លោក Josh Hawley សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកខាងគណបក្សសាធារណរដ្ឋមកពីរដ្ឋ Missouri បាននិយាយកាលពីថ្ងៃពុធម្សិលមិញថា លោកនឹងប្រឆាំងការបញ្ជាក់សំឡេងបោះឆ្នោតនៃអង្គបោះឆ្នោតលើកចុងក្រោយនៅសប្តាហ៍ក្រោយ។
ក៏ប៉ុន្តែវាស្ទើរតែប្រាកដថា នេះជាការខំប្រឹងប្រែងជាចុងក្រោយដ៏ឥតប្រយោជន៍ ដើម្បីបញ្ឈប់ជ័យជម្នះរបស់លោក Joe Biden ប្រធានាធិបតីជាប់ឆ្នោតខាងគណបក្សប្រជាធិបតេយ្យ លើលោកប្រធានាធិបតី Donald Trump នៅក្នុងការបោះឆ្នោតកាលពីខែមុន។
ការប្រឈមតតាំងរបស់លោក Hawley រួមជាមួយការតវ៉ាប្រឆាំងខាងគណបក្សសាធារណរដ្ឋក្នុងរដ្ឋសភាដែលដឹកនាំដោយសមាជិកសភា Mo Brooks នៃរដ្ឋ Alabama នឹងធានាថា ការប្រជុំនៅក្នុងសភាទាំង២ ថ្នាក់ នៅថ្ងៃទី៦ ខែមករាខាងមុខ នឹងជជែកដេញដោលអំពីភាពត្រឹមត្រូវតាមច្បាប់នៃជ័យជម្នះរបស់លោក Biden ដោយទទួលបានសំឡេងអង្គបោះឆ្នោតចំនួន ៣០៦ ទល់នឹង ២៣២។ ចំនួនអង្គបោះឆ្នោតនេះអាចឲ្យលោក Biden ក្លាយជាប្រធានាធិបតីទី ៤៦ នៅក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២០ ខែមករា។
លោកស្រី Jen Psaki អ្នកនាំពាក្យថ្មីរបស់លោក Biden បានប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃពុធម្សិលមិញថា ថ្វីបើមាន «ការបំផ្លិចបំផ្លាញ» ណាមួយក៏ដោយ លោក Biden នឹងត្រូវស្បថចូលកាន់តំណែងទៅតាមការគ្រោងទុក នៅខែក្រោយ។
នៅក្នុងទម្រង់នៃលទ្ធិប្រជាធិបតេយ្យដោយប្រយោលរបស់សហរដ្ឋអាមេរិក លទ្ធផលនៃការបោះឆ្នោតសម្រេចដោយអង្គបោះឆ្នោតតាមរដ្ឋដែលងាករេសំខាន់ៗនោះ កំណត់ថា បេក្ខជនណាឈ្នះកាន់តំណែងប្រធានាធិបតី។ សំឡេងសន្លឹកឆ្នោតសរុបទូទាំងប្រទេស មិនកំណត់លទ្ធផលចុងក្រោយទេបើទោះជាលោក Biden បានទទួលសន្លឹកឆ្នោតដល់ ៧ លានសន្លឹក ដែលច្រើនជាងលោក Trump ក្តី។
ការតវ៉ាប្រឆាំងរបស់លោក Hawley និងលោក Brooks ទំនងបង្ខំឲ្យរដ្ឋសភានិងព្រឹទ្ធសភា ជជែកដេញដោលរហូតដល់ ២ ម៉ោង ថាតើត្រូវច្រានចោលលទ្ធផលបោះឆ្នោតនៃចំនួនសរុបសន្លឹកឆ្នោតដែលត្រូវបានបញ្ជាក់ដោយរដ្ឋនីមួយៗ នៅក្នុងរដ្ឋជាច្រើនដែលលោក Biden បានឈ្នះប្រផិតប្រផើយឬយ៉ាងណា និងថាតើត្រូវច្រានចោលជ័យជម្នះរបស់លោកដែលឈ្នះអង្គបោះឆ្នោតទាំងអស់នៅក្នុងរដ្ឋទាំងនោះដែរឬទេ។
ក៏ប៉ុន្តែ សមាជិកគណបក្សប្រជាធិបតេយ្យនឹងរក្សាការត្រួតត្រារដ្ឋសភា បន្ទាប់ពីសមាជិកសភាថ្មីត្រូវស្បថចូលកាន់តំណែងនៅថ្ងៃអាទិត្យ ហើយប្រាកដជាសម្រេចការជជែកដេញដោលទាំងឡាយដោយផ្តល់ការគាំទ្រដល់លោក Biden៕