទ្រ​ការ​ប្តឹង​ទម្លាក់​លោក ត្រាំ ពី​តំណែង។

អ្នក​តំណាងរាស្ត្រ​បោះឆ្នោត​សម្រេច​ជា​ផ្លូវ​ការ​ទៅ​លើ​ការ​ចោទ​ប្រកាន់​ដកហូត​លោក​ប្រធានាធិបតី​ Donald Trump ចេញ​ពី​តំណែង ខណៈលោកស្រី Nancy Pelosi ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក ធ្វើ​ជា​ប្រធាន​សម័យ​ប្រជុំបោះឆ្នោតនេះ កាល​ពីថ្ងៃពុធ ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៩។
អ្នក​តំណាងរាស្ត្រ​បោះឆ្នោត​សម្រេច​ជា​ផ្លូវ​ការ​ទៅ​លើ​ការ​ចោទ​ប្រកាន់​ដកហូត​លោក​ប្រធានាធិបតី​ Donald Trump ចេញ​ពី​តំណែង ខណៈលោកស្រី Nancy Pelosi ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក ធ្វើ​ជា​ប្រធាន​សម័យ​ប្រជុំបោះឆ្នោតនេះ កាល​ពីថ្ងៃពុធ ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៩។

លោក Larry Sabato អ្នក​វិភាគ​នយោបាយ​និង​ជា​នាយក​មជ្ឈមណ្ឌល​នយោបាយ​នៅ​សាកល​វិទ្យាល័យ​ Virginia បាន​ថ្លែង​ថា៖ «វា​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​ខុស​ពី​ការ​ចោទ​ប្រកាន់​ប្តឹង​ទម្លាក់​ប្រធានាធិបតី​កាលពី​លើក​មុន។ ប៉ុន្តែ​ការណ៍​នេះ​មិន​មែន​មាន​ន័យ​ថា លោក​នឹងត្រូវគេ​ទម្លាក់​ពី​តំណែងមុន​ចប់​អាណត្តិ​នោះ​ទេ។ យើង​ប្រកាន់​បក្ខពួក​ខ្លាំង​ណាស់​ក្នុង​គ្រា​នេះ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ហើយ​ការ​លាប​ពណ៌​ដោយ​គណបក្ស​នីមួយៗ​មាន​ភាព​តានតឹង​ខ្លាំង ដែល​ការ​ចោទ​ប្រកាន់​ប្តឹង​ទម្លាក់​មិន​មែន​ជា​អំណាច​មួយ​ទៀត​នោះ​ទេ»។

ប៉ុន្តែ​ការ​បោះឆ្នោត​ជា​ប្រវត្តិសាស្ត្រ​នេះ​បាន​ដាក់​លោក​ ត្រាំ​ នៅ​ក្នុង​ក្រុម​ប្រធានាធិបតី​តូច​មួយ​របស់​អាមេរិក​ជា​រៀង​រហូត ដែល​ត្រូវ​បាន​ចងចាំ​ថា​ត្រូវ​ប្រឈម​នឹង​ការ​មិន​ពេញ​ចិត្ត​ខ្លាំង​ពី​សំណាក់​ក្រុម​អ្នក​តំណាង​រាស្ត្រ។ ខណៈ​ដែល​បទ​ចោទ​ប្រកាន់​របស់​គណបក្ស​ប្រជាធិបតេយ្យ​ដើម្បី​ប្តឹង​ទម្លាក់​លោក ត្រាំ តម្រូវ​ឲ្យ​ឆ្លង​កាត់​ព្រឹទ្ធសភា​ដែល​កាន់​កាប់​ដោយ​គណបក្ស​សាធារណរដ្ឋ​នៅ​ដើម​ឆ្នាំ​ក្រោយ​នេះ លោក​ទំនង​នឹង​ត្រូវ​រួច​ខ្លួន​ហើយ​បន្ត​កាន់​តំណែង​ត​ទៅ​មុខ​ទៀត។

លោក Sabato បាន​ថ្លែង​បន្ត​ទៀត​ថា៖ «គណបក្ស​សាធារណរដ្ឋ​នឹង​មិន​ទម្លាក់​លោក​ត្រាំ​ ទេ។ ប៉ុន្តែ​វា​ជា​ការ​ព្រមាន​មួយ​ទៅ​កាន់​លោក​ប្រធានាធិបតី ត្រាំ ថា មិន​ថា​លោក​ត្រូវ​កាន់​តំណែង​ជា​ប្រធានាធិបតី​មួយ​ឆ្នាំ​ឬ​៥ឆ្នាំ​ទៀត​នោះ​ទេ​ វា​នឹង​ក្រើន​រំឭក​ដល់​លោក​អំពី​អ្វី​ដែល​អាច​នឹង​កើត​ឡើង​ប្រសិន​បើ​លោក​ប្រព្រឹត្ត​នូវ​រឿង​ដែល​ហួស​ហេតុ​ពេក»។

បើ​ទោះ​បី​ជា​មាន​ការ​រំពឹង​ទុក​ជា​មុន​ហើយ​ថា លោក ​ត្រាំ​ នឹង​ត្រូវ​រួច​ខ្លួន​ពេល​បទ​ចោទ​ប្រកាន់​នេះ​ឡើង​ដល់​ព្រឹទ្ធសភា​ក៏​ដោយ​ក្តី ការ​ចោទ​ប្រកាន់​ដើម្បី​ប្តឹង​ទម្លាក់​ប្រធានាធិបតី​គឺ​ជា​រឿង​មួយ​ដ៏​កម្រ​កើត​ឡើង​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក ហើយ​ឥឡូវ​នេះ​លោក​ប្រធានាធិបតី​ ត្រាំ ត្រូវ​បាន​ចារ​ក្នុង​ប្រវត្តិសាស្ត្រ​ជា​រៀង​រហូត​ថា ​លោក​បាន​រង​ពី​បទ​ចោទ​ប្រកាន់​ទាំង​នេះ៕

ប្រែ​សម្រួល​ដោយ សឹង សុផាត និង​ ស្រេង លក្ខិណា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG