កាលពីថ្ងៃចន្ទម្សិលមិញ លោក Jared Kushner ដែលត្រូវជាកូនប្រសារបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ត្រូវបានគណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់ព្រឹទ្ធសភាសម្ភាសន៍ ពាក់ព័ន្ធនឹងការចោទប្រកាន់ដែលថា យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកប្រធានាធិបតី ត្រាំ មានទំនាក់ទំនងជាមួយនឹងរដ្ឋាភិបាលរុស្ស៊ី។
លោក Kushner គ្រោងនឹងឆ្លើយសំណួរដែលចោទសួរដោយគណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់ព្រឹទ្ធសភានៅថ្ងៃអង្គារទី ២៥ ខែកក្កដា នេះ។
លោក Jared Kushner ដែលជាឈ្មួញអចលនទ្រព្យ អ្នកវិនិយោគ និងបណ្ណាធិការព័ត៌មាន គឺជាកូនប្រុសរបស់ឈ្មួញអចលនទ្រព្យលោក Charles Kushner និងជាស្វាមីរបស់អ្នកស្រី Ivanka ដែលជាកូនស្រីរបស់លោក ត្រាំ។
លោកគឺជាទីប្រឹក្សាជាន់ខ្ពស់មួយរូបនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រាំ កាលពីឆ្នាំមុន ហើយលោកបានក្លាយជាជំនួយការជិតស្និទ្ធបំផុតមួយរូបរបស់លោក ត្រាំ បន្ទាប់ពីលោក ត្រាំ បានស្បថចូលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក។
លោក ត្រាំ បានតែងតាំងលោក Kushner ដែលជាជនជាតិជ្វីហ្វប្រកាន់ទស្សនៈអភិរក្សនិយម ឲ្យធ្វើជាទីប្រឹក្សាជាន់ខ្ពស់ផ្នែកគោលនយោបាយតំបន់មជ្ឈិមបូព៌ា។
លោក ដូណាល់ ត្រាំ បាននិយាយថា៖ «ខ្ញុំចង់ឲ្យលោក Jared Kushner ជួយយើងលើកិច្ចការទំនាក់ទំនងជាមួយនឹងប្រទេសដទៃទៀត និងមើលថាតើយើងអាចស្វែងរកសន្តិភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា ឬក៏អាចធ្វើរឿងផ្សេងៗទៀត។ លោក Jared Kushner គឺជាបុរសម្នាក់ដែលមានភាពប៉ិនប្រសប់បំផុត»។
លោក ត្រាំ ត្រូវបានគេរិះគន់ ដោយសារតែលោកបានតែងតាំងកូន និងកូនប្រសារបស់លោកឲ្យកាន់តួនាទីធំៗនៅក្នុងសេតវិមាន។
សមាជិកសភាខាងគណបក្សប្រជាធិបតេយ្យក៏បានចោទសួរផងដែរថាតើសហគ្រាសរបស់ក្រុមគ្រួសារលោក ត្រាំ មានបង្កើតទំនាស់ផលប្រយោជន៍ជាមួយនឹងតំណែងនយោបាយរបស់ពួកគេ ឬក៏អត់។ ដំណឹងកាលពីសប្ដាហ៍មុន ដែលថា លោក Kushner ត្រូវកែសម្រួលរបាយការណ៍បង្ហាញពីហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់លោក ដើម្បីបន្ថែមទ្រព្យសម្បត្តិមួយចំនួនដែលលោកមិនបានបញ្ចូលកាលពីលើកមុនក្នុងទឹកប្រាក់យ៉ាងតិច ១០ លាន ៦ សែនដុល្លារអាមេរិក នោះ បានបន្ថែមបញ្ហាបន្ថែមទៀតដល់បញ្ហាទាំងនេះ។
លោកស្រី Maxine Waters សមាជិករដ្ឋសភាមកពីគណបក្សប្រជាធិបតេយ្យ បាននិយាយថា៖ «ពួកយើងភាគច្រើនកំពុងព្យាយាមគ្រប់មធ្យោបាយទាំងអស់ដែលយើងអាចធ្វើបាន ដើម្បីបង្ហាញឲ្យឃើញពីសកម្មភាពឧក្រិដ្ឋកម្ម សកម្មភាពមិនស្របទៅនឹងរដ្ឋធម្មនុញ្ញរបស់លោកប្រធានាធិបតី ត្រាំ និងក្រុមគ្រួសាររបស់លោក។ ខ្ញុំបានហៅពួកគេថាជាក្រុមឧក្រិដ្ឋជន តាំងពីយូរណាស់មកហើយ»។
សភាសហរដ្ឋអាមេរិក និងក្រុមអ្នកច្បាប់ពិសេសមួយក្រុម នាពេលបច្ចុប្បន្ននេះ កំពុងធ្វើការស៊ើបអង្កេតលើការជ្រៀតជ្រែករបស់រុស្ស៊ីនៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីឆ្នាំមុន និងការចោទប្រកាន់ដែលថា ក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រាំ ប្រហែលជាអាចឃុបឃិតជាមួយនឹងរដ្ឋាភិបាលរុស្ស៊ី ដើម្បីទទួលបានជ័យជំនះនៅក្នុងការបោះឆ្នោត។
គណៈកម្មាធិការព្រឹទ្ធសភា និងរដ្ឋសភា ដែលនឹងប្រជុំជាមួយនឹងលោក Kushner នៅក្នុងសប្ដាហ៍នេះ ទំនងជាចោទសួរលោកអំពីកិច្ចសន្ទនាតាមទូរស័ព្ទចំនួនពីរលើក ដែលលោកបានធ្វើឡើងជាមួយនឹងអតីតឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំសហរដ្ឋអាមេរិកលោក Sergey Kislyak។
ក្រុមមេធាវីរបស់លោក Kushner បាននិយាយថា កិច្ចសន្ទនានោះគឺជាកិច្ចសន្ទនាអំពីកិច្ចសហប្រតិបត្តិការដែលអាចមានរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី នៅក្នុងសង្គ្រាមក្នុងប្រទេសស៊ីរី ហើយកិច្ចសន្ទនាទាំងនេះមិនបានរំលោភបំពានច្បាប់ណាមួយនោះទេ។
លោកប្រធានាធិបតី ត្រាំ បានច្រានចោលនូវការស៊ើបអង្កេតទាំងនេះ ដោយលោកថា ការស៊ើបអង្កេតទាំងនេះជាការតាមព្យាបាទលើក្រុមគ្រួសាររបស់លោកផ្អែកលើព័ត៌មានលេចធ្លាយ និងព័ត៌មានមិនពិតនានា៕
ប្រែសម្រួលដោយ ភី សុភាដា