លោកប្រធានាធិបតិអាហ្វ្រិកខាងត្បូង Jacob Zuma បន្តការចរចានៅថ្ងៃទី២កាលពីថ្ងៃពុធម្សិលមិញ ជាមួយនឹងអនុប្រធានាធិបតីរបស់លោក គឺលោក Cyril Ramaphosa នៅខណៈមានពាក្យចចាមអារាមថាលោក Zuma នឹងលាលែងពីតំណែង។
លោក Ramaphosa ដែលបានឡើងធ្វើជាមេដឹកនាំក្នុងគណបក្សសមាជជាតិអាហ្វ្រិកហៅកាត់ថា ANC ដែលជាគណបក្សកាន់អំណាចជំនួសលោក Zuma កាលពីខែធ្នូ បានថ្លែងថា មេដឹកនាំទាំងពីរសង្ឃឹមថានឹងបញ្ចប់ការចរចារបស់ខ្លួន និងចេញជាសេចក្តីថ្លែងការណ៍នៅទូទាំងប្រទេសនៅប៉ុន្មានថ្ងៃខាងមុខនេះ។
លោក Ramaphosa បានថ្លែងយ៉ាងដូច្នេះថា «នេះជាពេលវេលាដ៏លំបាកមួយនៅក្នុងប្រទេស។ ទាំងខ្ញុំនិងលោកប្រធានាធិបតី Zuma បានដឹងថាពលរដ្ឋរបស់យើងចង់បាន
ដំណោះស្រាយសមរម្យមួយ។ យើងកំពុងចរចាផ្តល់ជាដំណោះស្រាយ ដ៏ល្អបំផុតមួយ ដោយគ្មានជម្លោះ និងការបែកបាក់គ្នា»។
លោកប្រធានាធិបតី Zuma មានវ័យ៧៥ឆ្នាំរូបនេះ បានព្យាយាមមិនព្រមធ្វើតាមសំណើរបស់ក្រុមថ្នាក់ដឹកនាំរបស់គណបក្សឲ្យលោកលាលែងចេញពីតំណែងជាប្រធានាធិបតី ដែលក្នុងរយៈពេល៩ឆ្នាំមកនេះ មានការធ្លាក់ចុះសេដ្ឋកិច្ច និងមានការចោទប្រកាន់លោកជាច្រើនពាក់ព័ន្ធនឹងអំពើពុករលួយ។ ការចរចានេះបានចាប់ផ្តើមបន្ទាប់ពីគណបក្ស ANCពន្យារពេលការប្រជុំបន្ទាន់ របស់គណៈកម្មាធិការប្រតិបត្តិជាតិ ពីថ្ងៃពុធទៅថ្ងៃទី១៧ខែកុម្ភៈជំនួសវិញ។ គណៈកម្មាធិការនេះមានសិទ្ធិបញ្ជាឲ្យលោក Zuma លាលែងចេញពីតំណែងបាន។ ការពន្យារពេលនេះក៏បង្កើនពាក្យចចាមអារាមថាលោក Zuma នឹងលាលែងចេញពីតំណែងឆាប់ៗនេះ៕