រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានងាកមកយកចិត្តទុកដាក់លើការស៊ើបអង្កេតលើករណីជ្រៀតជ្រែករបស់រុស្ស៊ីក្នុងនយោបាយអាមេរិក នៅពេលដែលគណៈកម្មាធិការសភាស្វែងរកព័ត៌មានពីកូនប្រុស និងកូនប្រសាប្រុសរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងពីអ្នកគ្រប់គ្រងខាងយុទ្ធនាការបោះឆ្នោតឆ្នាំ២០១៦ របស់លោក ត្រាំ។
មានការផ្តោតយកចិត្តទុកដាក់យ៉ាងខ្លាំងលើការបង្ហាញខ្លួនរបស់លោក Jared Kushner ដែលជាកូនប្រសារបស់លោកប្រធានាធិបតី នៅវិមានសភាអាមេរិកកាលពីថ្ងៃច័ន្ទ និងថ្ងៃអង្គារនេះ។
លោក Jared Kushner គឺជាបុរសម្នាក់ ដែលជាទូទៅធ្លាប់ត្រូវបានគេឃើញជាសាធារណៈ តែកម្រថ្លែងអ្វីជាសាធារណៈណាស់។ លោកគឺជាទីប្រឹក្សាម្នាក់ដ៏ជិតស្និទ្ធបំផុតរបស់លោកប្រធានាធិបតី ត្រាំ។ លោក Kushner ទទួលការខុសត្រូវលើការសម្រេចកិច្ចព្រមព្រៀងសន្តិភាពមួយនៅមជ្ឈឹមបូព៌ា ហើយដឹកនាំកិច្ចខិតខំប្រឹងប្រែងមួយដើម្បីជំរុញឲ្យមានការរីកចម្រើននៅក្នុងរដ្ឋាភិបាលសហព័ន្ធ។
លោក Kushner ត្រូវបានតម្រូវឲ្យបង្ហាញខ្លួននៅមុខគណៈកម្មាធិការសភាចំនួនពីរ ដែលមិនត្រូវផ្សព្វផ្សាយជាសាធារណៈ។ លោកត្រូវបានរំពឹងថា នឹងឆ្លើយសំណួរអំពីការទាក់ទងជាមួយរុស្ស៊ី ដែលរួមមានកិច្ចប្រជុំកាលពីខែធ្នូឆ្នាំមុន ជាមួយនឹងឯកអគ្គរដ្ឋទូតរុស្ស៊ី និងកិច្ចប្រជុំមួយទៀតកាលពីខែមិថុនាឆ្នាំមុន ជាមួយនឹងមេធាវីជនជាតិរុស្ស៊ីម្នាក់ និងបុគ្គលមួយចំនួនផ្សេងទៀត ដែលមានទំនាក់ទំនងជាមួយនឹងរដ្ឋាភិបាលក្រុងមូស្គូ។
កិច្ចប្រជុំនោះទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំង ក្រោយពេលដែលកូនប្រុសរបស់លោក ត្រាំ គឺលោក Donald Trump Jr បានបង្ហាញខ្លឹមសារអ៊ីម៉ែលមួយចំនួនរបស់លោក ដោយបង្ហាញចំណាប់អារម្មណ៍លើការលើកឡើងរបស់មេធាវីជនជាតិរុស្ស៊ីម្នាក់ ដែលថា មេធាវីរូបនេះអាចផ្តល់ព័ត៌មានដែលអាចប៉ះពាល់ខ្លាំងដល់កេរ្តិ៍ឈ្មោះរបស់លោកស្រី Hillary Clinton ដែលជាដៃគូប្រកួតរបស់លោក ត្រាំ សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកឆ្នាំ២០១៦។
លោក Donald Trump Jr និងលោក Paul Manafort ដែលជាអ្នកគ្រប់គ្រងខាងយុទ្ធនាការបោះឆ្នោតរបស់លោក ត្រាំ ក៏បានចូលរួមក្នុងកិច្ចប្រជុំនោះ ហើយត្រូវបានតម្រូវឲ្យបង្ហាញខ្លួននៅចំពោះមុខគណៈកម្មាធិការយុត្តិធម៌ប្រចាំព្រឹទ្ធសភា នៅសប្តាហ៍នេះ។ ក៏ប៉ុន្តែ ការបង្ហាញខ្លួនរបស់អ្នកទាំងពីរ ត្រូវបានពន្យារពេល ដោយផ្អែកតាមការព្រមព្រៀងគ្នាដែលថា អ្នកទាំងពីរនឹងផ្តល់កំណត់ត្រា និងព័ត៌មានផ្សេងៗឲ្យគណៈកម្មាធិការសភា។
ស្របពេលដែលមានការស្វែងរកព័ត៌មានពាក់ព័ន្ធនឹងការស៊ើបអង្កេតលើរដ្ឋាភិបាលរុស្ស៊ី និងក្រុមការងារផ្ទៃក្នុងរបស់លោក ត្រាំ ការចោទសួរពីក្រុមអ្នកសារព័ត៌មានបានចាប់ផ្តើមផ្តោតលើការលើកលែងទោសពីប្រធានាធិបតី ដែលអាចកើតមានឡើង។ ក្រុមអ្នកការពារច្បាប់របស់លោក ត្រាំ លើកឡើងថា រដ្ឋធម្មនុញ្ញផ្តល់អំណាចដ៏ធំធេងដល់លោក ត្រាំ សម្រាប់ការលើកលែងទោស ក៏ប៉ុន្តែបានទទូចថា លទ្ធភាពនេះមិនត្រូវបានពិចារណានោះទេ។
លោក Jay Sekulow មេធាវីរបស់លោក ត្រាំ បានថ្លែងយ៉ាងដូច្នេះ នៅក្នុងបទសម្ភាសន៍ជាមួយនឹងទូរទស្សន៍ ABC ក្នុងកម្មវិធី This Week ថា៖ «យើងមិនស្រាវជ្រាវលើបញ្ហានេះទេ ពីព្រោះថា បញ្ហាស្តីពីការលើកលែងទោសនេះ មិនត្រូវបានយកមកពិភាក្សានោះទេ។ គ្មានអ្វីដែលត្រូវការការលើកលែងទោសនេះឡើយ»។
ស្របពេលជាមួយគ្នានោះ សេតវិមានបានទទូចថា ការផ្តោតយកចិត្តទុកដាក់ខ្លាំងរបស់ក្រុមអ្នកសារព័ត៌មានជុំវិញទំនាក់ទំនងរវាងរុស្ស៊ី និងក្រុមការងារផ្ទៃក្នុងរបស់លោក ត្រាំ គឺជាការដែលធ្វើឲ្យយល់ខុស។
អ្នកស្រី Sarah Huckabee Sanders អ្នកនាំពាក្យសេតវិមាន បានថ្លែងយ៉ាងដូច្នេះ នៅក្នុងបទសម្ភាសន៍ជាមួយនឹងទូរទស្សន៍ ABC ក្នុងកម្មវិធី This Week ថា៖ «បញ្ហាចម្បងបី ដែលប្រជាពលរដ្ឋអាមេរិកយកចិត្តទុកដាក់នោះ គឺបញ្ហាអន្តោប្រវេសន៍ បញ្ហាការថែទាំសុខភាព និងបញ្ហាការងារ។ ប៉ុន្តែ បញ្ហាបីដែលក្រុមអ្នកសារព័ត៌មានយកចិត្តទុកដាក់នោះ គឺមានតែរុស្ស៊ីមួយមុខគត់»។
សមាជិកសភានៃគណបក្សនយោបាយទាំងពីររបស់សហរដ្ឋអាមេរិក ក៏បានបង្ហាញការយល់ឃើញរបស់ខ្លួនទាក់ទងនឹងបញ្ហារុស្ស៊ីនេះដែរ។ ប្រធានគណៈកម្មាធិការយុត្តិធម៌ប្រចាំព្រឹទ្ធសភា បានជំរុញឲ្យមានការបញ្ចេញព័ត៌មានទាំងស្រុង ដែលចាប់បានដោយទីភ្នាក់ងារស៊ើបការណ៍របស់អាមេរិក អំពីការណ៍ដែលឯកអង្គរដ្ឋទូតរុស្ស៊ី បានរាយការណ៍ឲ្យរដ្ឋាភិបាលក្រុងមូស្គូ អំពីកិច្ចសន្ទនារវាងឯកអង្គរដ្ឋទូតរុស្ស៊ី និងលោក Jeff Sessions ដែលជាអ្នកគាំទ្រយុទ្ធនាការបោះឆ្នោតរបស់លោក ត្រាំ និងបច្ចុប្បន្ននេះជា រដ្ឋមន្ត្រីយុត្តិធម៌អាមេរិក។
ស្របពេលជាមួយគ្នានោះ សមាជិកជាន់ខ្ពស់នៃគណបក្សប្រជាធិបតេយ្យប្រចាំគណៈកម្មាធិការស៊ីបការណ៍សម្ងាត់ប្រចាំព្រឹទ្ធសភា បានតិះទៀនលើការលើកឡើងអំពីការលើកលែងទោសពីប្រធានាធិបតី លើអ្នកទាំងឡាយណាដែលស្ថិតនៅក្រោមការស៊ើបអង្កេតអំពីការជ្រៀតជ្រែករបស់រុស្ស៊ីនៅក្នុងនយោបាយអាមេរិក៕
ប្រែសម្រួលដោយ ទែន សុខស្រីនិត