លោកប្រធានាធិបតី Donald Trump បានប្រើប្រាស់សុន្ទរកថាប្រចាំឆ្នាំស្តីពី«ស្ថានភាពសហព័ន្ធ»នៅសភាជាតិអាមេរិកជាលើកទី២របស់លោក ដើម្បីធ្វើការអំពាវនាវជាចុងក្រោយឲ្យសភាយល់ព្រមផ្តល់ថវិកាសម្រាប់ស្ថាបនាជញ្ជាំងព្រំដែនភាគខាងត្បូង នៅត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណេាះមុនអ្វីដែលលោកបានព្រមានថា អាចជាការបិទរដ្ឋាភិបាលម្តងទៀត។
លោក Trump ត្រូវបានគេរំពឹងថានឹងផ្តោតសុន្ទរកថាដែលមានទស្សនិកជនច្រើននេះ ទៅលើបញ្ហាគ្រេាះថ្នាក់នៅព្រំដែនជាមួយប្រទេសម៉ិកស៊ិក។ ប៉ុន្តែតាមសេចក្តីរាយការណ៍នានាបង្ហាញថា លោកប្រធានាធិបតីនឹងមិនឈានដល់ការប្រកាសអាសន្នជាតិ ដើម្បីអាចទទួលបានថវិកាសង់ជញ្ជាំងព្រំដែនទេ។ ជញ្ជាំងនេះជាការសន្យាចម្បងមួយរបស់លោកក្នុងអំឡុងយុទ្ធនាការបេាះឆ្នោត។
លោក Trump បានថ្លែងថា៖ «យើងមានករណីកិច្ចខាងសីលធម៌ ក្នុងការបង្កើតប្រព័ន្ធអន្តោប្រវេសន៍មួយ ដែលអាចការពារជីវិតនិងការងាររបស់ពលរដ្ឋយើង»
លោកប្រធានាធិបតីបន្តថា៖ «អ្នកនយោបាយនិងផ្តល់អំណោយដែលមានធនធានច្រើនតែងជំរុញឲ្យមានការបើកចំហព្រំដែន ថ្វីបើពួគគេផ្ទាល់រស់នៅពីក្រោយជញ្ជាំង របង និងមានអង្គរក្សការពារ»។
លោក Trump បានថ្លែងសុន្ទរកថាស្តីពីស្ថានភាពប្រទេសជាតិនេះ ជាលើកទី២ ក្នុងបរិបទនយោបាយថ្មីមួយ គឺជាលើកទី១ ហើយដែលមានស្ត្រីជាយ៉ាងច្រើន បានក្លាយជាសមាជិកសភាក្រោយការបេាះឆ្នោតពាក់កណ្តាលអាណត្តិកាលពីចុងឆ្នាំមុន។
ទស្សនាតាមហ្វេសប៊ុក៖
ទស្សនាតាម YouTube៖