ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អ្នក​គាំទ្រ​លោក Trump ធ្វើ​បាតុកម្ម​នៅ​សហរដ្ឋ​អាមេរិក​ដើម្បី​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត


ក្រុមអ្នក​គាំទ្រ​លោក​ប្រធានាធិបតី​ Donald Trump រាប់​ពាន់​នាក់​តវ៉ា​ប្រឆាំង​នឹង​លទ្ធផល​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​មុខ​តុលាការ​កំពូល រដ្ឋធានី​វ៉ាស៊ីនតោន​ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០។
ក្រុមអ្នក​គាំទ្រ​លោក​ប្រធានាធិបតី​ Donald Trump រាប់​ពាន់​នាក់​តវ៉ា​ប្រឆាំង​នឹង​លទ្ធផល​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​មុខ​តុលាការ​កំពូល រដ្ឋធានី​វ៉ាស៊ីនតោន​ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០។

ការ​ប៉ះទង្គិច​គ្នា​តាម​ដង​ផ្លូវ​នៅ​តាម​កន្លែង​មួយ​ចំនួន​បាន​កើតឡើង​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន រវាង​ក្រុម​គាំទ្រ និង​ក្រុម​ប្រឆាំង​នឹង​កិច្ច​ប្រឹងប្រែង​ដែល​បរាជ័យ​របស់​លោក​ប្រធានាធិបតី Donald Trump នៅ​ក្នុង​ការ​កែប្រែ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី ដែល​លោក​បាន​ចាញ់​លោក Joe Biden ដែល​ជា​គូប្រជែង​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ។

មនុស្ស​ចំនួន ៤ នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដោយសារ​ត្រូវ​បាន​គេ​ចាក់​ឲ្យ​រងរបួស ហើយ​មនុស្ស​ចំនួន ២៣ នាក់​ត្រូវ​បាន​ចាប់​ខ្លួន។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ស្នងការ​ប៉ូលិស​ក្រុង។

កាល​ពី​ព្រឹក​ថ្ងៃ​ដដែល​នោះ ក្រុម​អ្នក​គាំទ្រ​ខ្លាំងក្លា​ចំពោះ​លោក​ប្រធានាធិបតី Trump រាប់​ពាន់​នាក់​បាន​ប្រមូល​ផ្ដុំ​គ្នា ដើរ​ដង្ហែ​ក្បួន និង​ស្រែក​បន្ទរ​ឲ្យ​លោក​ប្រធានាធិបតី​បន្ដ​កាន់​តំណែង​ត​ទៅ​ទៀត។ បាតុកម្ម​ដូច​គ្នា​នេះ​ដែរ​បាន​កើតឡើង​នៅ​ក្នុង​រដ្ឋ​មួយ​ចំនួន​ទៀត ដែល​ក្រុម​អ្នក​ច្បាប់​របស់​លោក​ Trump បាន​បរាជ័យ​ក្នុង​ការ​ប្ដឹង​ជំទាស់​នឹង​ជ័យជម្នះ​របស់​លោក Biden។

បាតុកម្ម​នេះ​បាន​កើតឡើង​ក្នុង​រយៈពេល​ពីរ​ថ្ងៃ មុន​ពេល​អង្គ​បោះឆ្នោត​សហរដ្ឋអាមេរិក​ជួប​ប្រជុំ​គ្នា​ដើម្បី​ជ្រើសរើស​លោក Biden ជា​ផ្លូវការ​ជា​ប្រធានាធិបតី​ទី ៤៦ របស់​សហរដ្ឋ​អាមេរិក។

ថ្វីត្បិតតែ​ការ​តវ៉ា​នេះ​ត្រូវ​បាន​ជំរុញ​លើក​ទឹកចិត្ត​អស់​រយៈពេល​រាប់​សប្ដាហ៍​មក​ហើយ​ក៏​ដោយ ក៏​លោក​ប្រធានាធិបតី Trump បាន​បង្ហោះ​សារ​បែប​ភ្ញាក់ផ្អើល​លើ Twitter ថា៖ «មនុស្ស​រាប់​ពាន់​នាក់​ជួបជុំ​គ្នា​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ដើម្បី​បញ្ឈប់​ការ​លួច​បន្លំ​ការ​បោះឆ្នោត។ [ខ្ញុំ]​មិន​ដឹង​ពី​រឿង​នេះ​សោះ ប៉ុន្តែ​ខ្ញុំ​នឹង​ជួប​ពួកគេ! #MAGA»។

តុលាការ​កំពូល​សហរដ្ឋអាមេរិក​បាន​ច្រានចោល​ពាក្យ​បណ្ដឹង​មួយ​របស់​ក្រុម​របស់​លោក Trump នៅ​ក្នុង​រដ្ឋ Texas កាល​ពី​ថ្ងៃ​សុក្រ ដែល​ចង់​ធ្វើ​មោឃភាពលទ្ធផល​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ដែល​បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី៣ ខែវិច្ឆិកា​កន្លង​ទៅ​នេះ នៅ​ក្នុង​រដ្ឋ​ដែល​មាន​ការ​ប្រជែង​ខ្លាំង​ចំនួន ៤។

អតីត​ទីប្រឹក្សា​ជាតិ​សហរដ្ឋអាមេរិក​លោក Michael Flynn ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​គាំទ្រ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump ក្នុង​ពេល​ធ្វើ​ការ​តវ៉ា​នឹង​លទ្ធផល​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី នៅ​ខាង​មុខ​តុលាការ​កំពូល​ រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០។
អតីត​ទីប្រឹក្សា​ជាតិ​សហរដ្ឋអាមេរិក​លោក Michael Flynn ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​គាំទ្រ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump ក្នុង​ពេល​ធ្វើ​ការ​តវ៉ា​នឹង​លទ្ធផល​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី នៅ​ខាង​មុខ​តុលាការ​កំពូល​ រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០។

សេចក្ដីសម្រេច​របស់​តុលាការ​កំពូល​នេះ​បាន​បញ្ចប់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​លោក Trump នៅ​ក្នុង​ការ​កែប្រែ​លទ្ធផល​នៃ​ការ​បោះឆ្នោត​តាមរយៈ​តុលាការ។ សាលក្រម​របស់​តុលាការ​សហព័ន្ធ និង​តុលាការ​ថ្នាក់​រដ្ឋ​ជាង ៥០ បាន​សម្រេច​តម្កល់​ជ័យជម្នះ​របស់​លោក Biden លើ​លោក Trump។

ការ​តវ៉ា​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ដែល​មាន​ឈ្មោះ​ថា «បញ្ឈប់​ការ​លួច​បន្លំ​សន្លឹកឆ្នោត» ត្រូវ​បាន​ដឹកនាំ​ដោយ​លោក Michael Flynn ដែល​ជា​អតីត​ទីប្រឹក្សា​សន្ដិសុខ​ជាតិ​របស់​លោក Trump ដែល​ត្រូវ​បាន​លោក Trump ផ្ដល់​ការ​លើកលែង​ទោស​ឲ្យ​កាល​ពី​ពេល​ថ្មីៗ​នេះ បន្ទាប់ពី​លោក Flynn បាន​សារភាព​ទទួល​កំហុស​ចំនួន​ពីរ​ដង​ថា​បាន​និយាយ​កុហក​ប៉ូលិស​ស៊ើបអង្កេត​សហព័ន្ធ (FBI)។

ក្រុម​អ្នក​រៀបចំ​បាតុកម្ម និង​ក្រុម​ព្រះវិហារ​សាសនា​គ្រិស្ត​នានា បាន​អំពាវនាវ​ឲ្យ​ក្រុម​អ្នក​គាំទ្រ​បង្ហាញ​ខ្លួន​នៅ​ក្នុង​ការ​តវ៉ា​ដែល​ពួកគេ​ហៅ​ថា «Jerico Marches» និង​ការ​តវ៉ា​បែប​បន់ស្រន់។

លោក Flynn បាន​ថ្លែង​ទៅ​កាន់​ក្រុម​បាតុករ​នៅ​មុខ​តុលាការ​កំពូល​ថា៖ «មិនថា​សាលដីកា​តុលាការ​កាល​ពី​ថ្ងៃ​ម្សិលមិញ​យ៉ាង​ដូចម្ដេច​នោះ​ទេ...សូម​អ្នក​រាល់គ្នា​ដក​ដង្ហើម​ឲ្យ​បាន​វែង»។ ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​រាយការណ៍​ថា លោក Flynn ​បាន​ថ្លែងថា៖ «យោបល់​របស់​ខ្ញុំ​ទៅ​កាន់​លោកអ្នក​គឺ​ថា ត្រូវ​ត្រឡប់​ទៅ​កន្លែងដើម​របស់​លោក​អ្នក​វិញ» ហើយ​ធ្វើការ​ទាមទារ។ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ឲ្យ​បាន​លម្អិត​នោះ​ទេ។

បាតុករ​តិច​តួច​ណាស់​ដែល​បាន​គោរព​តាម​ការ​ណែនាំ​ឲ្យ​ពាក់​ម៉ាស់​ការពារ ខណៈ​ដែល​ពួកគេ​នាំ​គ្នា​ដើរ​តវ៉ា​នៅ​តាម​ដង​ផ្លូវ​ក្នុង​រដ្ឋធានី ដែល​ប៉ូលិស​បាន​បិទ​ចរាចរណ៍​សម្រាប់​ឲ្យ​ពួកគេ​តវ៉ា។

ក្រុម​អ្នក​ប្រកាន់​ទស្សនៈ​ស្ដាំ​និយម​ជ្រុល​រាប់​រយ​នាក់​ដែល​មាន​ឈ្មោះ​ថា Proud Boys បាន​ចូលរួម​ការ​តវ៉ា​នោះ​នៅ​ក្បែរ​សណ្ឋាគារ Trump Hotel។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Retuers។ ក្រោយ​មក ក្រុម​នេះ​បាន​ជេរប្រមាថ​ទៅវិញ​ទៅ​មក​ជាមួយ​ក្រុម​បាតុករ​ដែល​មាន​ឈ្មោះ​ថា «ជីវិត​ពលរដ្ឋ​ស្បែក​ខ្មៅ​មាន​តម្លៃ» (Black Lives Matter) ដែល​មាន​ចំនួន​ប្រហាក់ប្រហែល​គ្នា​នេះ នៅ​ក្បែរ​សេតវិមាន ដោយ​ប៉ូលិស​បាន​រក្សា​ឲ្យ​ក្រុម​ទាំង​ពីរ​ស្ថិត​នៅ​ឆ្ងាយ​ពី​គ្នា។

នៅ​ក្នុង​បទ​បញ្ជា​ខ្លី​មួយ​ដែល​មិន​មាន​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​សុក្រ តុលាការ​កំពូល​បាន​ឲ្យ​ដឹង​ថា រដ្ឋ Texas មិន​មាន​ជំហរ​ដើម្បី​ប្ដឹង​រដ្ឋ Georgia រដ្ឋ Michigan រដ្ឋ Pennsylvania និង​រដ្ឋ Wisconsin ទេ ដោយ​បន្ថែម​ថា រដ្ឋ​នេះ «មិន​បាន​បង្ហាញ​នូវ​អំណះអំណាង​ដែល​អាច​យក​ទៅ​ជំនុំ​ជម្រះ​តាម​ផ្លូវ​ច្បាប់​បាន​នៅ​ក្នុង​បែបបទ​ដែល​រដ្ឋ​មួយ​ផ្សេង​ទៀត​រៀបចំ​ការ​បោះឆ្នោត​របស់​ខ្លួន​នោះ​ឡើយ»។

ពាក្យ​បណ្ដឹង​នេះ​ត្រូវ​បាន​ដាក់​ប្ដឹង​កាល​ពី​ថ្ងៃ​ច័ន្ទ ដោយ​លោក Ken Paxton ដែល​ជា​សម្ព័ន្ធមិត្ត​របស់​លោក Trump និង​ជា​អគ្គរដ្ឋអាជ្ញា​ប្រចាំ​រដ្ឋ Texas ដែល​មក​ពី​គណបក្ស​សាធារណរដ្ឋ។ ពាក្យ​បណ្ដឹង​នេះ​ត្រូវ​បាន​គាំទ្រ​ដោយ​អគ្គរដ្ឋអាជ្ញា​នៃ​រដ្ឋ​មួយ​ចំនួន​ទៀត​ដែល​មក​ពី​គណបក្ស​សាធារណរដ្ឋ និង​សមាជិក​រដ្ឋសភា​ខាង​គណបក្ស​សាធារណរដ្ឋ​ចំនួន ១២៦ នាក់។

ពាក្យ​បណ្ដឹង​នេះ​បាន​ស្នើ​ឲ្យ​តុលាការ​កំពូល​ពន្យារពេល​ការ​បោះឆ្នោត​របស់​អង្គ​បោះឆ្នោត និង​រារាំង​កុំ​ឲ្យ​អង្គ​បោះឆ្នោត​នៃ​រដ្ឋ​ដែល​មាន​ការ​ប្រជែង​ខ្លាំង​ទាំង ៤ ខាង​លើ ធ្វើការ​បោះឆ្នោត​នៅ​ក្នុង​ការ​ជួប​ប្រជុំ​របស់​អង្គ​បោះឆ្នោត​នៅ​ថ្ងៃ​ច័ន្ទ​ស្អែក​នេះ។

លោក Biden ឈ្នះ​បាន​អង្គ​បោះឆ្នោត​ចំនួន ៣០៦ ដែល​ច្រើន​ជាង​ចំនួន​អង្គ​បោះឆ្នោត​ដែល​លោក​ត្រូវការ​រហូត​ដល់​ទៅ ៣៦ ដើម្បី​បាន​ក្លាយជា​ប្រធានាធិបតី។ ចំណែក​ឯ​លោក Trump វិញ ឈ្នះ​បាន​ អង្គ​បោះឆ្នោត​ចំនួន ២៣២។ ដោយ​គ្មាន​ការ​ពន្យារពេល​ពី​តុលាការ គេ​រំពឹង​ថា អង្គ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នឹង​សម្រេច​ចុងក្រោយ​លើ​ជ័យជម្នះ​របស់​លោក Biden នៅ​ថ្ងៃ​ច័ន្ទ​ស្អែក​នេះ៕

XS
SM
MD
LG