ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​​​ហ៊ុន សែន​​គំរាម​កាសែត​ The Cambodia Daily ​ខណៈ​ដែល​ម្ចាស់​កាសែត​រំឭក​ប្រវត្តិ​សាស្ត្រការទូត​​អាមេរិក​-កម្ពុជា


ទិដ្ឋភាព​ក្នុង​ការិយាល័យ​កាសែត​ឌឹខេមបូឌាដែលី។ (រូបថត​ដោយ ស៊ីវ ចាន់ណា/The Cambodia Daily)
ទិដ្ឋភាព​ក្នុង​ការិយាល័យ​កាសែត​ឌឹខេមបូឌាដែលី។ (រូបថត​ដោយ ស៊ីវ ចាន់ណា/The Cambodia Daily)

លោកនាយក​រដ្ឋ​មន្ត្រី​ លោក​ ហ៊ុន​ សែន​ ​នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​ព្រមាន​ស្ថាប័ន​ក្រៅ​រដ្ឋាភិបាល​មួយ​ដែល​លោក​អះអាង​ថា ​មិន​បាន​បង់​ព​ន្ធ​ជូន​រដ្ឋ​រយៈពេល​ ១០​ឆ្នាំ​ នៅ​ក្នុង​វេទិកា​ជាតិ​លើក​ទីពី​រ​ ​ស្តីពី​ការ​ការពារ​ និង​គ្រប់​គ្រង​ធនធាន​ធម្មជាតិ​ ធ្វើ​ឡើង​នៅ​វិមាន​សន្តិភាព​ក្នុង​រាជធានី​ភ្នំពេញ។​

អង្គភាព​ព័ត៌មាន​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ Freshnews ​បាន​រាយការណ៍​ថា​ ​កាសែត​ The Cambodia Daily​ ​(ឌឹ ខេមបូឌា​ ដេលី)​ ត្រូវ​បាន​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ​ចាត់​ទុកថា​ ជា​មេចោរ​ ​ដែល​គេចវេះ​មិន​បង់​ពន្ធ​។​ ​អ្នកចាត់​ការ​ទូទៅ​របស់​កាសែត​ ​ឌឹ ខេមបូឌា​ ដេលី​ ​បាន​លើក​ឡើង​ថា លោក​ ហ៊ុន សែន​ ទំនង​ជា​កំពុង​រក​លេស​កាត់​ផ្តាច់​ចំណង​កាទូត​អាមេរិក​ និង​កម្ពុជា។​

លោក​នាយក​រដ្ឋ​មន្ត្រី លោក​ ហ៊ុន​ សែន​ ​នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​ព្រមាន​ស្ថាប័ន​ក្រៅ​រដ្ឋាភិបាល​មួយ​ដែល​លោក​អះអាង​ថា ​មិន​បាន​បង់​ព​ន្ធ​ជូន​រដ្ឋ​រយៈពេល​ ១០​ឆ្នាំ​ នៅ​ក្នុង​វេទិកា​ជាតិ​លើក​ទីពី​រ​ ​ស្តីពី​ការ​ការពារ​ និង​គ្រប់​គ្រង​ធនធាន​ធម្មជាតិ​ ធ្វើ​ឡើង​នៅ​វិមាន​សន្តិភាព​ក្នុង​រាជធានី​ភ្នំពេញ។​

ទោះបី​ជា​លោក​ ​ហ៊ុន សែន​ មិន​បាន​និយាយ​ចំ​ឈ្មោះ​ដល់​ស្ថាប័ន​នោះ​ក៏​ដោយ​ អង្គភាព​ព័ត៌មាន​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ Freshnews ​បាន​បញ្ជាក់​ឈ្មោះ​ស្ថាប័ន​នោះ​ចំៗ​ ថា ជា​កាសែត​ The Cambodia Daily​ ​(ឌឹ ខេមបូឌា​ ដេលី)​ ​ដែល​កំពុង​រង​គំនាប​ពីស្ថាប័នពន្ធដារ​ ទាក់​ទិន​លុយ​ពន្ធចំនួន ៦.១​លាន​ដុល្លារ​អាមេរិក។​

ថ្លែង​ទៅកាន់​ក្រុម​មន្ត្រី​រដ្ឋាភិបាល​ ​អង្គការ​សង្គម​ស៊ីវិល​ និង​តំណាង​អង្គទូតៗនានា​នៅក្នុងប្រទេស​កម្ពុជា​ លោក​ ហ៊ុន សែន​ បាន​លើកឡើង​ថា៖​

«មាន​ពេល​ខ្លះ​ វា​ហួសហេតុ​ពេក​ អា​មេចោរ​ អត់​បង់​ពន្ធ​ឲ្យ​រដ្ឋ​ ១០​ឆ្នាំ។​ អានេះ​ ១​០​ឆ្នាំ​ ​គេ​គិត​តែ​អាច្បាប់​ពន្ធ​ទេ​ណ៎ា​ តែ​អានេះ​តាំង​ពី​កើត​ចេញ​ជា​រូបរាង​មក​ មិន​ដែល​បង់​ពន្ធ​ឲ្យ​រដ្ឋ​ទេ​ សុំទោស។​ អាឡូវ​កំពុង​បង្វែរ​ទៅជា​ផ្លូវ​នយោបាយ​ហើយ​ ខ្លួន​ឯង​ជា​មេចោរ​ ហើយ​មក​បង្រៀន​គេ។​ បង់​ពន្ធ​ឲ្យ​រដ្ឋ​មក​បើ​ចង់នៅ​តទៅ​ទៀត​ បង់ពន្ធ​ឲ្យ​រដ្ឋ​។ បើមិន​បង់​ពន្ធ​ឲ្យ​រដ្ឋ​ទេ​ វេច​បង្វិច​ចាក​ចេញ​ទៅ​ អាហ្នឹង​និយាយ​គ្នា​ ឲ្យ​ច្បាស់​ៗ​ ហើយ​គ្មាន​រឿង​នយោបាយ​នៅ​ក្នុង​ហ្នឹង​ទេ»។​

លោក​ ហ៊ុន​ សែន​ បាន​ថ្លែង​បញ្ជាក់​បន្ថែម​ថា៖​

«​អាឡូវ​នៅ​ ប្រទេស​អស់លោក​ បើ​សិន​ជាពលរដ្ឋ​ខ្ញុំ​ ​ទៅរក​ស៊ី​នៅ​ហ្នុង​មិន​បង់ពន្ធ​ តើ​អស់​លោក​ ធ្វើ​ម៉េច​?​ អាឡូវ​ពលរដ្ឋ​របស់​បរទេស​ មក​ធ្វើការ​នៅ​ស្រុក​ខ្មែរ​ មិន​ព្រម​បង់​ពន្ធ​ឲ្យ​ខ្មែរ​ តើខ្មែរ​ធ្វើ​ម៉េច?​ ដល់​ទៅខ្មែរ​ធ្វើ​ ថាអាហ្នឹង​រឿង​នយោបាយ​ នែ៎វាឆ្កួត​អស់​ទៅ​អញ្ចឹង​ទៅនែ៎។​ ពិភព​លោកវា​អត់មាន​យុត្តិធម៌​ វានៅ​កន្លែងហ្នឹង​ ។នែ៎​ ​អាគេ​ ធ្វើ​បាប​យើង​ ធ្វើបាប​តាម​ចិត្ត​ អាយើង​គ្រាន់​តែ​សុំ​អនុវត្តន៍​ផ្លូវ​ច្បាប់​ គេថា​យើង​នយោបាយ»។

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមក្នុងការប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមក្នុងការប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

កាលពីថ្ងៃ​អាទិត្យ​កន្លង​ទៅ​ អ្នកស្រី​ Deborah Krisher-Steele​ ម្ចាស់​កាសែត​ ឌឹ ខេមបូឌា ដេលី​ បាន​ប្រាប់​ VOA ​តាមសារ​អេឡិចត្រូនិក​ ឬ​ Email ​ថា​ អគ្គនាយក​ដ្ឋាន​ពន្ធដារ​ មិន​បាន​ធ្វើ​កិច្ច​ការ​ត្រឹមត្រូវ​ នៅ​ក្នុង​ការ​ធ្វើ​សវនកម្ម​ ​ហើយ​ថែម​ទាំង​បាន​ធ្វើ​ឲ្យ​បែកធ្លាយ​ចំនួន​លុយ​ពន្ធ​ ដែល​ជា​ទង្វើ​ល្មើស​នឹង​ច្បាប់​សិទ្ធិ​ឯកជន​។​ ម្ចាស់​កាសែត​ដែល​ចេញ​ផ្សាយ​ជាភាសា​អង់គ្លេស​រូប​នេះ​ លើក​ឡើង​ពី​ក្តី​បារម្ភ​ថា​ ចំនួន​ទឹក​ប្រាក់​ពន្ធ​ដ៏​ច្រើន​ចំនួន ៦.១​លានដុល្លារ​ ជា​ចំនួន​មិន​ពិត​ប្រាកដ​ ហើយ​ថា​ អ្វី​ដែល​អគ្គ​នាយក​ដ្ឋាន​កំពុង​ធ្វើ​មក​លើ​ កាសែត​ ​ឌឹ​ ខេមបូឌា​ ដេលី​ គឺ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ហេតុផល​នយោបាយ​ និង​មាន​បំណង​បិទ​កាសែត​នេះ​តែ​ម្តង។

អ្នកស្រី​ Deborah Krisher-Steele​ មិន​ទាន់​ឆ្លើយ​តប​នឹង​សំណួរ​របស់​ VOA ​តាមសារ​អេឡិចត្រូនិក​ ឬ Email ​ម​កដល់​ល្ងាច​ថ្ងៃ​អង្គារ​នេះ​។ ​ក៏ប៉ុន្តែ​ លោក​ Douglas Steele ​អ្នកគ្រប់​គ្រង​ទូទៅ​របស់​កាសែត​ ឌឹ ខេមបូឌា​ ដេលី​ បាន​បញ្ជាក់​ថា​ ប្រវត្តិសាស្ត្រ​កំពុង​ជាន់​ដាន​ចាស់​ ​ទោះ​បី​វា​មិន​ទាន់​បាន​កើត​ឡើង​
ម្តង​ទៀត​ក៏​ដោយ។​

​លោក​ Douglas Steele ​បាន​ពណ៌នា​ អំពី​ការ​កាត់​ផ្តាច់​ចំណង​ការ​ទូត​អាមេរិក​ និង​កម្ពុជា​ថា​ កាល​ពី​៥២​ឆ្នាំ​មុន​ ​មេដឹកនាំ​ប្រទេស​កម្ពុជា​ ចង់​បាន​នូវ​ហេតុផល​មួយ​ ​ដើម្បី​កាត់​ផ្តាច់​ទំនាក់​ទំនង​ការទូត​ជា​មួយ​សហរដ្ឋ​អាមេរិក​ ​ហើយ​គាត់​បាន​ប្រើ​អត្ថបទ​មួយ​ដែល​សរសេរ​ដោយ​អ្នកកាសែត​ជនជាតិ​អាមេរិកាំង​មួយ​រូប​មកធ្វើ​ជា​លេស។​ អ្នក​កាសែត​នោះ​ គឺ​លោក​ Bernie Krisher​ ដែល​ជា​ចាហ្វាងកាសែត​ និង​ជា​ឪពុក​ក្មេក​របស់​ខ្ញុំ។​ សេចក្តី​អាក់​អន់​ចិត្ត​បន្តិចបន្តួច​ នាំ​ឲ្យ​មាន​ការ​ជាប់​ពាក់​ព័ន្ធ​ដល់​ការ​ធ្វើ​កុប្បកម្ម​ ដែល​បាន​ធ្វើឡើង​នៅ​មុខ​ស្ថានទូត​សហរដ្ឋ​អាមេរិក ការ​គំរាមកំហែង​សម្លាប់​ ដុំ​ថ្ម និង​ដបទឹកថ្នាំត្រូវបានគេគប់​តាមបង្អួច។

លោក​ Douglas​ ​បាន​រំឭក​បន្ត​ថា​ គ្រានោះ​គឺជា ការ​ចាប់ផ្តើម​ទំនាក់​ទនង​ដ៏​យូរអង្វែង​ ដែលទំនង​ជា​មិន​អាច​ទៅ​រួច​រវាង​ លោក​ Bernie ​និង​ព្រះបាទ​សម្តេចនរោត្តម​ សីហនុ​។​ ទំនាក់ទំនង​នោះ​ បានឈានទៅ​ដល់​កិច្ច​សហប្រតិបតិ្តការ​នៃការ​សរសេរ​កំណត់​ប្រវត្តិ​ពីរច្បាប់​របស់​ព្រះបាទ​សម្តេច​នរោត្តម​ សីហនុ។​ វាក៏ជា​សកម្មភាព​ចាប់​ផ្តើមកាសែត​ The Cambodia Daily​ ​ជាអង្គការ​ក្រៅ​រដ្ឋាភិបាល​របស់​ពួក​យើង​ ដែល​រហូត​មក​ដល់​ពេល​នេះ​ ​បាន​កសាង​អគារ​សាលា​រៀន​ចំនួន​ ​៥៦១​អគារ​នៅ​ប្រទេស​កម្ពុជា​ និង​មន្ទីរ​ពេទ្យ​ព្រះ​សីហនុ។​

លោក​ ​Douglas Steele​ ​ដែល​ជា​ស្វាមី​ អ្នក​ស្រី​ Deborah ​បាន​ប្រាប់​ VOA ​តាម​សារ​អេឡិច​ត្រូនិក​ ​ឬ​ Email​ ​ក្នុង​ន័យ​ដើម​ថា៖​

«ប្រវត្តិសាស្ត្រ​មិន​ទាន់​កើតឡើង​វិញច្រំ​ដែល​នោះ​ទេ​ ប៉ុន្តែ​វា​កំពុង​តែ​ជាន់​ដាន​ចាស់។​ ប្រសិន​បើ​នាយក​រដ្ឋ​មន្ត្រី​ត្រូវគេធ្វើ​ឲ្យគាត់​ខឹងខ្លាំង​ គាត់​កំពុង​តែ​ធ្វើការ​អះអាង​ដូចនឹង​អ្វី​ដែល​ព្រះបាទ​សម្តេច​សីហនុ​ បាន​ធ្វើនៅ​ឆ្នាំ​១៩៦៥។ ប្រសិនបើ​នាយករដ្ឋមន្ត្រី​កំពុង​ប្រើ​រឿង​នេះ​ ជា​លេស​សម្រាប់​ការ​សម្រេច​ចិត្ត​ខាង​នយោបាយ​ ដើម្បី​បិទចោល​សារព័ត៌មានសេរី នៅ​មុន​ការ​បោះឆ្នោត​ឆ្នាំខាង​មុខ​នេះ​ តើ​នេះ​វា​ជា​រឿង​គួរ​ឲ្យ​តក់ស្លុត​ទេ​ ដែល​អ្នក​នយោបាយ​ម្នាក់​ នឹង​ធ្វើ​នយោបាយ​បែប​នេះ?​»​ ។

លោក​ Douglas Steele​ ​បាន​បញ្ជាក់​បន្ថែមថា៖​

«ជាច្រើន​ជំនាន់​មកហើយ​ គ្រួសារ​របស់​ខ្ញុំបាន​ជួយប្រទេស​កម្ពុជា​ កសាង​សាលា​បឋម​សិក្សា​ មន្ទីរ​ពេទ្យ និង​សារព័ត៌មាន​សេរី​មួយ។​ យើងនៅ​មាន​សង្ឃឹម​ថា​ យើង​អាច​បោះជំហាន​ឲ្យ​លឿនជាងនេះ​បន្តិច​ តាម​រយៈល្ខោន​នយោបាយ​នាពេល​បច្ចុប្បន្ន​ និង​រួមគ្នា​ដោះស្រាយ​បញ្ហា​នានា​សម្រាប់​អ្នក​ជំនាន់​ក្រោយ​របស់​ប្រទេស​កម្ពុជា​ ទាក់​ទិន​កង្វះ​សាលាមធ្យមសិក្សា​ ប្រព័ន្ធ​ថែទាំបីបាច់​ចិញ្ចឹម​ក្មេងៗដែល​មិន​ទាន់​កើតមាន​ និង​ការ​រក្សាទុក​សារព័ត៌មាន​សេរី។​ អូ!​ លោក​នាយករដ្ឋមន្ត្រី​ នៅ​ពេល​លោក​ត្រៀម​រួចរាល់​សម្រាប់​ការ​សរសេរ​កំណត់​ប្រវត្តិ​របស់​លោក​ សូម​ហៅខ្ញុំ​»។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ នៅថ្ងៃ​អង្គារ​នេះ​ ក៏​បាន​ថ្លែង​រិះគន់​ ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ ដូណាល់ ត្រាំ​ ​(Donald Trump)​ ​ដែល​មាន​ចិត្ត​ចង្អៀតចង្អល់​ ដោយ​ប្រធានាធិបតី​មក​ពី​គណ​បក្ស​សាធារណ​រដ្ឋ​រូប​នេះ​បាន​ ​លុប​ចោល​គោល​នយោបាយ​របស់​លោក​ប្រធានាធិបតី​បារ៉ាក់​ អូបាម៉ា​ (Barack Obama) ​ពាក់​ព័ន្ធ​និង​បញ្ហា​សុខា​ភិបាល​ និង​សេដ្ឋកិច្ច​ជា​ដើម​។

ដោយឡែក​ ក្លឹប​សារព័ត៌មាន​អន្តរជាតិ​នៃប្រទេស​កម្ពុជា​ នៅ​ល្ងាច​ថ្ងៃអង្គារនេះ​ បានចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ ពិនិត្យ​លើ​ការ​បង់​ពន្ធ​របស់​កាសែត​ ឌឹ ខេមបូឌា​ ដេលី​ ប្រកប​ដោយ​តម្លាភាព​ និង​ត្រឹមត្រូវ​ ទៅតាមផ្លូវច្បាប់។​ ក្លឹប​សារព័ត៌មាន​អន្តរជាតិ​នៃប្រទេស​កម្ពុជា​លើក​ឡើង​ថា​ ចំនួន​លុយ​ ជាង​ ៦លានដុល្លារ​ ដែល​ផ្សព្វផ្សាយ​ដោយ​នាយកដ្ឋាន​ពន្ធដារ​ នឹង​បង្ខំ​ឲ្យ​កាសែត​ឌឹ ខេមបូឌា​ ដេលី​បិទ ប្រសិន​បើ​កាសែតនេះ​មិន​បង់​ពន្ធ​នៅថ្ងៃ​ទី​ ៤​ ខែកញ្ញា៕

XS
SM
MD
LG